រុស្ស៊ីធ្វើតេស្តវ៉ាក់សាំង កូវីដ-១៩ ក្នុងទម្រង់តាមបាញ់ច្រមុះ សមស្របសម្រាប់កុមារ

ម៉ូស្គូ៖ យោងតាមឯកសាររដ្ឋមួយ ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីនឹងធ្វើតេស្តវ៉ាក់សាំងក្នុងទម្រង់បាញ់តាមច្រមុះ ស្ពុតនីក វី ប្រឆាំងនឹងកូវីដ-១៩ ក្នុងចំណោមអ្នកស្ម័គ្រចិត្តជាមនុស្សពេញវ័យ។

ប្រទេសរុស្ស៊ីបានអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់វ៉ាក់សាំង ស្ពុតនីក យ៉ាងឆាប់រហ័សនៅពេលដែលជម្ងឺរាតត្បាតកូវីដ-១៩ បានផ្ទុះឡើងកាលពីឆ្នាំមុន ប៉ុន្តែនៅតែមានភាពយឺតយ៉ាវ ដោយមានប្រជាជនរុស្ស៊ីជាច្រើនលើកឡើងពីការមិនទុកចិត្តអាជ្ញាធរ និងខ្លាចផលិតផលវេជ្ជសាស្ត្រថ្មី។

យោងតាមឯកសារដែលបានចុះផ្សាយនៅលើបញ្ជីឱសថរបស់រដ្ឋ មិនបានផ្តល់ពេលវេលាគ្រោងទុកនៃការធ្វើតេស្តថ្នាំបាញ់តាមច្រមុះនេះទេ ប៉ុន្តែវានឹងត្រូវប្រើបាញ់តាមច្រមុះចំនួនពីរលើកធ្វើតេស្តនៅមជ្ឍមណ្ឌលស្រាវជ្រាវ ក្នុងទីក្រុងសាំងពេទឺប៊ឺគ។

ប្រធានាធិបតី វ្ល៉ាឌីមៀរពូទីន បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីត្រូវការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជម្ងឺកូវីដ-១៩ ខណៈប្រទេសនេះបានកត់ត្រាចំនួនអ្នកស្លាប់ត្រឹមតែមួយថ្ងៃខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើងនៃជម្ងឺរាតត្បាត។

អាជ្ញាធររុស្ស៊ី បាននិយាយកាលពីខែមិថុនាថា វ៉ាក់សាំងបាញ់តាមច្រមុះ សមស្របសម្រាប់កុមារអាយុពី ៨ ទៅ ១២ ឆ្នាំត្រូវបានសាកល្បង ហើយផែនការនឹងដាក់ឲ្យដំណើរការផលិតផលថ្មីឆាប់ៗនេះ៕ ប្រភពពី៖ reuters