រុស្ស៊ី ធ្វើសមយុទ្ធបង្ហាញសាច់ដុំនៅជិតទឹកដីអាមេរិក

នាវាមុជទឹកនុយក្លេអ៊ែររុស្ស៊ីពីរគ្រឿង ដែលមានឈ្មោះ Omsk និង Novosibirsk រៀងៗខ្លួន បានបាញ់កាំជ្រួចប្រឆាំងនាវានៅសមុទ្រ Chukchi ដោយបានវាយប្រហារគោលដៅចំងាយ ៤០០ គីឡូម៉ែត្រ នេះបើតាម សារព័ត៌មាន Reuters ដកស្រង់សម្តីរបស់ក្រសួងការពារជាតិរុស្ស៊ី។

សមុទ្រ Chukchi គឺជាសមុទ្រនៅក្នុងមហាសមុទ្រអាកទិក សមុទ្រនេះបំបែករុស្ស៊ីចេញពីរដ្ឋអាឡាស្ការបស់អាមេរិក។

នៅលើបណ្តាញសង្គម ក្រសួងការពារជាតិរុស្ស៊ីបានផ្សព្វផ្សាយវីដេអូនៃការបាញ់បង្ហោះមីស៊ីលចេញពីនាវាមុជទឹកនៅទីតាំងនានាតាមបណ្តោយផ្លូវសមុទ្រខាងជើង (NSR)។ NSR គឺជាផ្លូវដឹកជញ្ជូនដែលត្រូវបានហៅដោយប្រទេសរុស្ស៊ីថាជាផ្លូវជំនួសសម្រាប់នាវាដឹកទំនិញរវាងអឺរ៉ុប និងអាស៊ី។

ក្រៅពីការបាញ់មីស៊ីលពីនាវាមុជទឹក ប្រព័ន្ធការពារឆ្នេរសមុទ្រ Bastion របស់រុស្ស៊ីក៏បានបាញ់មីស៊ីលទៅកាន់គោលដៅចម្ងាយ ៣០០ គីឡូម៉ែត្រពីច្រកសមុទ្រ Chukchi ។ ច្រកសមុទ្រ Chukchi គឺជាចំណុចខាងកើតបំផុតនៃប្រទេសរុស្ស៊ី។

សកម្មភាពទាំងនេះគឺជាផ្នែកមួយនៃសមយុទ្ធមួយដែលមានឈ្មោះថា Umka-2022 ដែលធ្វើឡើងនៅសមុទ្រ Chukchi ។

រុស្ស៊ី​ចាត់ទុក​ទឹកដី​នៃ​តំបន់​អាក់ទិក​ជា​ផលប្រយោជន៍​យុទ្ធសាស្ត្រ​សំខាន់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសនេះបានពង្រឹងសមត្ថភាពយោធារបស់ខ្លួននៅក្នុងទឹកដីអាកទិករបស់ខ្លួន។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅសប្តាហ៍នេះថា សមយុទ្ធនៅតំបន់អាក់ទិកមានគោលបំណងសាកល្បង “សមត្ថភាព និងការត្រៀមខ្លួនប្រយុទ្ធរបស់រុស្ស៊ីក្នុងការប្រើប្រាស់មធ្យោបាយយោធាដើម្បីការពារទឹកដីអាកទិក”៕ ប្រភពពី៖ reuters