
យោងទៅតាមគេហទំព័រ South China Morning Post បានបង្ហាញថា «មនុស្សប្រុសជនជាតិចិនម្នាក់បានទៅចងការប្រាក់គេច្រើនមែនទែន ដើម្បីរៀបចំពិធីមង្គលការ ចំនួន 510,000 Yuan (8 ម៉ឺន ដុល្លា) តែជីវិតអាពាហ៍ពិពាហ៍របស់គេបែរជាត្រូវ បែកបាក់ ត្រឹមតែកំឡុងពេល 33ថ្ងៃប៉ុណ្ណោះ ទើបខាងប្រុសទាមទារឲ្យខាងស្រីសងលុយថ្លៃរៀបចំពិធីមង្គលការមកវិញ។

បុរសវ័យ 25ឆ្នាំ ដែលមកពីខេត្ត Henan ប្រទេសចិន ដែលគាត់ក្លាយជាទីចាប់អារម្មណ៍មួយក្នុងសង្គមអនឡាញរបស់ចិន ក្រោយពីពេលដែលគាត់បានប្រើមធ្យោបាយមួយដើម្បីទារលុយពីកូនក្រមុំរបស់គាត់ ចំនួន 140,000 Yuan (2ម៉ឺន ដុល្លា) ដែលបានប្រើប្រាស់ដើម្បីរៀបចំពិធីមង្គលការមកវិញ។
ដោយតាមការរាយការបានសរសេរថា បុរសរូបនេះបានស្គាល់កូនក្រមុំ តាមរយៈ មេអណ្ដើក ក្នុងឆ្នាំ 2021 ហើយភ្ជាប់ពាក្យជាមួយគ្នា នៅ3ថ្ងៃបន្ទាប់។
ដោយប្រាក់ដែលយកទៅរៀបចំពិធីមង្គលការដ៏អធិកអធម និង ធំដុំ នេះ បានមកពីខាងប្រុស និង ឪពុកម្ដាយរបស់គេ ដោយខាងប្រុសនិងក្រុមគ្រួសារធ្វើការក្រៅម៉ោងដើម្បីរកប្រាក់ ហើយ លុយមួយចំនួនទៀតគឺបានមកពីការទៅខ្ចីញាតិមិត្តរបស់ពួកគេទៀតផង។

បុរសរូបនោះ ចាប់ផ្តើមវិធានការទារលុយរបស់គេមកវិញ ដោយការបិទផ្លាកលើឡានរបស់គេ នៅចំពីមុខផ្ទះរបស់កូនក្រមុំតែម្ដង ដែលពេលនេះរស់នៅបែកគ្នាហើយ ព្រោះនាងបានរត់មកនៅជាមួយឪពុកម្ដាយនាងវិញ ដែលនៅក្រុងផ្សេង តែខេត្ត Henan ជាមួយគ្នា។
ដោយបុរសរូបនោះបានរៀបរាប់ថា «ពួកគេឈ្លោះប្រកែកគ្នា ក្រោយពេលដែលគេគេងលង់លក់បាត់ ធ្វើឲ្យភរិយាដែលមកពីធ្វើការមិនអាចចូលមកខាងក្នុងផ្ទះបាន ហើយត្រូវនៅចាំនៅខាងក្រៅផ្ទះពេញមួយយប់ មុនពេលដែលកូនក្រមុំ រើចេញពីផ្ទះរបស់គេ ក្រោយពេលដែលពួកគេរៀបការជាមួយគ្នាបានត្រឹមតែមួយខែប៉ុណ្ណោះ »។
បុរសរូបនោះសុំលែងលះ តែត្រូវតុលាការច្រានចោល ក្រោយពេលដែលខាងកូនក្រមុំអះអាងថា ពួកគេរស់នៅជាមួយគ្នាមានសុភមង្គលណាស់ តែខាងកូនកំលោះនៅតែមិនចុះចាញ់ គេក៏ប្ដឹងទៅសាលាឧទ្ធរណ៍ ហើយក៏ត្រូវបានគេទទួលពាក្យហើយ នឹងដោះស្រាយនៅខែក្រោយផងដែរ។

«ថ្លៃឈ្នួលរៀបចំពិធីមង្គលការថ្លៃមែនទែន ដោយពួកគេរៀបចំយ៉ាងធំដុំជាងគេឯងនៅខេត្ត Henan នេះ សរុបទាំងប្រាក់ចាយវាយផ្សេងៗ ទាំងឡាន និងថ្លៃបណ្ណាការដែលខាងស្រី ទាមទារ រួមទាំងការចំនាយសម្រាប់ពិធីភ្ជាប់ពាក្យថែមទៀត»។
ដោយគេបន្ថែមទៀតថា « យើងត្រូវការត្រឹមតែគ្រឿងអលង្ការដែលទិញឲ្យនាងមកវិញ ដែលទិញអស់ទឹកប្រាក់ 4ម៉ឺន Yuan (6ពាន់ដុល្លា) និង លុយសុទ្ធ 1សែន Yuan (15000ដុល្លា)ប៉ុណ្ណោះ»។

ដោយអ្នកលេង Weibo ម្នាក់បានបញ្ចេញយោបល់ថា «គួរតែប្រកាសករណីនេះឲ្យគ្រប់គ្នាបានដឹង នៅ Henan ជាទូទៅ ថ្លៃបណ្ណាការ ច្រើនជាង 1សែន Yuan (15000ដុល្លា) ហើយបែរជាក្លាយជារឿងធម្មតាទៅវិញ ដែលឪពុកម្ដាយ ត្រូវខ្ចីលុយគេឲ្យកូនប្រុសរៀបចំពិធីមង្គលការដូច្នេះ»៕
ប្រភព : Sanook