អ៊ំចង់ប្រាប់ឯងថាកុំចេះដឹងរឿងគេខុសរឿង! បង្ហោះសារស៊ីត្រាវអំពីបណ្ណាការរវាងមហាសេដ្ឋចិន និងក្មេងស្រីដ៏ស្រស់ស្អាត ចុងក្រោយជាប់បណ្ដឹងបណ្ដោយ

ថ្មីៗនេះមានដំណឹងតាមអ៊ីនធឺណិតថា មហាសេដ្ឋីជនជាតិចិនអាយុ ៧៣ ឆ្នាំមកពីទីក្រុង Dongguan ខេត្ត Guangdong បានរៀបការជាមួយនារីវ័យក្មេងម្នាក់ ដោយចំណាយប្រាក់ ២ លានយ័ន (ប្រហែល ៣១៣១០០ ដុល្លារ) ។

បញ្ហា​នេះ វាបានកើតឡើងបន្ទាប់ពីរូបភាពបុរស និងស្ត្រី ដែលមានអាយុខុសគ្នាឆ្ងាយត្រូវបានចែករំលែកក្នុងឈុតពណ៌ស មើលទៅដូចជាថតរូបមុនរៀបការ រហូត​ដល់អ្នក​លេង​អ៊ីនធឺណិត​យល់​ថា ​ពួកគេ​មាន​ទំនាក់ទំនង​ស្នេហានឹងគ្នា។

បុរស​ចំណាស់​ក្នុង​រូប​នេះ​ជា​មហា​សេដ្ឋី​វ័យ ៧៣ ឆ្នាំ​ដូច​បាន​រៀបរាប់​ខាង​ដើម រីឯស្ត្រី​វ័យ ​២៩ ​ឆ្នាំ​ត្រូវ​បាន​គេគិតថា​ដូចឪពុក និង​កូន។ អ្នកចែកចាយបានបញ្ជាក់ទៀតថា ​ថ្លៃ​បណ្ណាការ​ដែល​មហា​សេដ្ឋី​ឲ្យ​ស្ត្រី​នោះ ក្នុង​នោះ​រួម​មាន​អាផាតមិន​ពីរ និង​ឡាន​ទំនើប​មួយគ្រឿង​។

យ៉ាង​ណា​មិញ បន្ទាប់​ពី​រឿង​នេះ​បាន​រីក​រាល​ដាល និង​ទទួល​បាន​ការ​រិះគន់​យ៉ាងខ្លាំង។ នារី​ក្នុង​រូប​នេះ​ក៏​បាន​លាតត្រដាង​ពី​ការ​ពិត​ផ្នែក​ម្ខាង​ទៀត​តាម​រយៈ weibo _Niki君 ដោយបង្ហាញថា​ពាក្យ​ចចាម​អារ៉ាម​ទាំង​នោះ វាជារឿងមិនពិតទាល់តែសោះ ព្រោះ​បុរស​ចំណាស់ក្នុង​រូប​នេះ​ជា​ជីតា​ពិត​របស់​នាង។

សម្រាប់រូបភាពបែបនេះ ក្មេងស្រីនេះបាននិយាយថា វាត្រូវបានថតនៅឆ្នាំ ២០១៨ នៅពេលដែលជីតារបស់នាងមកលេងនាងនៅទីក្រុងសៀងហៃ។ ដូច្នេះ​ហើយ​នាង​ និង​ជីតា​ បាន​ថតរូប​ជុំ​គ្នា​ទុក​ជា​អនុស្សាវរីយ៍ ហើយជាធម្មតា​នាង និង​ជីតា​ថតរូប​ជាមួយគ្នា​បែបនេះ​ជាប្រចាំ​។

ប៉ុន្តែមាននរណាម្នាក់បានយករូបភាពនោះទៅចែករំលែកនៅលើបណ្តាញសង្គម និងបង្កើតពាក្យចចាមអារ៉ាមដ៏អាក្រក់ ដែលជារឿងមិនពិតទាល់តែសោះ ធ្វើ​ឱ្យ​នាង​ត្រូវ​បាន​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​ធ្វើការរិះគន់។

ឥឡូវ​ស្ត្រី​រូប​នេះ​បាន​ពិគ្រោះ​ជាមួយ​មេធាវី និង​ប្រមូល​ភស្តុតាង​ផ្សេងៗ ដើម្បីដាក់ទោសជនទីមួយ ដែលចែករំលែករូបភាពរបស់នាងដោយគ្មានការអនុញ្ញាត និងបង្កើតពាក្យចចាមអារ៉ាមក្លែងក្លាយដើម្បីបង្ខូចកិត្តិយសនាង និងក្រុមគ្រួសារ។

ក្មេងស្រីរូបនេះបាននិយាយថា “ពាក្យចចាមអារ៉ាមនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់ខ្ញុំ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​បង្កើត​ពាក្យ​ចចាមអារ៉ាម​នេះ​ ទទួល​ទោស​ ឲ្យ​សម​នឹងទង្វើរបស់គាត់»។

ថ្មីៗនេះ គេហទំព័រ ettoday បានលាតត្រដាងថា ភាគីដែលបានបញ្ចេញពាក្យចចាមអារ៉ាមនោះ បានដឹងរួចមកហើយអំពីរឿងនេះ។ ប៉ុន្តែនៅតែមានអាកប្បកិរិយាស្ងៀមស្ងាត់ ហើយ​មិន​បាន​ចេញ​មុខ​ឆ្លើយ​តប ឬ​បង្ហោះ​សារ​សុំទោស​តាម​បែប​ណា​ឡើយ៕ ប្រភពពី៖ ettoday scmp