
បន្ទាប់ពី iPhone 14 រងការរិះគន់ថា មានការអាប់ដេតតិចជាងជំនាន់មុនរបស់វា មានពាក្យចចាមអារ៉ាមជាច្រើនថា iPhone 15 ស៊េរីដ៏ពេញនិយមនាពេលខាងមុខនឹងមានការកែលម្អគួរឱ្យកត់សម្គាល់ជាច្រើន។
បន្ថែមពីលើការផ្លាស់ប្តូររន្ធសាកស្តង់ដារ USB Type-C និងបន្ទះឈីប A16 Bionic ថ្មី ប្រភពមួយបានបង្ហាញថា Apple ក៏នឹងបំពាក់នូវកាមេរ៉ាមេជាមួយនឹងកម្រិតភាពច្បាស់ ៤៨ មេហ្គាភិចសែល សម្រាប់ iPhone 15 series ដែលជាធម្មតាចេញលក់នៅឆ្នាំក្រោយ។
9to5Mac ដែលដកស្រង់សម្តីអ្នកជំនាញ Jeff Pu នៃក្រុមហ៊ុន Haitong Intl Tech Research បានបង្ហាញថា កាមេរ៉ាទំហំ ៤៨ មេហ្គាភិចសែល នឹងក្លាយជាការអាប់ដេតដ៏សំខាន់មួយទៅកាន់ក្រុមកាមេរ៉ាដែលមិនមានការផ្លាស់ប្តូរច្រើនក្នុងប៉ុន្មានឆ្នាំនៅលើ iPhones ។
ទោះបីជាយ៉ាងនេះក្តី អ្នកវិភាគបន្ថែមថា សេនស័រ LiDAR និងកាមេរ៉ា telephoto នឹងនៅតែជាព័ត៌មានលម្អិតផ្តាច់មុខនៃផ្នែក iPhone 15 Pro/Pro Max កម្រិតខ្ពស់។
Apple កំពុងមានបញ្ហាជាមួយនឹងការលក់ iPhone 14 Plus ។ ក្រុមហ៊ុនត្រូវបានគេនិយាយថាកំពុងពិចារណាលើរចនាសម្ព័ន្ធតម្លៃខុសគ្នាសម្រាប់ត្រកូល iPhone 15 ដែលចេញលក់ក្នុងឆ្នាំ ២០២៣។
យោងតាមប្រភពនៃគេហទំព័រនេះ Apple នឹងកែសម្រួលផែនការតម្លៃរបស់ iPhone 15, iPhone 15 Plus ធៀបនឹង iPhone 15 Pro/Pro Max។
ប្រភពបានចែករំលែកថា មានជម្រើសទំនងបំផុតពីរដែលនឹងកើតឡើង។ ជាមួយនឹងជម្រើសដំបូង Apple ត្រូវបានគេរំពឹងថានឹងកែតម្រូវគម្លាតតម្លៃរវាងក្រុម iPhone 15 ធម្មតា និង iPhone 15 Pro ដោយដំឡើងតម្លៃក្រុម Pro/Pro Max ។
ជាមួយនឹងជម្រើសផ្សេងទៀត Apple ពិចារណាកាត់បន្ថយតម្លៃ iPhone 15 Plus ។ វាទំនងជាថាការកែតម្រូវនេះនឹងនាំឱ្យមានការកាត់បន្ថយតម្លៃរបស់ iPhone 15 ស្តង់ដារ លុះត្រាតែក្រុមហ៊ុនចង់នាំយកតម្លៃនៃម៉ូដែលទាំងពីរនេះមកជិតគ្នា៕ ប្រភពពី៖ 9to5Mac