អ្នកទស្សនា ប្រើទង់ជាតិអាមេរិកដើម្បីសង្គ្រោះជីវិតឆ្មា ដែលធ្លាក់កម្ពស់ ១៥ ម៉ែត្រ នៅក្នុងពហុកីឡដ្ឋានម៉ៃអាមី ហ្វូងមនុស្សបានត្រេកអរជាខ្លាំង (មានវីដេអូ)

អាមេរិក៖ វីដេអូដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលពាក់ព័ន្ធនឹងសត្វឆ្មាមួយក្បាលនៅឯកីឡដ្ឋាន Hard Rock ក្នុងទីក្រុងម៉ៃអាមីហ្គាដស៍សហរដ្ឋអាមេរិក បានធ្វើឱ្យកក្រើកអ៊ីនធឺណិត។

វីដេអូបង្ហាញពីសត្វឆ្មា ដែលតោងជាប់ក្រណាត់ត្រឹមម្រាមមួយនៅលើរានហាលខាងលើបានព្យាយាម ប្រើក្រញ៉ាំរបស់វាដើម្បីតោង។

ដោយសារវារអិលធ្លាក់ពីលើ មានកម្ពស់ប្រហែល ៥០ ហ្វីត (១៥ ម៉ែត្រ) រាប់ពីលើទៅក្រោម អ្នកទស្សនាខាងលើបានព្យាយាមទាញឆ្មាឡើង ប៉ុន្តែមិនអាចរួច។

ទីបំផុតឆ្មាមួយក្បាលនេះបានធ្លាក់ចុះ បន្ទាប់ពីវាមិនអាចតោងជាប់នឹងក្រណាត់បានយូររហូតដល់មានសម្លេងស្រែកយ៉ាងរន្ធត់របស់អ្នកទស្សនា។

អរគុណណាស់វានៅមានជីវិតរស់ដើម្បីមើលថ្ងៃស្អែកបន្តទៀត នៅពេលវាធ្លាក់ចំកន្លែងត្រងដែលប្រើទង់ជាតិអាមេរិក។

ហើយហ្វូងមនុស្សបានរីករាយជាខ្លាំងបន្ទាប់ពីបានដឹងថាវានៅមានជីវិត។

មើលវីដេអូនៅទីនេះ៖

ហេតុការណ៍នេះបានកើតឡើងនៅក្នុងការប្រកួតបាល់ទាត់មហាវិទ្យាល័យមួយកាលពីថ្ងៃសៅរ៍ (ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១) ។

យោងតាម NBC Miami ទង់ជាតិនេះជាកម្មសិទ្ធិរបស់លោក Craig Cromer អ្នកគ្រប់គ្រងកន្លែងនៅសាកលវិទ្យាល័យម៉ៃអាមី រួមជាមួយភរិយារបស់គាត់។

បន្ទាប់ពីបានកត់សម្គាល់ឃើញឆ្មានៅពីលើពួកគេ ពួកគេបានដោះទង់ជាតិចេញពីរនាំង ហើយលាតវាចេញដោយសង្ឃឹមថានឹងអាចជួយសង្គ្រោះឆ្មាបាន។

នៅទីបំផុតឆ្មាបានធ្លាក់ចំពីលើទង់ជាតិបន្តិច ហើយរអិលចុះទៅលើដី ប៉ុន្តែត្រូវបានចាប់ជាប់ដោយអ្នកផ្សេងទៀត មុនពេលត្រូវបានបុគ្គលិកសន្តិសុខពហុកីឡដ្ឋាននាំយកទៅបាត់។

ទីភ្នាក់ងារសារព័ត៌មាន USA Today បានរាយការណ៍ថា ឆ្មានេះក៏មិនមានរបួសដែរ ៕ ប្រភពពី៖ USA Today