ឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសចិន តស៊ូដើម្បីទប់ទល់នឹង “ព្យុះ” នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិក

នៅទីក្រុងកំពង់ផែ Quanzhou ក្នុងខេត្ត Fujian ភាគអាគ្នេយ៍នៃប្រទេសចិន រោងចក្រមួយកំពុងរស់ឡើងវិញយ៉ាងស្ងប់ស្ងាត់ បន្ទាប់ពីមានភាពចលាចលមួយរយៈដោយសារតែការហ៊ុមព័ទ្ធពីសហរដ្ឋអាមេរិក។

Fujian Jinhua Circuit Company (JHICC) ដែលជាក្រុមហ៊ុនឯកទេសផលិតបន្ទះឈីបអង្គចងចាំ ត្រូវឈប់ធ្វើការបន្ទាប់ពីត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ថាបានលួចលាក់អាថ៌កំបាំងក្នុងពាណិជ្ជកម្មនៅចុងឆ្នាំ ២០១៨។ ទោះជាយ៉ាងណាក៏ដោយ អាជីវកម្មនេះកំពុងត្រលប់មកផលិតកម្មវិញជាបណ្តើរៗក្រោមការឧបត្ថម្ភរបស់ អតិថិជនថ្មី។

កាលពីដើមឆ្នាំនេះ ក្រុមវិស្វករ អ្នកឯកទេសផ្នែកលក់ និងហិរញ្ញវត្ថុត្រូវបានបញ្ជូនដោយអតិថិជនអាថ៌កំបាំងដើម្បីជួយ JHICC ចាប់ផ្តើមផលិតកម្មឡើងវិញ។ ប្រភពបានប្រាប់ Nikkei Asia ថាមនុស្សទាំងនេះបានស្នើឱ្យដៃគូរបស់ពួកគេនៅ JHICC ហៅខ្លួនឯងតាមឈ្មោះជាភាសាអង់គ្លេសរបស់ពួកគេ – ជំនួសឱ្យភាសាចិន – ដើម្បីជៀសវាងការកត់សម្គាល់ ។

ទោះបីជាយ៉ាងណាក៏ដោយ អត្តសញ្ញាណអ្នកចំណូលថ្មីត្រូវបានគេដឹងយ៉ាងច្បាស់។ ពួកគេមកពីក្រុមហ៊ុន Huawei ដែលត្រូវស្វែងរកមធ្យោបាយដើម្បីធានាការផ្គត់ផ្គង់ នៅពេលដែលវាលែងមានផាសុកភាពក្នុងការទិញបន្ទះឈីបពីបរទេសដោយសារតែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Huawei

ដោយសារខ្លួនមិនអាចទិញបន្ទះឈីបពីបរទេសដោយគ្មានអាជ្ញាប័ណ្ណពីសហរដ្ឋអាមេរិក ក្រុមហ៊ុន Huawei ត្រូវពឹងផ្អែកបន្ថែមទៀតលើការផ្គត់ផ្គង់ក្នុងស្រុក សូម្បីតែត្រូវអភិវឌ្ឍផ្នែកផលិតបន្ទះឈីបផ្ទាល់ខ្លួនក៏ដោយ។ ពីមុន អាជីវកម្មនេះជាធម្មតាគ្រាន់តែរចនាបន្ទះឈីបដោយខ្លួនឯង ហើយបញ្ជូនវាទៅផលិតនៅតៃវ៉ាន់ ឬកន្លែងផ្សេងទៀត។

នេះគឺជាឱកាសមាសសម្រាប់ JHICC ។ អាជីវកម្មនេះគឺជាផ្នែកមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មដែលក្រុមហ៊ុន Huawei កំពុងសាងសង់យ៉ាងស្ងៀមស្ងាត់នៅទូទាំងប្រទេសចិន ចាប់ពីទីក្រុងប៉េកាំង រហូតដល់ទីក្រុង Shenzhen។ ថ្មីៗនេះក្រុមហ៊ុនបានប្រកាសទៅកាន់អ្នកផ្គត់ផ្គង់របស់ខ្លួននូវគោលបំណងរបស់ខ្លួនក្នុងការផលិតទ្វេដងក្នុងរយៈពេលពីរឆ្នាំ។

