តោះមកដឹងពី រោគសញ្ញា និង វិធីការពារខ្លួនពីមេរោគថ្មី​ «អុតស្វា»

168

កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីណែនាំ ស្តីពីវិធានការការពារជាមុន នូវការចម្លងជំងឺអុតស្វា (Monkeypox) ។

ក្នុងនោះ ក្រសួងបានបញ្ជាក់ឱ្យបានដឹងថា សម្រាប់ករណីសង្ស័យ ឬ ករណីឈឺ ត្រូវអនុវត្តដូចខាងក្រោម ៖

  • ក្នុងករណីសង្ស័យដោយបុគ្គលមានរោគសញ្ញា ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួន បាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្ដៅខ្លួនលើសពី ៣៨,៥ អង្សាសេ និងមានឈឺក្បាល ហើមកូនកណ្តុរ ឈឺសាច់ដុំ និង ខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅ កន្លែងដែលមានកើតជំងឺអុតស្វា ត្រូវដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យសុខភាព ដោយក្រុមគ្រូពេទ្យជាចាំបាច់ភ្លាមៗ ឬ អាចបញ្ចូនទៅកាន់មន្ទីរពេទ្យដែលនៅជិត។
  • សម្រាប់បុគ្គលខាងលើនេះ ត្រូវធ្វើតេស្តវិភាគនៅមន្ទីរពិសោធន៍ ដោយយកវត្ថុសំណាកដំបៅនៅលើដងខ្លួនអ្នកសង្ស័យ ឬ អ្នកឈឺ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយបញ្ជូនទៅធ្វើវិភាគនៅមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា។
  • ការដាក់ឱ្យនៅដាច់ដោយឡែកខាងលើនេះ ត្រូវធ្វើរហូតដល់អ្នកជំងឺបានព្យាបាលជាសះស្បើយ ឬមានការបញ្ជាក់ពីមន្ទីរពិសោធន៍នូវលទ្ធផលអវិជ្ជមានវីរុសអុតស្វានេះ។ ត្រូវសាកសួរដល់អ្នកនៅជុំវិញ ជាពិសេសក្រុមគ្រួសារ ឬសាច់ញាតិ ឬអ្នកប៉ះពាល់ផ្សេងៗ ដើម្បីតាមដានរកអ្នកឆ្លងបន្តគ្នា។
  • បង្កើនការតាមដាន និងរាយការណ៍ករណីជំងឺនេះ ទៅតាមបណ្តាញរាយការណ៍ដែលមានស្រាប់។

ដោយឡែក សម្រាប់ប្រជាជនទូទៅ ក្រសួងបានបញ្ជាក់បែបនេះថា៖

  • ត្រូវអនុវត្តអនាម័យខ្លួនប្រាណ និងរស់នៅស្អាត ដោយធ្វើអនាម័យដៃស្អាតជាមួយសាប៊ូ ឬជែល អាល់កុល និងអនុវត្តការការពារការចម្លងតាមផ្លូវដង្ហើម។
  • ជៀសវាងការប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកដែលមានជំងឺនេះ ឬបុគ្គលដែលសង្ស័យ រួមទាំង ការរួមភេទ ជាពិសេសការប៉ះពាល់ស្បែក ឬកន្លែងដែលមានចេញពងទឹកបែកជាដើម រហូតដល់ជំងឺ បានជាសះស្បើយ។
  • ចៀសវាងប៉ះពាល់សម្ភារៈប្រើប្រាស់របស់អ្នកជំងឺ ឬបុគ្គលដែលសង្ស័យ ដូចជាសម្លៀកបំពាក់ ពូក ខ្នើយ ចាន ស្លាបព្រា កែវទឹក ជាដើម ហើយត្រូវបោកគក់ ឬលាងសម្អាតឱ្យបានត្រឹមត្រូវនូវសម្ភារៈ ប្រើប្រាស់របស់បុគ្គលនេះ ដោយឡែក។
  • បុគ្គលសង្ស័យដែលមិនមានរោគសញ្ញា មិនត្រូវដាក់ធ្វើចត្តាឡីស័កទេ ហើយអាចធ្វើការងារ ជាធម្មតា គ្រាន់តែមានការប្រុងប្រយ័ត្ន ដោយមិនត្រូវមានការប៉ះពាល់អ្នកដទៃក្នុងអំឡុងពេលធ្វើការ តាមដានសុខភាពរយៈពេល ២១ ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកឈឺជំងឺអុតស្វានេះ។
  • ត្រូវបរិភោគចំណីអាហារដែលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារ ទាំងការចម្អិនអាហារឱ្យបានល្អ។
  • ចៀសវាងការប៉ះពាល់ជាមួយសត្វ (រស់ ឬស្លាប់) និងរក្សាអនាម័យដៃជានិច្ច។ ប្រសិនបើបានជា ជ្រុលប៉ះពាល់ សូមកុំយកដៃទៅប៉ះពាល់សរីរាង្គណាមួយលើដងខ្លួនឱ្យសោះ និងត្រូវលាងសម្អាតដៃ ជាមួយសាប៊ូ ឬអាល់កុល ភ្លាមៗ។
  • បុគ្គលដែលមានចេញកន្ទួលរមាស់ អមដោយគ្រុនក្តៅ និងមានរោគសញ្ញាដូចខាងលើនេះ ត្រូវ ទៅពិគ្រោះជំងឺភ្លាមៗឱ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យដែលនៅជិតលោកអ្នក និងត្រូវដាក់ឱ្យនៅដាច់ ដោយឡែកភ្លាមៗរហូតដល់មានការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ជាមួយនឹងការធ្វើវិភាគមន្ទីរ ពិសោធន៍ផងដែរ ៕

អត្ថបទដោយ ៖ Rathika