តោះមកស្គាល់ ប្រាសាទទេវាវិនិច្ឆ័យ ជាទីកន្លែងស្រស់ស្អាតបំផុត ក្នុងព្រះបរមរាជវាំងកម្ពុជា

178

ប្រាសាទទេវាវិនិច្ឆ័យ ឫជាភាសាអង់គ្លេស «Throne Hall» ដែលមានទីតាំងស្ថិតក្នុងព្រះបរមរាជវាំងចតុមុខ នៃរាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើង ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ នៅក្នុងឆ្នាំ ១៩១៣ ដែលបានបញ្ចប់ការសាងសង់រួចរាល់នៅឆ្នាំ ១៩១៧ ហើយបានសម្ពោធ ប្រើប្រាស់ជាលើកដំបូង នៅថ្ងៃទី១៦ មិថុនា ឆ្នាំ១៩១៩ ។

ប្រាសាទនេះ មានទំហំបណ្តោយ ៦០ម ទទឹង ៣០ម និងមានកំពូលស្រួចកំពស់ ៥៩ម ដែលត្រូវបានប្រើប្រាស់ជាព្រះទីនាំង សម្រាប់ធ្វើពិធីសំខាន់ៗដូចជា ៖

  • ពិធីរាជាពិសេកព្រះមហាក្សត្រឡើងសោយរាជ្យ
  • ព្រះរាជពិធីបុណ្យទ្វារមាស
  • ព្រះរាជសាវនាការ ថ្វាយសារតាំង
  • ពិធីសច្ចាប្រណិធាន
  • ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ

ក្នុង​ប្រាសាទ​ទេវាវិនិច្ឆ័យ ចែក​ចេញ​ជា​៖ ព្រះ​ទីនាំង​ស្វេត​ឆត្រ , ព្រះ​ទីនាំង​ហោ​រាជបណ្ឌិត , ព្រះ​ទីនាំង​ហោព្រះអដ្ឋិ, ព្រះ​ទីនាំង​ក្សិណ , ព្រះ​ទីនាំង​បុស្បុក, ព្រះ​ទីនាំង​មហា​មន្ទីរ , ព្រះ​ទីនាំង​នារីរ័ត្ន​សោភា , ព្រះ​ទីនាំង​ចក្រពត្តិ , ព្រះ​ទីនាំង​ព្រះ​ស្ងោ​យ និង នៅ​លើ​កំពូល​ស្រួច មាន​រូប​ព្រះ​ភ័ក្ត្រ​ព្រះព្រហ្ម មុខ​៤ ដែល​បែរ​ព្រះ​ភក្ត្រ​ទៅ​រក​ទិស​ទាំង​៤ ៕

ប្រភព ៖ ក្រសួងព័ត៏មាន

អត្ថបទដោយ ៖ Rathika