បុគ្គលិកម្នាក់នៃក្រុមហ៊ុន Naura Technology Group ដែលជាក្រុមហ៊ុនផលិតឧបករណ៍ផលិតបន្ទះឈីបដ៏ធំបំផុតរបស់ប្រទេសចិន ដែលកំពុងត្រូវបានបញ្ជូនទៅកាន់ JHICC បាននិយាយថា «រោងចក្របានដំណើរការវិញហើយ” ។ “ក្រុមគាំទ្រទាំងអស់មកពីក្រុមហ៊ុនអាមេរិកបានចាកចេញ។ នេះជាមូលហេតុដែលយើងមកទីនេះដើម្បីជួយ»។

គ្រាន់តែផ្លូវមួយឆ្ងាយពី JHICC អ្នកផលិតបន្ទះឈីប Quliang Electronics កំពុងសាងសង់រោងចក្រទីពីរ។ គ្រឿងបរិក្ខារនេះក៏ត្រូវបានសាងសង់ឡើងដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងរបស់ Huawei ។

បុគ្គលិក Quliang បានប្រាប់ Nikkei Asia ថា «ផលិតកម្មរបស់យើងភាគច្រើនទៅឱ្យ Huawei” ។ យើងមានមនុស្សប្រហែល ២.៧០០ នាក់រួចហើយ ហើយយើងកំពុងសាងសង់រោងចក្រដំណាក់កាលទី ២»។

ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Huawei ក្នុងការធានាការផ្គត់ផ្គង់បន្ទះឈីបឆ្លុះបញ្ចាំងពីការលំបាកដែលខ្លួនកំពុងជួបប្រទះ។ មុនពេលការហាមឃាត់របស់សហរដ្ឋអាមេរិក ក្រុមហ៊ុននេះអាចប្រកួតប្រជែងដោយផ្ទាល់ជាមួយក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ពិភពលោកដូចជា Apple ឬ Samsung ។ ពួកគេក៏បានបញ្ជាទិញបន្ទះឈីបកម្រិតខ្ពស់បំផុតពីក្រុមហ៊ុនផលិតឈានមុខគេដូចជា TSMC ឬ Sony ផងដែរ។

ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Huawei បានវ៉ាដាច់ Apple ដើម្បីក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំទីពីររបស់ពិភពលោក នេះបើយោងតាម Business Insider ។ HiSiliconTechnology ដែលជាអង្គភាពរចនាបន្ទះឈីបរបស់ក្រុមហ៊ុន Huawei មានការលក់រហូតដល់ ៨,២ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០។ ដោយសារភាពលេចធ្លោរបស់វានៅក្នុងទីផ្សារប្រទេសចិន Huawei នៅតែជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ដ៏ធំបំផុតនៅលើពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលក្រុមហ៊ុន Huawei រីកចម្រើន សហរដ្ឋអាមេរិកក៏កាន់តែមានការព្រួយបារម្ភជាមួយនឹងការសង្ស័យថា អាជីវកម្មនេះមានទំនាក់ទំនងជាមួយយោធាចិន។ នេះគឺជាអ្វីដែលក្រុមហ៊ុន Huawei តែងតែបដិសេធ។

នៅឆ្នាំ ២០២០ វ៉ាស៊ីនតោនបានចេញការហាមប្រាមលើក្រុមហ៊ុនបរទេសពីការផលិតគ្រឿងបន្លាស់សម្រាប់ក្រុមហ៊ុន Huawei ប្រសិនបើដំណើរការផលិតប្រើប្រាស់បច្ចេកវិទ្យាសម្រាប់អាមេរិក។ ក្រុមហ៊ុន Huawei នៅតែអាចទិញបន្ទះឈីបដែលមានស្រាប់ ប៉ុន្តែមិនអាចរចនាបន្ទះឈីបផ្ទាល់ខ្លួន និងការផលិតខាងក្រៅបានទេ។

ទោះបីជាក្រុមហ៊ុន Huawei បានស្តុកទុកគ្រឿងបន្លាស់ពីមុនក៏ដោយ ប៉ុន្តែប្រាក់ចំណូលរបស់វានៅតែធ្លាក់ចុះ ២៨,៦% ក្នុងឆ្នាំ ២០២១។ ពីតំណែងលេខ ២ នៅលើពិភពលោកក្នុងឧស្សាហកម្មស្មាតហ្វូន Huawei បានធ្លាក់ចុះមកលេខ ១០ ។

