កម្ពុជា​បាន​រុក​រកល្បែងស៊ីសងខុសច្បាប់ ​ជិត​១​ពាន់​ទីតាំង​បន្ទាប់​ពី​បញ្ជា​របស់​សម្ដេច ហ៊ុន សែន

145

ខេត្តកណ្តាល ដែលជាចំណុចក្តៅនៃល្បែងស៊ីសងខុសច្បាប់នៅកម្ពុជា ត្រូវបានចាត់ទុកថាជាចំណុចមួយនៃការបង្រ្កាប។ លោកឧត្តមសេនីយ៍ទោ ឈឿន សុជាតិ ស្នងការនគរបាលខេត្តកណ្តាល មានប្រសាសន៍ថា អាជ្ញាធរគ្រប់ស្រុក ក្រុងក្នុងខេត្ត បានចាត់វិធានការទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់។

សរុប​អាជ្ញាធរ​ខេត្ត​កណ្តាល​បាន​ឆែកឆេរ​បាន ៩៣៧​ទីតាំង។

ជាមួយគ្នានេះ ក្នុងរាជធានីភ្នំពេញ លោកឧត្តមមន្ត្រី ឃ្លាំង ហួត ផ្ទាល់បានដឹកនាំកម្លាំងចុះឆែកឆេរទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងខណ្ឌទួលគោក។ លោក ឃ្លាំង ហួត មាន​ប្រសាសន៍​ថា អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ផ្ទាល់​បាន​បញ្ជា​ឲ្យ​ស្រាវជ្រាវ។

កាសែត ខ្មែរថាមស៍ បានដកស្រង់សម្តី លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងនេះបានឆែកឆេរ ទីតាំងចំនួន៤៤ និងឃាត់ខ្លួនមនុស្ស៩១នាក់ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

ចំណែក​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​សហការ​ជាមួយ​នគរបាល និង​អាជ្ញាធរ​អន្តោប្រវេសន៍​កម្ពុជា ឆែកឆេរ​ទីតាំង​ចំនួន ៣ នៅ​ថ្ងៃ​ទី ១៨ និង ១៩ ខែ​កញ្ញា។ អាជ្ញាធរក្រុងព្រះសីហនុ មិនទាន់លម្អិតអំពីឧប្បត្តិហេតុនេះទេ ហើយបាននិយាយថា ខ្លួននឹងធ្វើសេចក្តីប្រកាសមួយ បន្ទាប់ពីប្រតិបត្តិការនេះត្រូវបានបញ្ចប់។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះស្រាយ​ល្បែងស៊ីសង​ខុសច្បាប់​យ៉ាង​តឹងរ៉ឹង។ លោក ហ៊ុន សែន ថ្លែង​ថា​៖ «​ខ្ញុំ​នឹង​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​បណ្តេញ​អភិបាល​ខេត្ត អភិបាល​ក្រុង​ស្រុក និង​មេ​ឃុំ ឬ​មន្ត្រី​ប៉ូលិស​ណា​ដែល​ចាត់​ទុក​ថា​មិន​ទទួល​ខុស​ត្រូវ​នោះ​ទេ»។

ជាមួយគ្នានេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែកញ្ញា បានប្រកាសថា ល្បែងស៊ីសងខុសច្បាប់ គឺជា «ជំងឺមហារីកថ្មី» នៅក្នុងសង្គមរបស់ប្រទេស។

លោក ស ខេង បាន​ថ្លែង​ថា​៖ «​ប្រសិន​បើ​យើង​មិន​អាច​ព្យាបាល​វា​បាន មេរោគ​នឹង​រីក​រាល​ដាល​ធ្វើ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ក្នុង​សង្គម» ៕

នេះបើយោងតាមខ្មែរថាមស៍