ការចាក់សោរបញ្ចប់សម្រាប់ប្រជាជនឡាប៉ាល់ម៉ាចំនួន ៣.០០០ នាក់ នៅពេលផ្សែងភ្នំភ្លើងរលាយបាត់អស់

ឡាប៉ាល់ម៉ាប្រទេសអេស្ប៉ាញ៖ ប្រជាជនជាង ៣ ពាន់នាក់នៅឡាប៉ាល់ម៉ា ត្រូវបានគេប្រាប់កាលពីថ្ងៃអង្គារថាពួកគេអាចចាកចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីអាជ្ញាធរបានបញ្ចប់ការបិទទ្វារ ដែលបណ្តាលមកពីផ្សែងអ័ព្ទក្រាស់ពីភ្នំភ្លើង ដោយបានបំផ្លិចបំផ្លាញកោះកាណារី ប្រទេសអេស្ប៉ាញ។

កម្អែលភ្នំភ្លើងក្តៅ ដែលហូរចេញពីភ្នំភ្លើង ខាមប្រេ វីចា បានឆាបឆេះរោងចក្រស៊ីម៉ងត៍មួយកាលពីថ្ងៃច័ន្ទ ដោយបង្កើនផ្សែងពាសពេញតំបន់ និងជំរុញឱ្យអាជ្ញាធរបញ្ជាឱ្យប្រជាជននៅតំបន់នេះស្ថិតនៅតែក្នុងផ្ទះ។

សេវាកម្មសង្គ្រោះបន្ទាន់បានណែនាំប្រជាជននៅទីប្រជុំជនអេលប៉ាសូ និងឡូសឡាណូសដឺអារីដាន ឱ្យនៅខាងក្នុងផ្ទះបិទបង្អួច និងបិទម៉ាស៊ីនត្រជាក់ ដើម្បីចៀសវាងការស្រូបផ្សែងពុលចេញពីរោងចក្រស៊ីម៉ងត៍ ដែលកំពុងឆេះ ខណៈដែលវាត្រូវបានកំទេចដោយកម្អែលភ្នំភ្លើង។

កាលពីថ្ងៃអង្គារអាជ្ញាធរបាននិយាយថា ពពកផ្សែងបានកន្លងផុតទៅ ហើយគុណភាពខ្យល់បានប្រសើរឡើង ដូច្នេះប្រជាពលរដ្ឋចំនួន ៣៥០០ នាក់អាចចាកចេញពីផ្ទះរបស់ពួកគេ។

យោងតាមវិទ្យាស្ថានភូមិសាស្ត្រជាតិអេស្ប៉ាញ មានចលនារញ្ជួយចំនួន ១៨ កន្លែង នៅថ្ងៃអង្គារឲកម្រិតខ្ពស់បំផុត ៣.៨ វិទ័រ ។

លោក Miguel Angel Morcuende នាយកបច្ចេកទេសនៃផែនការគ្រាអាសន្នភ្នំភ្លើងនៅកោះកាណារិ បាននិយាយថា ឡាប៉ាល់ម៉ា មានការផ្ទុះដែលបានចាប់ផ្តើមនៅថ្ងៃទី ១៩ ខែកញ្ញា បានបំផ្លាញផ្ទៃដីសរុបជិត ៦០០ ហិកតា។

បន្ទាប់ពីភ្នំភ្លើងបានបាក់ផ្នែកមួយកាលពីថ្ងៃសៅរ៍ កម្អែលភ្នំភ្លើងបានហូរឆ្ពោះទៅសមុទ្រ ដោយបានលេបត្របាក់ចំការចេក ផ្លែបឺរ និងផ្ទះដែលនៅសេសសល់ភាគច្រើននៅក្នុងទីក្រុងតូដូក។

មនុស្សប្រហែល ៦.០០០ នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេនៅឡាប៉ាល់ម៉ា ដែលមានប្រជាជនសរុបប្រហែល ៨៣.០០០ នាក់៕ ប្រភពពី៖ reuters