កំពូលបិតាគំរូ! មិនចង់ឱបកូនរង់ចាំថ្ងៃបាត់បង់ជីវិត បុរសជនជាតិចិនម្នាក់សុខចិត្តពិសោធន៍រកថ្នាំមកព្យាបាលកូនប្រុសឈឺពេទ្យលែងទទួល (មានវីដេអូ)

237

ចំពោះក្មេងប្រុសជនជាតិចិនអាយុ ២ ឆ្នាំឈ្មោះ Hao Yang កើតមកមានជម្ងឺហ្សែនដ៏កម្រដែលតម្រូវឱ្យរូបគេត្រូវលេបថ្នាំរហូត ។

តែបញ្ហា​គឺ​នៅ​ពេល​ដែល​ប្រទេស​ចិន​បិទ​ព្រំដែន​ដោយ​សារ​ការ​រាតត្បាត​នៃ​មេរោគ​កូវីឌ-១៩ ក្មេងប្រុសតូចម្នាក់នេះ មិនអាចរកថ្នាំដើម្បីបំបាត់រោគសញ្ញាបាន សូម្បី​តែ​គ្រូ​ពេទ្យ​ក៏​និយាយ​ថា​ Yang ​អាចរស់នៅបានតែមួយខែទៀតប៉ុណ្ណោះ ។

តែទោះ​បី​ជា​យ៉ាង​ណា លោក Su Wei ឪពុក​របស់​ក្មេង​នេះ បាន​បដិសេធ​មិន​ព្រម​ចុះ​ចាញ់​ឡើយ ផ្ទុយទៅវិញឪពុកម្នាក់នេះ បានចំណាយលុយបង្កើតបន្ទប់ពិសោធន៍នៅក្នុងផ្ទះ បង្កើតថ្នាំព្យាបាលកូនប្រុសដោយខ្លួនឯង ។

យោងតាមកាសែត The Straits Times ក្មេងប្រុស Hao Yang មានរោគសញ្ញា Menkes Syndrome គឺជាជំងឺដែលប៉ះពាល់ដល់ការស្រូបយក និងដំណើរការនៃការផលិតទង់ដែងនៅក្នុងខ្លួន។

រោគសញ្ញា Menkes Syndrome គឺជាជំងឺដ៏កម្រមួយ ដោយសារតែទារកប្រហែល ១ នាក់ក្នុងចំណោម ២៥០,០០០ នាក់កើតជំងឺនេះ ហើយភាគច្រើននៃអ្នកជំងឺដែលមានជំងឺនេះបនឹងបាត់បង់ជីវិតនៅអាយុ ៣ ឆ្នាំ ។

លើសពីនេះសូម្បីថ្នាំព្យាបាលអាការៈនេះ ក៏មិនត្រូវបានដាក់លក់ជាទូទៅនៅក្នុងប្រទេសចិនទេ ភាគច្រើនត្រូវតែនាំចូលពីបរទេសតែប៉ុណ្ណោះ ដូច្នេះ​ពេល​ចិន​បិទ​ប្រទេស​បែប​នេះ Hao Yang ស្ទើរតែគ្មានឱកាសទទួលថ្នាំទាន់ពេល ។

ប៉ុន្តែ​ជំនួស​ឲ្យ​ការ​បោះបង់​ចោល​ លោក Su Wei ដែល​ទើប​តែ​រៀន​ចប់​វិទ្យាល័យ និងរកប្រាក់បានពីការធ្វើអាជីវកម្មអនឡាញតូចមួយ ផ្ទុយទៅវិញមិនចុះចាញ់បោះបង់ការចំណាយលើការសិក្សាពីជំងឺដ៏សាហាវនេះ តាមរយៈការស្រាវជ្រាវពីប្រភពបរទេសដោយប្រើកម្មវិធីបកប្រែ និងរៀនអំពីឱសថដោយខ្លួនឯង។

