នាពេលថ្មីៗនេះ ស្របពេលដែលតម្លៃស្រូវកំពុងតែធ្លាក់ថ្លៃ ក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ ក៏កំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំស្វែករកដំណោះជូនប្រជាពលរដ្ឋផងដែរ។ ក្នុងខណៈពេលនេះ អូស្ត្រាលីក៏បានបង្ហាញពីការគាំទ្រស្រូវអង្កររបស់ប្រទេសកម្ពុជា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។
យោងតាមគណនីទំព័រផ្លូវរបស់ស្ថានទូតអូស្ត្រាលី នៅប្រទេសកម្ពុជា ក៏បានសរសើរអំពីគុណភាពស្រូវអង្កររបស់ប្រទេសកម្ពុជា ជាអង្ករល្អដាច់គេ និងជាអាហារចម្បងសម្រាប់ប្រជាជនខ្មែរផងដែរ ដោយខាងក្រោមនេះជាសំណេរលម្អិត៖
អូស្ត្រាលីគាំទ្រវិស័យ ស្រូវអង្កររបស់កម្ពុជា
អូស្ត្រាលីមានប្រវត្តិ ធ្វើការជាមួយកម្ពុជាជាយូរមក ក្នុងគោលបំណងអភិវឌ្ឍវិស័យស្រូវអង្ករនៅប្រទេសកម្ពុជា។ តាមរយៈកម្មវិធីសំខាន់មួយរបស់រដ្ឋាភិបាលអូស្ត្រាលី កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP RED) យើងធ្វើការរួមគ្នាជាមួយ
សហព័ន្ធស្រូវអង្ករកម្ពុជា Cambodia Rice Federation – CRF ដើម្បីអភិវឌ្ឍ និងចុះបញ្ជីម៉ាកសញ្ញាអង្ករផ្កាម្លិះដែលមានគុណភាពខ្ពស់ (ម្លិះអង្គរ) អង្ករសែនក្រអូប (Sen Kra Ob) និង អង្ករដំណើបស្បៃមង្គល (Damnoeb Sbai Mongkul)។
នៅក្នុងប្រទេសកម្ពុជា អង្ករគឺជាមាសស ជាអាហារចម្បងសម្រាប់ប្រជាជនខ្មែរ និងជាកម្លាំងចលករ ជំរុញសេដ្ឋកិច្ចដ៏សំខាន់ផងដែរ។
កម្ពុជាបានឈ្នះពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកលើកទី៥! យើងពិតជាមានសេចក្តីសោមន្សរីករាយដែលឃើញពូជស្រូវផ្ការំដួល ឈ្នះការប្រកួតប្រជែងអង្ករល្អបំផុតលើពិភពលោក នៅក្នុងសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅប្រទេសថៃកាលពីដើមខែនេះ ដែលប្រទេសកម្ពុជាត្រូវបានតំណាងដោយសហព័ន្ធស្រូវអង្ករ CRF។ យើងសូមចូលរួមអបអរសាទរប្រទេសកម្ពុជា!
សូមចូលទស្សនារូបភាពខាងក្រោម៖



