រូបចម្លាក់ព្រះសិរមេទេវតាព្រះភ័ក្រ្ត ៤ បានរកឃើញនៅខ្លោងទ្វារតាកាវ

កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ គេហទំព័រអាជ្ញាធរអប្សរាបានបង្ហោះនូវសារមួយចំនួនក្នុងនោះមានរូបចម្លាក់សម័យអង្គរមួយត្រូវបានរកឃើញនៅខ្លោងទ្វារតាកាវ។

ខ្លឹមសារដូចខាងក្រោម៖

ព្រះសិរមេទេវតាព្រះភ័ក្រ្ត៤រកឃើញនៅខ្លោងទ្វារតាកាវ

រូបចម្លាក់ព្រះសិរមេទេវតាត្រូវបានក្រុមការងារជួសជុលខ្លោងទ្វារតាកាវប្រទះឃើញកប់ក្នុងដីនៅក្បែរខឿនជ្រុងឦសាននៃខ្លោងទ្វារតាកាវ កាលពីថ្មីៗនេះ។

រូបព្រះសិរមេទេវតាព្រះភ័ក្រ្ត៤ ដែលបានរកឃើញមានព្រះភ័ក្រ្ត២ត្រឹមពាក់កណ្តាលច្រមុះចុះក្រោម។

ចំពោះចម្លាក់ព្រះសិរទេវតាដែលបានរកឃើញនេះ ក្រុមការងារបានយកទៅធ្វើការផ្គុំសាកល្បងជាមួយនឹងចម្លាក់ស្មាទេវតាដើម្បីផ្ទៀងផ្ទាត់ ជាលទ្ធផលចម្លាក់ព្រះភ័ក្រ្តដែលបានរកឃើញនោះពិតជាត្រូវគ្នាជាមួយនឹងតួខ្លួនមេទេវតាប្រាកដមែន។

បន្ទាប់ពីផ្គុំរួចរាល់ហើយ ក្រុមការងារបានសហការជាមួយនឹងនគរបាលការពារបេតិកភណ្ឌក្នុងតំបន់អង្គរ ដើម្បីយកចម្លាក់ព្រះភ័ក្រ្តនោះមករក្សាទុកនៅទីតាំងការដ្ឋានខ្លោងទ្វារតាកាវ ដើម្បីធ្វើការជួសជុលឡើងវិញ៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោកស្រី គឹម សេងភក្តី