ជិះទូកមើលផ្សោត គយគន់ថ្ងៃលិច បោះតង់ ស្តាប់សម្លេងបក្សាបក្សី អារម្មណ៍នេះអាចកើតឡើង នៅសហគមន៍អេកូទេសចរណ៍កោះព្រះ ខេត្តស្ទឹងត្រែង

152

សហគមន៍អេកូទេសចរណ៍កោះព្រះ ខេត្តស្ទឹងត្រែងមានសក្ដានុពលធម្មជាតិជាច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរ ដោយសារទីនោះមានសភាពធម្មជាតិដ៏ស្រស់បំព្រង ខៀវស្រងាត់ដែលហ៊ុមព័ទ្ធដោយឆ្នេរខ្សាច់សក្បុសនិងកោះតូចស្រស់ស្អាតជាច្រើន ពិសេសមានផ្សោតទន្លេមេគង្គ១៣ក្បាលកំពុងរស់នៅតំបន់នោះ ។

កោះព្រះ នេះជាទីកន្លែងដែលស័ក្កិសមបំផុតសម្រាប់ដំណើរកម្សាន្តតាមបែបអេកូធម្មជាតិដោយបោះតង់សម្រាកនៅពេលរាត្រីមើលថ្ងៃលិចស្រូបយកខ្យល់អាកាសធម្មជាតិស្ដាប់សំឡេងបក្សាបក្សីនៅតាមព្រៃព្រឹក្សានិងទទួលទានអាហារយ៉ាងឆ្ងាញ់ពិសារបស់ប្រជាសហគមន៍នៅតំបន់នោះផងដែរ ។

សហគមន៍អេកូទេសចរណ៍កោះព្រះ ក៏មានចំណុចទាក់ទាញពិសេសផងដែរដោយសារតែនៅតំបន់នោះមានផ្សោតទន្លេមេគង្គរស់នៅ និងបណ្តែតខ្លួនលើផ្ទៃទឹកដែលភ្ញៀវ ទេសចរអាចជិះទូកទស្សនានិងធ្វើការសិក្សាពីផ្សោតទន្លេមេគង្គដែលជាថនិកសត្វដ៏កម្រ នៅសេសសល់តិចតួចនៅលើពិភពលោក ។

អ្វីដែលជាផលិតផលទាក់ទាញគឺទី១ផលិតផលផ្សោតមេគង្គ ទី ២នៅតំបន់នោះ នៅរដូវប្រាំងមានភាពទាក់ទាញដោយគេអាចទៅទស្សនាកន្លែងសត្វពង និយាយរួមជាតំបន់អភិរក្សមានជាប្រភេទកន្ធាយកង្កែប ដែលជាការចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរដែលទៅទស្សនា និងស្រាវជ្រាវ ។ ដោយនៅដើមឆ្នាំ ២០២២ នេះ ភ្ញៀវទេសចរជាក្រុមចំនួនជាង ២០០ នាក់បានធ្វើដំណើរកម្សាន្តទៅកាន់ទីនោះ ។

សូមបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍កោះព្រះស្ថិតនៅក្នុងឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ហើយកោះមួយនេះស្ថិតនៅចំកណ្ដាលទន្លេមេគង្គ មានចម្ងាយ ៣៥ គីឡូម៉ែត្រពីទីរួមខេត្ត ។ កោះព្រះបង្កើតជាសហគមន៍អេកូទេសចរណ៍នៅឆ្នាំ២០១០ ហើយគោលបំណង នៃការបង្កើតសហគមន៍មួយនេះឡើងគឺដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជារួមចំណែកអភិរក្សជីវៈចម្រុះផ្សេងៗដែលមាននៅក្នុងទន្លេមេគង្គផងដែរ ៕

អត្ថបទដោយ ៖ Rathika