អញ្ជឹងបានថាល្មមៗយកទៅ! ស្ត្រីឥណ្ឌាមានកូនដំបូងនៅអាយុ ៧០ ឆ្នាំ ក្លាយជាម្តាយ ដែលមានកូនក្នុងវ័យចាស់ជាងគេលើពិភពលោក (មានវីដេអូ)

ស្ត្រីឥណ្ឌាម្នាក់បានបង្កើតជំពូកថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រ ដោយនាងមានកូននៅអាយុច្រើនបំផុតមិនធ្លាប់មាន។

ថ្មីៗនេះលោកស្រី Jivunben Rabari អាយុ ៧០ ឆ្នាំ បានសម្រាលកូនតាមរយ: IVF ដោយកូនរបស់នាងគឺជាកូនដំបូង ដែលប្តីនាងមានអាយុ ៧៥ ឆ្នាំ បន្ទាប់ពីរៀបការបាន ៤៥ ឆ្នាំ។

Rabari រស់នៅក្នុងភូមិតូចមួយឈ្មោះ Mora ក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា។ នាងមិនមានអត្តសញ្ញាណប័ណ្ណ ដែលបញ្ជាក់ពីអាយុពិតរបស់នាងទេ ប៉ុន្តែនាងអះអាងថាមានអាយុ ៧០ ឆ្នាំហើយ។

ការមានកូនដំបូងរបស់នាងនៅអាយុ ៧០ ឆ្នាំធ្វើ ឱ្យ Rabari ក្លាយជាម្តាយចាស់ជាងគេបំផុតនៅលើពិភពលោក។

វេជ្ជបណ្ឌិត Naresh Bhanushali ដែលបានធ្វើការវះកាត់ IVF ឲ្យកូនរបស់ Rabari និងស្វាមីរបស់នាងបាននិយាយថា “ មុននេះពួកគេបានមកជួបខ្ញុំ ដើម្បីពិភាក្សាអំពីការដែលគ្មានកូន ហើយពួកគេមានវ័យចំណាស់ណាស់ទៅហើយ ប៉ុន្តែអ្នកទាំងពីរមានឆន្ទៈក្នុងការមានកូន ”។

ជាការពិតដំបូងគ្រូពេទ្យមានការព្រួយបារម្ភបន្តិចអំពីការជួយគូស្វាមីភរិយាមួយគូនេះឲ្យមានកូនតាមវិធីវះកាត់ ដោយសារតែការមានផ្ទៃពោះនៅអាយុ ៤០ ឆ្នាំឡើងទៅអាចប៉ះពាល់ដល់សុខភាពទារក និងមានហានិភ័យខ្ពស់នៃផលវិបាក។

យោងតាមសាកលវិទ្យាល័យភូមិន្ទសម្ភព និងរោគស្ត្រី (RCOG) អាយុសមស្របសម្រាប់ការមានកូន គឺអាយុ ២០-៣៥ ឆ្នាំ ដូច្នេះគ្រូពេទ្យភាគច្រើនមិនផ្តល់ IVF ដល់ស្ត្រីដែលមានអាយុលើសពី ៤៥ ឆ្នាំទេ។

ចំពោះកូនដំបូងរបស់ Rabari ជាមួយស្វាមីរបស់នាងមិនមានរបាយការណ៍ពីបញ្ហាសុខភាពរបស់នាងទេ រហូតមកដល់ពេលនេះ។ វាជាកាដូពិសេសដែលឪពុកម្តាយបានរង់ចាំជាយូរមកហើយ៕ ប្រភពពី៖ metro / caribbean