នៅចាំនាងបានទេ? បេក្ខនារីពីកម្មវិធី TGT ច្រៀងពិរោះរ៉េបឡើងព្រឺសម្បុរ រហូត​ទទួលបានប៊ូតុងមាស ពេលនេះល្បីដល់រុស្ស៊ីហើយ (មានវីដេអូ)

1203

សម្រាប់ប្រិយមិត្តដែលធ្លាប់ទស្សនាកម្មវិធី Thailand’s Got Talent បងប្អូនច្បាស់ជាចាំ កញ្ញា Alisa Janin Volt Mann ជាបេក្ខនារីពីកម្មវិធី Thailand’s Got Talent រដូវកាលទី ៦ ដែលល្បីពេញក្នុងពេលមួយប៉ប្រិចភ្នែក ដោយសារតែសំលេងច្រៀងរបស់ Alisa នៅក្នុងបទចម្រៀង Love The Way You Lie របស់ Eminem ft. Rihanna ហើយនាងបានរ៉េបដោយផ្ទាល់ទៀត រហូតថ្នាក់គណៈកម្មការក្រោកឈរ ហើយចុចប៊ូតុង Gold Buzzer ឱ្យនាងមានសិទ្ធិឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិតែម្តង ។

ក្រៅពីការច្រៀង សូម្បីមុខរបស់ Alisa ក៏ត្រូវបានគេនិយាយថា គួរឱ្យស្រលាញ់តាមស្ទីលកូនកាត់ថៃ-អាល្លឺម៉ង់ ធ្វើឲ្យនាងទទួលបានការគាំទ្រយ៉ាងខ្លាំង ។ ទន្ទឹមនឹងនោះ អ្នកនិយមលេងអ៊ីនធឺណិត ក៏ផ្អើលចែករំលែករូបភាពរបស់នាងដោយលើកឡើងថា នាងមានមុខមាត់ស្រដៀងនឹង តារាស្រីល្បីឈ្មោះ Mai Davika និងតារាស្រី Matt Peeranee ទៀតផង ។

តែបច្ចុប្បន្ន កេរ្តិ៍ឈ្មោះរបស់ Alisa Janin Vollmann កាន់តែល្បីសុះសាយរហូតទៅដល់បរទេស ហើយនាងក៏ជាអ្នកចំរៀង និងជាតារាសម្តែងថៃដំបូងបង្អស់ ដែលបានបង្ហាញខ្លួននៅលើក្របទស្សនាវដ្តី Moscow Tonight របស់ប្រទេសរុស្សី ដែលបានបោះពុម្ពជាភាសាអង់គ្លេស ជាមួយនឹងកិច្ចសំភាសន៍និងរូបថតគម្របខាងមុខ និងរូបថតដោយអ្នកថតរូបជំនាញជនជាតិអាល្លឺម៉ង់ នៅប៊ែរឡាំងទៀតផង ៕

ប្រភព៖ Siam, Moscow Tonight