ទោះជាយ៉ាងណាក៏ដោយ ផ្ទុយពីការព្យាករណ៍របស់អ្នកជំនាញមួយចំនួន ក្រុមហ៊ុន Huawei មិនបានដួលរលំនោះទេ។

ដៃគូ Huawei ម្នាក់បានអត្ថាធិប្បាយថា “ប្រសិនបើវិធានការរបស់សហរដ្ឋអាមេរិកគឺដូចជាការប្រើប្រាស់យន្តហោះទំនើបបំផុតដើម្បីទម្លាក់គ្រាប់បែក ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Huawei គឺដូចជាសង្គ្រាមទ័ពព្រៃ”។

“ជនរងគ្រោះ” នៃការប្រកួតប្រជែងប្រទេសធំ

JHICC និង Quliang គ្រាន់តែជាឧទាហរណ៍ពីរដែលបង្ហាញពីមហិច្ឆតារបស់ក្រុមហ៊ុន Huawei ក្នុងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ខាងក្នុង។ គេប៉ាន់ប្រមាណថាក្រុមហ៊ុននេះបានវិនិយោគរាប់សិបពាន់លានដុល្លារដើម្បីរកវិធីជំនួសប្រភពខាងក្រៅ។

កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Huawei ក៏កំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយក្រុមហ៊ុនបន្ទះឈីបរបស់ចិនមួយចំនួន បន្ទាប់ពីវិធានការរឹតត្បិតចុងក្រោយបង្អស់ដែលសហរដ្ឋអាមេរិកទើបតែណែនាំលើឧស្សាហកម្មបន្ទះឈីបរបស់ចិនកាលពីខែតុលា។

ដូច្នោះហើយ ក្រុមហ៊ុនអាមេរិកនឹងមិនអាចនាំចេញឧបករណ៍ផលិតបន្ទះឈីបកម្រិតខ្ពស់ទៅកាន់ក្រុមហ៊ុនដែលមានទីតាំងក្នុងប្រទេសចិនដោយគ្មានអាជ្ញាប័ណ្ណនោះទេ។ លើសពីនេះ ទីក្រុងវ៉ាស៊ីនតោនជាលើកដំបូងបានហាមឃាត់ពលរដ្ឋអាមេរិក និងអ្នករស់នៅអចិន្ត្រៃយ៍ពីការជួយប្រទេសចិនក្នុងការអភិវឌ្ឍផលិតផល semiconductor នេះបើយោងតាម Bloomberg ។

លោក Chris Miller អ្នកជំនាញនៅសាកលវិទ្យាល័យ Tufts នៅសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា “វ៉ាស៊ីនតោនបានសន្និដ្ឋានថា នៅពេលដែលពួកគេមិនអាចគ្រាន់តែកំណត់គោលដៅលើយោធាចិននោះទេ ជម្រើសមួយផ្សេងទៀតគឺធ្វើឱ្យការអភិវឌ្ឍរបស់ប្រទេសចិនទាំងមូលធ្លាក់ចុះ” ។

ភ្លាមៗបន្ទាប់ពីបទប្បញ្ញត្តិនេះ អាជីវកម្មជាច្រើនរបស់សហរដ្ឋអាមេរិកត្រូវដកបុគ្គលិកគាំទ្រដែលត្រូវបានបញ្ជូនទៅក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន។

“មួយថ្ងៃមុនការហាមឃាត់ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិននៅតែជាអតិថិជនសំខាន់បំផុតរបស់យើង។ នៅថ្ងៃបន្ទាប់ យើងត្រូវវេចបង្វេចចាកចេញ។ និយោជិតម្នាក់នៃ KLA ដែលជាក្រុមហ៊ុនផលិតឧបករណ៍ធ្វើតេស្តបន្ទះឈីប semiconductor ដ៏ធំបំផុតរបស់ពិភពលោក បាននិយាយថា យើងមិនត្រូវបានអនុញ្ញាតឱ្យទាក់ទងពួកគេតាំងពីពេលនោះមក។

ក្រៅពីកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនចិន ក្រុមហ៊ុន Huawei ក៏កំពុងស្វែងរកអ្នកប៉ិនប្រសប់យ៉ាងសកម្មផងដែរ ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីបម្រើដល់កន្លែងស្រាវជ្រាវរបស់ខ្លួននៅក្នុងប្រទេសចិន និងអឺរ៉ុប។

