អ៊ីស្រាអែល​ទុក​ពេល​ 15នាទី​ឱ្យ​អ្នក​ស្រុក​ហ្គាហ្សា​ជម្លៀស​ខ្លួន​មុន​ការ​វាយ​ប្រហារ​តាម​អាកាស

141

យុទ្ធនាការ​យោធា​របស់​អ៊ីស្រាអែល​នៅ​តំបន់ ហ្គាហ្សា ស្ទ្រីព បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​បី​ហើយ។ អ្នកស្រុកនៅតំបន់ហ្គាហ្សាបាននិយាយថា ពួកគេបានទទួលបានការព្រមាន 15 នាទីមុនពេលមានការវាយប្រហារនេះ រ៉យទ័រ បានរាយការណ៍នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2022។

យោធាអ៊ីស្រាអែលបាននិយាយថា ផ្ទះជាច្រើននៅហ្គាហ្សាដែលត្រូវបានទម្លាក់គ្រាប់បែកត្រូវបានកំណត់ថាជាកន្លែងផ្ទុកអាវុធ ឬមជ្ឈមណ្ឌលបញ្ជាសម្រាប់អង្គការជីហាដប៉ាឡេស្ទីន។

អ៊ីស្រាអែល​ក៏​អះអាង​ដែរ​ថា ខ្លួន​បាន​ព្រមានប្រជាជននៅ​កន្លែង​ទាំង​នេះ​មុន​នឹង​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរអ៊ីស្រាអែលមិនបានបញ្ជាក់រយៈពេលនៃការព្រមានមុនពេលការវាយប្រហារនោះទេ។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបន្តពេញមួយថ្ងៃ ដោយធ្វើឱ្យមានផ្សែង និងធូលីកើនឡើងពីអគារដែលត្រូវបានបំផ្លាញនៅក្នុងហ្គាហ្សា។ ក្រុមជីហាដបានឆ្លើយតបជាមួយនឹងគ្រាប់រ៉ុក្កែតដែលបានបាញ់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល។

យោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់ យន្តហោះអ៊ីស្រាអែលបានកំទេចអគារយ៉ាងតិចប្រាំបី បណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួស។

មកទល់នឹងពេលនេះ មនុស្សយ៉ាងតិច 24នាក់ត្រូវបានសម្លាប់ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួននៅហ្គាហ្សា រួមទាំងលោក Hassan Mansour ដែលជាមេបញ្ជាការស្លាបប្រដាប់អាវុធនៃក្រុមជីហាដ។

ទីក្រុង Tel Aviv បានប្រកាសប្រតិបត្តិការយោធាជាការឆ្លើយតបទៅនឹងការគំរាមកំហែងដែលបង្កឡើងដោយក្រុមជីហាតអ៊ីស្លាមចំពោះសហគមន៍ជ្វីហ្វដែលរស់នៅជុំវិញតំបន់ហ្គាហ្សា។

មន្ត្រីអ៊ីស្រាអែលជឿថា ក្រុមហាម៉ាស់ ដែលជាអង្គការយោធាដែលកាន់អំណាចនៅតំបន់ហ្គាហ្សា ក៏ដូចជាអង្គការជីហាដអ៊ីស្លាម ដែលលាក់បាំងអាវុធនៅក្នុងតំបន់លំនៅដ្ឋាន ប្រើប្រាស់ជនស៊ីវិលជាខែលការពារពួកគេ។ សមាជិក​ជាន់​ខ្ពស់​នៃ​ក្រុម​ជីហាដ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ៕

នេះបើយោងតាមរ៉យទ័រ