អតីតមហាសេដ្ឋី Walmart សង្ឃឹមថានឹងបង្កើត “Telosa” ទីក្រុង Utopia ដែលមានភាពសុខស្រួលដូចប្រទេសល្បីលើពិភពលោកបញ្ចូលគ្នា (មានវីដេអូ)

137

មនុស្សជាច្រើនប្រហែលជាធ្លាប់គិតលេងៗហើយ ថាតើនឹងមានអ្វីកើតឡើងប្រសិនបើមនុស្សបង្កើតទីក្រុងដ៏ធំសម្បើមមួយជាកម្រិត Utopia (សហគមន៍នៃឧត្តមគតិ) ក្នុងនោះក៏មានមនុស្សមិនតិចទេ ដែលបានគិតចង់ធ្វើគំនិតនោះឲ្យក្លាយជាការពិត មិនមែនគ្រាន់តែនៅក្នុងហ្គេមទេ។

នោះគឺលោក Marc Lore ដែលជាសហគ្រិនពាណិជ្ជកម្មអេឡិចត្រូនិកអាមេរិក  អតីតប្រធាននិងនាយកប្រតិបត្តិ នៃផ្នែកលក់ទំនិញតាមអ៊ិនធឺរណេត របស់ក្រុមហ៊ុន Walmart បានប្រកាសថា គាត់មានគម្រោងបង្កើតទីក្រុង Utopia ដ៏ធំមួយនៅលើផែនដី ធ្វើឲ្យរឿងរបស់គាត់ត្រូវបានគេកត់សំគាល់យ៉ាងទូលំទូលាយ ។

ទីក្រុងថ្មីដែល Marc Lore បានគ្រោងទុកមានឈ្មោះថា “Telosa” ដែលមានឬសគល់ពីពាក្យថា Telos ដែលមានន័យថា “ដើម្បីសម្រេចបានគោលដៅ ឬគោលបំណងខ្ពស់ជាងនេះ” ។

ទីក្រុង Telosa ត្រូវបានគេនិយាយថា ត្រូវបានសាងសង់ឡើងនៅកន្លែងណាមួយនៅសហរដ្ឋអាមេរិក ហើយវានឹងត្រូវបានរចនាឡើងក្នុងស្មារតីនៃមូលធននិយមខ្ពស់ និងនិរន្តរភាពជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ដែលកាន់តែទូលំទូលាយ។

លើសពីនេះ គាត់ក៏មានបំណងចង់ឲ្យមនុស្សអាចចូលទៅនៅទីក្រុងនេះបានងាយ និងកាន់តែមាននិរន្តរភាព ក៏ដូចជាសុខស្រួលជាងទីក្រុងធំៗ ដែលគួរឱ្យស្អប់ខ្ពើមនាពេលបច្ចុប្បន្ននេះ ។

យោងតាមគេហទំព័ររបស់ Telosa ទីក្រុងនេះអាចគ្របដណ្តប់លើផ្ទៃដី ១៥០.០០០ acre (ប្រហែល ៦០០ គីឡូម៉ែត្រក្រឡា) ដែលអាចមានទីតាំងនៅរដ្ឋ Nevada, Utah, Idaho, Arizona, Texas ឬតំបន់ Appalachian NS ហើយអាចទ្រទ្រង់មនុស្សរហូតដល់ទៅ ៥ លាននាក់នៅឆ្នាំ ២០៦០ ។

បច្ចុប្បន្នគម្រោងនេះបានចេញនូវគំនិតរចនាទីក្រុងចំនួន ៣ ដែលផលិតដោយក្រុមហ៊ុនស្ថាបត្យកម្មប្រទេសដាណឺម៉ាក Bjarke Ingels Group (BIG) ។

ហើយនឹងមានគោលដៅសំខាន់មួយនៅក្នុងនិរន្តរភាព ជាពិសេសចំពោះការប្រែប្រួលអាកាសធាតុ ធ្វើឱ្យទីក្រុងមានគោលបំណងបំពាក់ដោយប្រព័ន្ធថាមពលវិលជុំ ។

មានប្រព័ន្ធស្តុកទឹកសាប ប្រព័ន្ធចម្រោះ និងកែច្នៃវាឡើងវិញ ខណៈពេលដែលបរិស្ថានទីក្រុងខ្លួនវា ក៏នឹងមានកន្លែងបៃតងជាច្រើនសម្រាប់ប្រជាជនរបស់ខ្លួនផងដែរ។

“អ្វីដែលយើងកំពុងព្យាយាមធ្វើគឺ បង្រួបបង្រួមទីក្រុងល្អបំផុតនៅលើពិភពលោក ហើយនាំវាមកផ្តុំគ្នាជាទីក្រុងមួយរស់រវើក និងសម្បូរបែបដូចទីក្រុងញូវយ៉ក ហើយក៏រួមបញ្ចូលគ្នាជាមួយប្រសិទ្ធភាព សុវត្ថិភាព អនាម័យដូចតូក្យូ ក៏ដូចជាសេវាកម្មសង្គម និងនិរន្តរភាពនៅក្នុងទីក្រុង ដូចជាទីក្រុងស្តុកខុល រដ្ឋធានីនៃប្រទេសស៊ុយអែត” Marc Lore បាននិយាយអំពីទីក្រុងសុបិនរបស់គាត់ ។

តែទោះជាយ៉ាងណា វាអាចចំណាយពេលបន្តិច ដើម្បីឱ្យទីក្រុងរីកចម្រើនដូចដែលលោក Marc Lore សង្ឃឹមទុក គាត់រំពឹងថា Telosa នឹងអាចទទួលយកប្រជាជនដំបូងរបស់ខ្លួនត្រឹមឆ្នាំ ២០៣០ ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព iflscience និង cityoftelosa