«Huawei មិនងាយស្រួលទេក្នុងការផ្តួល។ ខ្ញុំមិនដែលសង្ស័យលើការប្ដេជ្ញាចិត្តរបស់ពួកគេទេ» នាយកប្រតិបត្តិនៃអាជីវកម្មផ្គត់ផ្គង់មួយបានប្រាប់ Nikkei Asia ។ “ពួកគេកំពុងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីបញ្ជាក់ដល់ពិភពលោកថា ពួកគេនៅតែអាចរស់រានមានជីវិត រួមទាំងនាំយកបន្ទះឈីបត្រឡប់មកវិញនៅថ្ងៃណាមួយ”។

ឥឡូវនេះក្រុមហ៊ុន Huawei មិនត្រឹមតែផ្តោតលើការរចនាបន្ទះឈីបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើគ្រប់ដំណាក់កាលនៃខ្សែសង្វាក់ផ្គត់ផ្គង់ ចាប់ពីការផលិត ការវេចខ្ចប់ រហូតដល់ការដាក់បន្ទះឈីប ក៏ដូចជាសម្ភារៈ និងឧបករណ៍សម្រាប់ផលិតផងដែរ។ ក្រុមហ៊ុនចិនផ្សេងទៀតទំនងជានឹងត្រូវដើរតាមគន្លងរបស់ក្រុមហ៊ុន Huawei ដើម្បីទទួលបានខ្សែសង្វាក់ផ្គត់ផ្គង់។

“តម្លៃមិនមែនជាអ្វីដែលក្រុមហ៊ុន Huawei ព្រួយបារម្ភបំផុតនៅពេលនេះទេ។ ប្រភពមួយបានប្រាប់ Nikkei Asia ថា អាទិភាពទីមួយគឺត្រូវរកវិធីដើម្បីគេចផុតពីការហ៊ុមព័ទ្ធរបស់អាមេរិក ។

អ្វីដែលគួរឱ្យហួសចិត្តនោះគឺថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យប្រទេសចិនធ្វើនូវអ្វីដែលខ្លួនបានព្យាយាមអស់ជាច្រើនឆ្នាំមកនេះ គឺដើម្បីអភិវឌ្ឍឧស្សាហកម្ម semiconductor របស់ខ្លួន។

ទោះបីជាបានវិនិយោគច្រើនជាង ១ ពាន់ពាន់លានយន់ចាប់តាំងពីឆ្នាំ ២០១៤ ក៏ដូចជាតម្រូវឱ្យសហគ្រាសរដ្ឋមួយចំនួនទិញផលិតផលក្នុងស្រុកក៏ដោយ ក៏ឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសចិនមិនអាចធ្វើឱ្យមានរបកគំហើញដែលខ្លួនចង់បានមុនឆ្នាំ ២០២០ ឡើយ។

មូលហេតុមកពីតម្រូវការបន្ទះឈីបក្នុងស្រុកទាប។ ក្រុមហ៊ុនចិននៅតែងាកទៅរកក្រុមហ៊ុនផលិតខាងក្រៅ។

ឥឡូវនេះស្ថានភាពបានផ្លាស់ប្តូរ។ ក្រុមហ៊ុនបន្ទះឈីបរបស់ចិនមានចំនួន ២៤% នៃចំណែកទីផ្សារក្នុងស្រុកក្នុងឆ្នាំ ២០២១ កើនឡើងយ៉ាងខ្លាំងពី ១៥% ក្នុងឆ្នាំ ២០១៨ ។

លោក Brady Wang អ្នកវិភាគបច្ចេកវិទ្យានៅក្រុមហ៊ុនប្រឹក្សា Counterpoint បាននិយាយថា “ប្រទេសចិននៅតែអាចផលិតបន្ទះសៀគ្វីចាស់ៗ” ។ “ដូចពេលដែលអ្នកឃ្លាន អ្នកមិនចាំបាច់ញ៉ាំអាហារនៅភោជនីយដ្ឋានដែលមានផ្កាយ Michelin ទេ អ្នកអាចញ៉ាំអាហារតាមចិញ្ចើមផ្លូវធម្មតា។ នេះជាអ្វីដែលកំពុងកើតឡើងជាមួយឧស្សាហកម្មបន្ទះឈីបរបស់ចិន៕ ប្រភពពី៖ Nikkei Asia