“មិត្តភ័ក្តិ និងគ្រួសាររបស់ខ្ញុំទាំងអស់គ្នាប្រឆាំងនឹងទង្វើរបស់ខ្ញុំ ដោយ​និយាយ​ថា​វា​មិន​អាច​ទៅ​រួច” លោក Su Wei បានលើកឡើងនៅក្នុងបទសម្ភាសន៍ ។

វាជាសំណាងសម្រាប់គាត់ដែលលោក Su Wei បានរកឃើញថា អាការៈកូនប្រុសគាត់គឺ អាចត្រូវបានកាត់បន្ថយជាមួយនឹងសារធាតុអ៊ីស្តាឌីនទង់ដែង ដែលអាចត្រូវបានបង្កើតឡើងដោយលាយ copper chloride dihydrate ជាមួយសូដ្យូម Hydroxide និងទឹក ។

ដូច្នេះគាត់​បាន​បំប្លែង​ផ្នែក​នៃ​ផ្ទះ​ទៅ​ជា​បន្ទប់​ពិសោធន៍ លាយថ្នាំពិសោធជាមួយទន្សាយ និងខ្លួនគាត់ មុន​នឹង​យក​វា​ទៅ​ឲ្យកូនប្រុសរបស់គាត់លេប ដើម្បី​ជំនួស​ទង់ដែង​ដែលខ្វះខាត។

“ទន្សាយក៏មិនអី ខ្ញុំក៏សុខសប្បាយពេលប្រើថ្នាំ ដូច្នេះ​ទីបំផុត ខ្ញុំ​បាន​សាកល្បង​វា​លើ​កូនប្រុស​របស់ខ្ញុំ​”

ជាការពិតណាស់ ការធ្វើបែបនេះគឺមិនមានសុវត្ថិភាពទេ ប៉ុន្តែ​នេះ​ជា​វិធី​ចុង​ក្រោយ​ដែល​លោក​ Su Wei នឹង​ជួយ​ជីវិត​កូន​ប្រុស​គាត់។

នេះបើតាម​ការ​ត្រួត​ពិនិត្យ​រហូត​ដល់​បច្ចុប្បន្ន អ្នក​គីមីវិទ្យា​ស្ម័គ្រ​ចិត្ត​ម្នាក់​អះអាង​ដូច្នេះថា កម្រិតទង់ដែងនៅក្នុងខ្លួនរបស់កូនប្រុសគាត់បានត្រលប់មកធម្មតាវិញក្នុងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីការចាប់ផ្តើមការព្យាបាល។

តែគួរឲ្យស្តាយយោងតាមសាស្ត្រាចារ្យ Annick Tooten អ្នកជំនាញខាងជំងឺកម្រនៅសកលវិទ្យាល័យ Tour ថាថ្នាំរបស់ Su Wei ហាក់ដូចជាជួយបន្ធូរបន្ថយអាការៈកូនប្រុសរបស់គាត់ប៉ុណ្ណោះ ទោះយ៉ាងណាវាមិនអាចជួយឱ្យរោគសញ្ញាអាចជាសះស្បើយបានទេ។

យ៉ាងណាមិញ ក្រោយមកការងាររបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍របស់   VectorBuilder មន្ទីរពិសោធន៍ជីវបច្ចេកវិទ្យាអន្តរជាតិ ដែលបានទាក់ទងលោក Su Wei សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍការព្យាបាលដោយហ្សែនដើម្បីព្យាបាលរោគសញ្ញា Menkes Syndrome នេះទៀតផង ។

“ខ្ញុំគ្រាន់តែចង់ទទួលខុសត្រូវចំពោះកូនខ្លួនឯង ខ្ញុំ​មិន​ចង់​ឱ្យ​គាត់​រង់ចាំ​ការ​ស្លាប់​ដោយ​ក្តី​អស់​សង្ឃឹម ទោះបីជាយើងបរាជ័យក៏ដោយ យ៉ាងហោចណាស់កូន​ប្រុស​ខ្ញុំអាចនៅមាន​សង្ឃឹម​ថា​នឹង​បន្ត​ជីវិត​ទៀត” នេះជាការលើកឡើងចុងក្រោយរបស់លោក Su Wei ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ scmp, straitstimes និង odditycentral