ឥណ្ឌូនេស៊ី ភ្ញាក់ខ្លួនចង់កាត់បន្ថយការប្រើប្រាស់ ឥន្ឌនៈហ្វូសីល

149

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEFAM) ឆ្នាំ២០២២ នៅទីក្រុងដាវ៉ូសនៃប្រទេសស្វីស  ឥណ្ឌូណេស៊ីបានបង្ហាញអំពីជំហានជាក់ស្តែងដែលខ្លួននឹងធ្វើដើម្បីសម្រេចបាននូវការផ្លាស់ប្តូរថាមពលដោយស្មើភាព និងមានតម្លៃសមរម្យ ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកនៅទីក្រុងដាវ៉ូស រដ្ឋមន្ត្រីនៃក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី លោក Airlangga Hartarto បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីប្តេជ្ញាកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជាបណ្តើរៗដើម្បីជាប្រយោជន៍ដល់សន្តិសុខអាកាសធាតុនាពេលអនាគត ដោយលោកបានកត់សម្គាល់ថា ការប្តេជ្ញាចិត្តនេះត្រូវបានសម្រេចតាមរយៈជំហានជាក់ស្តែង និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ។

លោកបាននិយាយបន្ថែមថា ប្រទេសឥណ្ឌូណេស៊ីក៏បានចូលរួមគំនិតផ្ដួចផ្ដើមដើម្បីកាត់ផ្តាច់ធ្យូងថ្មផងដែរ ។លោក Hartarto បានប្រកាន់ខ្ជាប់ថា ដើម្បីដោះស្រាយភាពលំបាកនេះ ចាំបាច់ត្រូវបង្កើតការងារដែលមានភាពល្អប្រសើរ និងងាយស្រួលជាងមុនសម្រាប់បរិស្ថាន ព្រមទាំងការវិនិយោគទៅលើការបណ្តុះបណ្តាលដល់កម្មករ និងធ្វើឱ្យពួកគេមានជំនាញឡើងវិញ ។

ការផ្លាស់ប្តូរថាមពលប្រកបដោយស្មើភាព និងមានតម្លៃសមរម្យទៅកាន់សេដ្ឋកិច្ចបៃតង អាចបង្កើតបានថវិការហូតដល់ ២៦ទ្រីលានដុល្លារអាមេរិក និងបង្កើតឱកាសការងារដែលមានតម្លៃខ្ពស់បាន ៦៥លានការងារនៅត្រឹមឆ្នាំ២០៣០។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មូលនិធិធំ គឺជាការចាំបាច់ណាស់ដើម្បីឈានទៅដល់ដំណាក់កាលនោះ។
ឆ្លើយតបនឹងបញ្ហានេះ លោករដ្ឋមន្ត្រីរូបនេះបានគូសបញ្ជាក់អំពីសារៈសំខាន់នៃប្រទេសអភិវឌ្ឍដែលត្រូវបំពេញការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការផ្តល់មូលនិធិដើម្បីគាំទ្រដល់ការផ្លាស់ប្តូរថាមពលជាសកលជារៀងរាល់ឆ្នាំ ៕

អត្ថបទដោយ ៖ Rathika