ស្ត្រីប្តូរភេទ ត្រូវបានចោទប្រកាន់នៅមីសៀ ពីបទប្រមាថសាសនាអ៊ីស្លាមត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ

ថៃ៖ កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា ស្ត្រីកែភេទជនជាតិម៉ាឡេស៊ីម្នាក់ត្រូវបានចោទប្រកាន់ពីបទប្រមាថសាសនាអ៊ីស្លាមនៅឯប្រទេសរបស់នាង ហើយនាងត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃពីបទមានលិខិតឆ្លងដែនមិនត្រឹមត្រូវ ។

តាមសេចក្តីរាយការណ៍ការចាប់ខ្លួននៅខុនដូមួយកន្លែង

យោងតាមប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី Harian Metro សហគ្រិនកំប្លែង Nur Sajat ត្រូវបានចាប់ខ្លួននៅថ្ងៃទី ៨ ខែកញ្ញានៅខុនដូប្រណីតមួយក្នុងទីក្រុងបាងកករួមជាមួយអ្នកប្តូរភេទជនជាតិថៃ បន្ទាប់ពីប៉ូលីសថៃទទួលបានព័ត៌មានពីអាជ្ញាធរម៉ាឡេស៊ី។

ទោះយ៉ាងណា កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថានាងត្រូវបានចាប់ខ្លួន រួមជាមួយបុរស និងស្ត្រីម្នាក់នៅខុនដូ។

បន្ទាប់មកនាងត្រូវបានចោទប្រកាន់ពីបទល្មើសអន្តោប្រវេសន៍រួមទាំងការចូលប្រទេសដោយខុសច្បាប់ ហើយត្រូវបានគេរាយការណ៍ថាបានដោះលែងឱ្យនៅក្រៅឃុំដោយពិន័យជាប្រាក់ ៦៦.០០០ បាត ហើយប្រាប់ឱ្យរាយការណ៍ទៅមន្រ្តីអន្តោប្រវេសន៍រៀងរាល់ ២ សប្តាហ៍ម្តង។

សេចក្ដីរាយការណ៍បង្ហាញថានាងមិនអាចវិលត្រឡប់ទៅម៉ាឡេស៊ីវិញ ដោយសារការគំរាមកំហែងដល់ជីវិត

កាសែត ហារីអានមេត្រូ បានដកស្រង់ប្រភពមួយ ដែលអះអាងថា Nur Sajat បាននិយាយថា នាងមិនអាចវិលត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញបានទេ ដោយសារតែមានការគំរាមកំហែងដល់អាយុជីវិតដែលនាងធ្លាប់បានទទួល បន្ទាប់ពីនាងបានប្រកាសថានាងចង់ចាកចេញពីសាសនាអ៊ីស្លាម។

លើសពីនេះនាងត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួនពីបទខកខានមិនបានបង្ហាញខ្លួនក្នុងសវនាការនៅតុលាការកំពូល Syariah កាលពីខែកុម្ភៈដើមឆ្នាំនេះ ក្រោមការចោទប្រកាន់ពីបទជេរប្រមាថសាសនាអ៊ីស្លាម ដោយស្លៀកពាក់ជាស្ត្រីក្នុងអំឡុងពេលចូលរួមពិធីសាសនានៅមជ្ឈមណ្ឌលសម្រស់របស់នាងក្នុងឆ្នាំ ២០១៨ ។

មន្រ្តីប៉ូលីសម៉ាឡេស៊ី ម្នាក់ឈ្មោះ Abdul Jalil Hassan បាននិយាយថាកិច្ចខិតខំប្រឹងប្រែងកំពុងនាំយក Nur Sajat មកប្រទេសវិញ ហើយឈ្មោះពេញរបស់នាងគឺ Muhammad Sajjad Kamaruz Zaman (មូហាំម៉ាត់ សាចចាដកាម៉ារូហ្ស ហ្សាម៉ាន់)។

ប្តឹងឧទ្ធរណ៍ដើម្បីផ្លាស់ទៅអូស្ត្រាលីក្នុងនាមជាជនភៀសខ្លួន

កាសែត ហារីអានមេត្រូ បានរាយការណ៍បន្ថែមថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានទទួលពាក្យសុំពី Nur Sajat ដើម្បីចាត់ថ្នាក់ជាជនភៀសខ្លួន ក៏ដូចជាការតាំងទីលំនៅថ្មីនៅអូស្ត្រាលី។

ពាក្យស្នើសុំនេះត្រូវបានធ្វើឡើង នៅពេលដែល Nur Sajat បានរកឃើញនៅកន្លែងត្រួតពិនិត្យអន្តោប្រវេសន៍ថា លិខិតឆ្លងដែនរបស់នាងត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ីលុបចោល។

ឥឡូវនេះអង្គការសហប្រជាជាតិ កំពុងសម្លឹងមើលការធានាការយល់ព្រមសម្រាប់ការតាំងទីលំនៅថ្មីរបស់នាងនៅអូស្ត្រាលី។

ទោះយ៉ាងណាបើយោងតាម កាសែតបាងកកប៉ុស្តិ៍ប៉ូលីស ថៃបានបញ្ជាក់ថា Nur Sajat មិនទាន់បានដាក់ពាក្យសុំសិទ្ធិជ្រកកោននយោបាយនៅឡើយទេ៕ ប្រភពពី៖ Harian Metro