អ្នកចូលចិត្តកែសម្ផស្សប្រយ័ត្នឲ្យមែនទែន! មកដឹងពីអាហារមួយចំនួនដែលត្រូវតមឲ្យបាន ក្រោយវះកាត់ហើយ

178

បច្ចុប្បន្ននេះ មនុស្សកាន់តែច្រើនបានងាកទៅរកការវះកាត់កែសម្ផស្ស ព្រោះអាចជួយកែលំអចំណុចអាក្រក់របស់ខ្លួនក្លាយជាចំណុចមួយដែលល្អខ្លាំងបានយ៉ាងងាយស្រួល មិនថាការវះកាត់ត្របកភ្នែក វះកាត់ត្របកភ្នែកពីរជាន់ បង្រួមមុខ ពង្រីកចង្កា ឬការវះកាត់ពង្រីកដើមទ្រូងនោះទេ។ ប៉ុន្តែ​បើ​ទោះបី​ជា​គ្រូពេទ្យ​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​ស្អាត​ប៉ុណ្ណា​ក៏​ដោយ ការថែរក្សាខ្លួនអ្នកបន្ទាប់ពីការវះកាត់ក៏មានសារៈសំខាន់ផងដែរ ដែលអ្នកគួរតែអនុវត្តតាមយ៉ាងតឹងរ៉ឹង។ ជាពិសេស​បញ្ហា​អាហារ​ត្រូវ​ប្រយ័ត្ន ព្រោះ​បើ​ចៃដន្យ​ញ៉ាំ​ដែល​មិន​ស័ក្តិសម​នឹង​រាង​កាយ​នៅពេល​នោះ អាចធ្វើឱ្យ​មុខរបួស​វះកាត់​រលាក ឆាប់​ជា​សះស្បើយ ហើយ​អាច​មាន​ការប្រែប្រួល​ខុស​ពី​លទ្ធផល​ដែល​ចង់បាន​។

១. អាហារហឹរ
អ្នកណា​ដែល​ចូលចិត្ត​ញ៉ាំ​អាហារ​ហឹរ ត្រូវតែ​ចៀសវាង​ក្នុង​រយៈពេល​នេះ​ ហើយរង់ចាំឱ្យមុខរបួសជាសះស្បើយជាមុនសិន។ ជាពិសេសអ្នកដែលបានវះកាត់ច្រមុះគួរតែប្រុងប្រយ័ត្នបំផុត ព្រោះការទទួលទានអាហារដែលមានរសជាតិហឹរ អាចបណ្តាលឱ្យហៀរសំបោររំអិល។ ដោយទឹករំអិលអាចមានមេរោគ និងការចម្លងរោគលឿនដែលអាចបណ្តាលឱ្យមានដំបៅ រលាក និងឆ្លងមេរោគ។

២. អាហារសមុទ្រមួយចំនួន
ចំពោះ​បញ្ហា​នេះ អ្នក​ដែល​មាន​អា​ឡែ​ស៊ី​ជាមួយ​អាហារ​សមុទ្រ ​គួរតែ​ចៀសវាង​ជា​ដាច់ខាត។ ប្រសិន​បើ​មាន​អាឡែក​ហ្សី​អាហារ ​បន្ទាប់​ពី​ការ​វះ​កាត់​ អាច​ធ្វើ​ឱ្យ​មុខ​របួស​កាន់​តែ​ពន្យាពេល​យឺត​ក្នុង​ការ​ជា​សះ​ស្បើយ ឬ​អាច​ក្លាយ​ជា​គ្រោះ​ថ្នាក់ធ្ងន់ធ្ងរ។ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ចំនួន​ដែល​មិន​ប្រាកដ​ថា ​មាន​អា​ឡែ​ស៊ី​ជាមួយ​អាហារ​សមុទ្រ​ឬ​អត់​នោះ​ទេ សូមជៀសវាងវាជាមុនសិន ចាំ​ឲ្យ​មុខ​របួស​វះ​កាត់​ជា​សះ​ស្បើយ​ទាំង​ស្រុង រួច​មក​ហូប​វិញបាន។

៣. វីតាមីន និងអាហារបំប៉នផ្សេងៗ
នេះត្រូវបានគេចាត់ទុកថា មានសារៈសំខាន់ខ្លាំងណាស់ព្រោះមុនពេលវះកាត់មានការណែនាំរួចហើយពីវេជ្ជបណ្ឌិតឱ្យឈប់ប្រើថ្នាំវីតាមីននិងអាហារបំប៉នផ្សេងទៀត។ ដោយសារតែវីតាមីន និងអាហារបំប៉នមួយចំនួនដូចជា វីតាមីន E ប្រេងត្រី ស្លឹកជីងហ្គោ យិនស៊ិន រួមទាំងអាស្ពីរីន អាចបណ្តាលឱ្យមានប្រតិកម្មផ្សេងៗចំពោះមុខរបួសវះកាត់ ប៉ះពាល់ដល់ការហើម និងស្នាមជាំនៃមុខរបួសផងដែរ។

៤. ភេសជ្ជៈមានជាតិអាល់កុល
ក្រោយ​វះកាត់​ថ្មី បើ​នរណា​ម្នាក់​អញ្ជើញ​អ្នកឲ្យ​ផឹក​ស្រា​ស្រវឹង​នៅ​កន្លែង​ណា​ក៏​មិន​ត្រូវ​ផឹក​ជាដាច់ខាត។ ដោយសារតែជាតិអាល់កុលពីភេសជ្ជៈបែបនេះនឹងប៉ះពាល់ដល់មុខរបួសវះកាត់ ធ្វើឲ្យរយៈពេលនៃការព្យាបាលមុខរបួសយឺត។ លើសពីនេះការផឹកស្រាអាចបណ្តាលឱ្យស្រវឹង ខ្វះស្មារតី បង្កគ្រោះថ្នាក់ដែលអាចប៉ះពាល់ដល់មុខរបួស។ មួយវិញទៀត ការជក់បារីគួរតែត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងផងដែរ ព្រោះអាចធ្វើឱ្យបេះដូងលោតញាប់ សម្ពាធឈាមខ្ពស់ ស្លេសច្រើន បង្កជាហានិភ័យនៃការឆ្លងមេរោគនៅក្នុងប្រហោងច្រមុះ៕

ប្រភព៖ បរទេស