កម្ពុជា បំបែកឯកត្តទកម្ម រកបានមេដាយច្រើនបំផុតមិនធ្លាប់មាន នៅស៊ីហ្គេម

130

គិតត្រឹមថ្ងៃទី២២ ខែឧសភានេះ កម្ពុជា ឈ្នះមេដាយសរុប ៥៧គ្រឿង ក្នុងនោះមាស ៨គ្រឿង ប្រាក់ ១០គ្រឿង និងសំរឹទ្ធ ៣៩គ្រឿង (មេដាយសំរឹទ្ធ ១០គ្រឿងពុំទាន់ធ្វើពិធីបំពាក់ជាផ្លូវការនៅឡើយរួមមាន ប្រដាល់គុនខ្មែរ ៦គ្រឿង, ប្រដាល់សកល ៣គ្រឿង និងបាល់ទះ ១គ្រឿង) ។

ការរកមេដាយសរុបបានដល់ ៥៧គ្រឿង គឺបានបំបែកកំណត់ត្រាមេដាយសរុប ដែលកម្ពុជាធ្លាប់ឈ្នះច្រើនបំផុត គឺកាលពីស៊ីហ្គេម លើកទី៦ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ១៩៧១ ។ ពេលនោះកម្ពុជា ឈ្នះមេដាយសរុប ៥៣គ្រឿង ក្នុងនោះមាស ១៧គ្រឿង ប្រាក់ ១៨គ្រឿង និងសំរឹទ្ធ ១៨គ្រឿង ។ ចាប់តាំងពីកម្ពុជាត្រឡប់មកចូលរួមស៊ីហ្គេមវិញ នៅឆ្នាំ១៩៨៧ ក្រោយបញ្ចប់សង្រ្គាមផ្ទៃក្នុង នេះក៏ជាកំណត់ត្រាថ្មីដែលបានបំបែកកាលពីឆ្នាំ២០១៣ ផងដែរ ដែលពេលនោះ កម្ពុជាឈ្នះមេដាយសរុបរហូតដល់ ៤៧គ្រឿង ដោយបានឈ្នះមាស ៨គ្រឿង ប្រាក់ ១១គ្រឿង និងសំរឹទ្ធ ២៨គ្រឿង ។

សរុបប្រភេទកីឡា និងមេដាយ ដែលកម្ពុជាទទួលបាននៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ ដែលនៅសល់ ២ថ្ងៃទៀតទើបបញ្ចប់ជាផ្លូវការនោះ រួមមាន៖

  • មេដាយមាស ៨គ្រឿង៖ មានលើប្រភេទកីឡាវ៉ូវីណាម ៣គ្រឿង, កីឡាប៊ូល និងប៉េតង់ ២គ្រឿង, កីឡាឃីកបុកស៊ីង ១គ្រឿង, កីឡាតេក្វាន់ដូ WT ១គ្រឿង និងកីឡាចំបាប់ ១គ្រឿង ។

  • មេដាយប្រាក់ ១០គ្រឿង៖ លើប្រភេទកីឡាឃីកបុកស៊ីង ៣គ្រឿង, កីឡាប៊ូល និងប៉េតង់ ២គ្រឿង, កីឡាវ៉ូវីណាម ២គ្រឿង, កីឡាតេក្វាន់ដូ WT ១គ្រឿង, កីឡាចំបាប់ ១គ្រឿង និងកីឡាកាយសម្ព័ន្ធ ១គ្រឿង ។

  • មេដាយសំរឹទ្ធ ៣៩គ្រឿង៖ មាននៅលើកីឡាវ៉ូវីណាម ៨គ្រឿង, កីឡាប្រដាល់គុនខ្មែរ ៦គ្រឿង, កីឡាចំបាប់ ៤គ្រឿង, កីឡាវូស៊ូ ៣គ្រឿង, កីឡាតេក្វាន់ដូ WT ៣គ្រឿង, កីឡាការ៉ាតេ ៣គ្រឿង, កីឡាប្រដាល់សកល ៣គ្រឿង, កីឡាប៊ូល និងប៉េតង់ ៣គ្រឿង, កីឡាឃីកបុកស៊ីង ១គ្រឿង, កីឡាទូកកានូ/រ៉ូអ៊ីង ១គ្រឿង, កីឡាជឺជីតស៊ូ ១គ្រឿង, កីឡាយូដូ ១គ្រឿង, កីឡាកាយសម្ព័ន្ធ ១គ្រឿង និងកីឡាបាល់ទះ ១គ្រឿង ៕

ប្រភព ៖ CAMSOC

អត្ថបទដោយ ៖ Rathika