រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានសន្យាថានឹងប្រឆាំងនឹងការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែលឆ្ពោះទៅរកការបញ្ចូលតំបន់ West Bank

ថ្លែងទៅកាន់ក្រុមយុទ្ធនាការគាំទ្រ អ៊ីស្រាអែល J Street រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានអបអរសាទរនាយករដ្ឋមន្ត្រី Benjamin Netanyahu ដែលជាមេដឹកនាំជើងចាស់របស់អ៊ីស្រាអែល និងជាគូប្រជែងនឹងរដ្ឋបាល អាមេរិក មុនៗ ។

Blinken បាននិយាយថា “យើងនឹងវិនិច្ឆ័យរដ្ឋាភិបាល (ថ្មី) ដោយផ្អែកលើគោលនយោបាយដែលខ្លួនអនុវត្តជាជាងទស្សនៈបុគ្គល” ។

ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden នឹងធ្វើការ “មិនឈប់ឈរ” ដើម្បីរក្សា “ក្តីសង្ឃឹម” នៃការបង្កើតរដ្ឋ ប៉ាឡេស្ទីន ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ នេះបើយោងតាម ​​Anews ។

“យើងនឹងបន្តប្រឆាំងដាច់ខាតរាល់សកម្មភាពដែលធ្វើឱ្យខូចដល់ការរំពឹងទុករបស់រដ្ឋពីរ រួមទាំងការពង្រីកការតាំងទីលំនៅ វឌ្ឍនភាពឆ្ពោះទៅរកការបញ្ចូលតំបន់ West Bank ការរំខានដល់ស្ថានភាពប្រវត្តិសាស្ត្រនៃតំបន់នេះ ក៏ដូចជាការបំផ្លាញ បណ្តេញចេញ និងញុះញង់ឱ្យមានអំពើហិង្សា” លោក Blinken បានមានប្រសាសន៍។

រដ្ឋលេខាធិការ Blinken បានបន្ថែមថា រដ្ឋបាលលោក Biden នឹងប្រកាន់ខ្ជាប់នូវ “គោលការណ៍ប្រជាធិបតេយ្យស្នូល រួមទាំងការគោរពសិទ្ធិរបស់សហគមន៍ LGBTQ និងធានាសមភាពសម្រាប់ពលរដ្ឋអ៊ីស្រាអែលទាំងអស់”។

លោក Benjamin Netanyahu បានវិលត្រឡប់មកកាន់អំណាចវិញក្នុងរយៈពេល ១៧ ខែបន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណែងនាយករដ្ឋមន្ត្រីដោយក្រុមប្រឆាំងនៅក្នុងខែឧសភា ឆ្នាំ ២០២១។ ការបោះឆ្នោតថ្ងៃទី ១ ខែវិច្ឆិកាគឺជាការបោះឆ្នោតលើកទី ៥ របស់អ៊ីស្រាអែលក្នុងរយៈពេលតិចជាង ៤ ឆ្នាំ។

សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាន​កើត​ឡើង​ចំពេល​មាន​អំពើ​ហិង្សា​កើន​ឡើង​នៅ​ឆ្នេរ​ខាង​លិច។ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានបាញ់រ៉ុក្កែតមួយគ្រាប់ទៅលើអ៊ីស្រាអែល។

យោងតាម ទីភ្នាក់ងារព័ត៌មាន AFP បានឱ្យដឹងថា យោធាអ៊ីស្រាអែលបានវាយតបវិញយ៉ាងឆាប់រហ័សដោយការបាញ់ទៅលើប៉ុស្តិ៍សង្កេតការណ៍ចំនួនពីរនៅភាគខាងកើតនៃទីក្រុង ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ៕ ប្រភពពី៖ reuters