សហរដ្ឋអាមេរិក ដកការរឹតបន្តឹងការធ្វើដំណើរសម្រាប់អ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ

សហរដ្ឋអាមេរិក៖ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា សហរដ្ឋអាមេរិកនឹងដកការរឹតបន្តឹងការធ្វើដំណើររបស់ខ្លួនសម្រាប់អ្នកដំណើរតាមអាកាស ដែលបានចាក់វ៉ាក់សាំងពេញលេញពីប្រទេសចំនួន ៣៣ រួមមានចិន ឥណ្ឌា ប្រេស៊ីល និងអឺរ៉ុបភាគច្រើន ។

អ្នកសម្របសម្រួលឆ្លើយតបជំងឺឆ្លងសេតវិមានលោក Jeff Zients មិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់អំពីការបើកដំណើរការឡើងវិញត្រឹមនិយាយថា “ នៅដើមខែវិច្ឆិកា ” ។

រ៉យទ័រ បានបន្ថែមថា ព័ត៌មានលម្អិតនៃគោលនយោបាយថ្មីនេះកំពុងត្រូវបានសម្រេចចិត្តនៅឡើយ។

រដ្ឋបាលបៃដិន កំពុងពិចារណាដាក់តំរូវការវ៉ាក់សាំងសំរាប់ជនបរទេសចាប់តាំងពីខែឧសភា ឆ្នាំ ២០២១ ។

ពលរដ្ឋដែលមិនមែនជាជនជាតិអាមេរិកនឹងត្រូវបង្ហាញពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេមុនពេលធ្វើដំណើរទៅសហរដ្ឋអាមេរិក ដោយមិនរាប់បញ្ចូលកុមារដែលមិនទាន់មានសិទ្ធិទទួលថ្នាំបង្ការ កូវីដ-១៩ ។ ពួកគេក៏មិនតម្រូវឱ្យដាក់ឱ្យនៅដាច់ពីគេដែរនៅពេលមកដល់។

ចំពោះប្រភេទវ៉ាក់សាំងដែលប្រទេសនេះ ទទួលយកនោះសេតវិមានបាននិយាយថា វាអាស្រ័យលើមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជម្ងឺអាមេរិក (CDC) ជាអ្នកសម្រេច។

អ្នកនាំពាក្យ CDC លោកស្រី Kristen Nordlund បាននិយាយថា “ CDC ពិចារណាអ្នកណាម្នាក់ ត្រូវចាក់វ៉ាក់សាំងពេញលេញជាមួយវ៉ាក់សាំង ដែលបានអនុញ្ញាត ឬអនុម័ត ដោយ FDA និងវ៉ាក់សាំងណាមួយ ដែល អង្គការសុខភាពពិភពលោកបានអនុញ្ញាត” ៕ ប្រភពពី៖ reuters