បុរសបូស្នៀម្នាក់ បានសាងសង់ផ្ទះអាចបង្វិល ដើម្បីផ្គាប់ចិត្តប្រពន្ធរបស់គាត់ (មានវីដេអូ)

អេសប៊ីអេសបូស្នៀ៖ ដើម្បីស្វែងរកការផ្គាប់ចិត្តប្រពន្ធរបស់គាត់ ដែលប្រាថ្នាចង់បានទិដ្ឋភាពប្លែកៗចំពោះផ្ទះគ្រួសាររបស់ពួកគេ អ្នកច្នៃប្រឌិតថ្មីម្នាក់ នៅបូស្នៀបានសាងសង់ផ្ទះវិលមួយ ដែលអាចឱ្យនាងមើលព្រះអាទិត្យរះបានយ៉ាងងាយស្រួល។

លោក Vojin Kusic អាយុ ៧២ ឆ្នាំបានប្រាប់រ៉យទ័រថា “ ខ្ញុំធុញទ្រាន់នឹងការត្អូញត្អែររបស់នាង និងការជួសជុលផ្ទះគ្រួសាររបស់យើងឡើងវិញជាញឹកញាប់ ហើយខ្ញុំបាននិយាយថា ខ្ញុំនឹងសង់ផ្ទះបង្វិលឱ្យនាងដើម្បីឱ្យ នាងអាចបង្វិលវាតាមដែលនាងចង់បាន ” ។ ផ្ទះថ្មីរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា។

ផ្ទះនេះមានទីតាំងស្ថិតនៅលើវាលទំនាបដ៏មានជីវជាតិនៅភាគខាងជើងបូស្នៀក្បែរទីក្រុង Srbac ផ្ទះវិលជុំវិញអ័ក្សប្រវែង ៧ ម៉ែត្រ ដែលរចនាដោយ Kusic អាចទស្សនាទេសភាពវាលស្រែ និងដីស្រែ ក៏អាចផ្លាស់ប្តូរទៅទស្សនាព្រៃ និងទន្លេតាមល្បឿនដែលចង់បាន។

លោក Kusic បានមានប្រសាសន៍ថា “ ផ្ទះនេះអាចវិលបានរយៈពេល ២៤ ម៉ោង នៅពេលវាមានល្បឿនយឺតបំផុត ខណៈពេលដែលវិលលឿនបំផុតវាអាចវិលជុំបានក្នុងរយៈពេល ២២ វិនាទី ” ។

ប្រពន្ធរបស់គាត់មិនចង់ធ្វើអត្ថាធិប្បាយអំពីផ្ទះថ្មីនោះទេ។

Kusic បាននិយាយថា គាត់ត្រូវបានបំផុសគំនិតដោយអ្នកច្នៃប្រឌិតជនជាតិអាមេរិកដើមកំណើតស៊ែប៊ី លោក Nikola Tesla និង Mihajlo Pupin ហើយថាមកពីគ្រួសារក្រីក្រ ដោយគ្មានលទ្ធភាពទទួលបានការអប់រំល្អបានបង្ខំគាត់ឱ្យរកវិធីធ្វើអ្វីៗដោយខ្លួនឯង។

លោកបានមានប្រសាសន៍ថា “ នេះមិនមែនជាការច្នៃប្រឌិតថ្មីទេ វាគ្រាន់តែត្រូវការឆន្ទៈ និងចំណេះដឹង ហើយខ្ញុំមានពេលវេលា និងចំណេះដឹងគ្រប់គ្រាន់ ” ដោយបន្ថែមថា គាត់បានសាងសង់ផ្ទះទាំងស្រុងដោយខ្លួនឯង។

គម្រោងនេះបានចំណាយពេល ៦ ឆ្នាំ ដើម្បីបញ្ចប់ លើកលែងតែការឈប់សម្រាកសម្រាប់ការស្នាក់នៅមន្ទីរពេទ្យដោយសារបញ្ហាបេះដូង។ លោកបាននិយាយថា ផ្ទះនេះមានភាពធន់នឹងការខូចខាតដោយសាររញ្ជួយដីជាងផ្ទះដែលនៅទ្រឹង។

” ខ្ញុំបានសុំឱ្យគ្រូពេទ្យព្យាយាមពន្យារអាយុជីវិតខ្ញុំយ៉ាងហោចណាស់មួយឆ្នាំ ព្រោះខ្ញុំចង់បញ្ចប់គម្រោងនេះ ខ្ញុំមិនចង់ឲ្យអ្វីៗដែលខ្ញុំគិតស្ថិននៅតែក្នុងក្បាលរបស់ខ្ញុំ … ហើយគ្មាននរណាម្នាក់ដឹងពីរបៀបបញ្ចប់វា” ៕ ប្រភពពី៖ reuters