ជីវិតថ្លៃមែន! លោក Ken Chu ក្រុម F4 ឆ្លងជំងឺកូវីដ-១៩ អត់ដឹងខ្លួនអីបន្តិច មកដឹងខ្លួននៅពេលទៅធ្វើរឿងនេះ

214

តារាចម្រៀង និងសម្តែងតៃវ៉ាន់លោក Ken Chu ដែលត្រូវបានគេស្គាល់ថាជា Ken F4 បានប្រាប់ Apple Daily របស់តៃវ៉ាន់ថា គាត់ប្រហែលជាឆ្លងកូវីដ-១៩ តាំងពីមុនការរីករាលដាលនៅជុំវិញពិភពលោក ប៉ុន្តែគាត់មិនដឹងខ្លួនទេ ។

លោក Ken បាននិយាយថា នៅចុងឆ្នាំ ២០១៩ គាត់បានធ្វើដំណើរពាសពេញប្រទេសចិនដីគោក ស្រាប់តែគាត់មានអារម្មណ៍ក្តៅខ្លួនមួយថ្ងៃ ហើយឈឺបំពង់កពេលគាត់នៅហួយចូវ “ខ្ញុំមានអារម្មណ៍ថា វាមិនដូចជំងឺផ្តាសាយធម្មតាទេ ព្រោះវាឈឺខ្លាំងណាស់មានអារម្មណ៍ចត់នៅបំពង់កផងដែរ”

នៅពេលនោះគាត់មិនគិតថាវាធ្ងន់ធ្ងរទេ ដូច្នេះគាត់បានប្រើថ្នាំតាមរោគសញ្ញា ដើម្បឲ្យធូរស្រាលទាន់ការសម្តែងនៅថ្ងៃបន្ទាប់ ។

អ្វីដែលសំខាន់បំផុតនោះគឺភរិយារបស់គាត់ “Vivian Han” តែងតែនៅជាមួយគ្នាមុនពេលលោកនឹងត្រលប់មកតៃវ៉ាន់វិញតែម្នាក់ឯង នៅខែមករាឆ្នាំ ២០២០ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិន។

កន្លងផុតបន្តិចក្រោយមកជំងឺកូវីដ-១៩ ត្រូវបានរីករាលដាលនៅទូទាំងពិភពលោក ហើយគាត់បានស្នាក់នៅកោះតៃវ៉ាន់អស់រយៈពេលជាយូរ ។

លុះនៅពេលលោកចាប់ផ្តើមចង់ចាក់វ៉ាក់សាំង លោកក៏ពិភាក្សាជាមួយវេជ្ជបណ្ឌិតថាតើគាត់អាចចាក់វាបានឬអត់? ដោយសារតែគាត់កើតជំងឺ fibromyalgia ឬជំងឺរ៉ាំរ៉ៃដែលបណ្តាលអោយមានការឈឺចាប់អស់កម្លាំង ទន្ទឹមនឹងនោះគាត់ក៏បានប្រាប់ទៅវេជ្ជបណ្ឌិតអំពីការសង្ស័យនៅមុននេះថា គាត់ប្រហែលជាបានជាសះស្បើយពីកូវីដ-១៩ ម្ល៉ោះហើយចង់ពិនិត្យឲ្យប្រាកដចិត្ត ។

បន្ទាប់មកលោក Ken បានធ្វើតេស្តរកអង្គបដិប្រាណ ហើយលទ្ធផលចេញមកថា គាត់បានឆ្លងមេរោគហើយពិតជាបានជាសះស្បើយមែន ។ ដូច្នេះហើយគាត់ក៏ជឿជាក់ថា ប្រពន្ធរបស់គាត់ប្រហែលជាឆ្លងពីគាត់ដែររួចជាសះស្បើយដែរហើយ ព្រោះមានពេលមួយនោះអ្នកនាងក៏មានអារម្មណ៍មិនស្រួលដែរ ៕

ប្រភព៖ Apple Daily