កូនតោភ្នំដែលមានជីវិតកាលពី ២៨.០០០ ឆ្នាំមុន ត្រូវបានរកឃើញនៅ permafrost ក្នុងសភាពនៅល្អ (មានវីដេអូ)

198

រុស្សី៖ អ្នកវិទ្យាសាស្ត្របាននិយាយថាកូនខ្លាតោ ដែលត្រូវបានរក្សារូបរាងដើមយ៉ាងល្អត្រូវបានគេរកឃើញនៅតំបន់ permafrost របស់ស៊ីបេរី ក្នុងប្រទេសរុស្សី ដែលបានរស់នៅកាលពី ២៨.០០០ ឆ្នាំមុន ហើយថែមទាំងមានដានទឹកដោះរបស់មេវា នៅខាងក្នុងមាត់ទៀតផង។

យោងតាមការសិក្សាដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Quaternary បានអោយដឹងថាកូនតោញីឈ្មោះថា Sparta ត្រូវបានគេរកឃើញនៅទន្លេ Semyuelyakh ក្នុងតំបន់ Yakutia ប្រទេសរុស្ស៊ីហើយកូនតោទី ២ ឈ្មោះ Boris ត្រូវបានរកឃើញកាលពីឆ្នាំមុន។

Photo by Skynews (Sparta)
Photo by siberiantimes (Boris)

លោក Valery Plotnikov អ្នកនិពន្ធម្នាក់នៃការស្រាវជ្រាវបាននិយាយថារូបរាងរបស់កូនតោ Sparta ត្រូវបានថែរក្សាយ៉ាងល្អ ដូចជារោម សរីរាង្គខាងក្នុង និងគ្រោងឆ្អឹង។

លោក Plotnikov បានបន្ថែមទៀតថា «ការរកឃើញនេះមួយនេះ គឺមានលក្ខណៈប្លែកពីគេ ដែលគ្មានការរកឃើញផ្សេងទៀតនៅក្នុងតំបន់ Yakutia ទេ។ ផ្នែកខ្លះនៃទឹកដោះមេរបស់វាដែលបែកខ្ញែកលើខ្លួនរបស់កូនតោនេះ (នៅមានសភាពដដែល) អាចឲ្យយើងអាចយល់ពីរបបអាហាររបស់ម្តាយវាផ្ដល់អោយកូន»។

Photo by siberiantimes

កូនតោ ស្ពាតាតា និងបូរីស ត្រូវបានគេរកឃើញនៅចម្ងាយ ១៥ ម៉ែត្រពីគ្នា។ មិនត្រឹមតែនៅឆ្ងាយពីគ្នានោះទេ ពួកវាទាំងពីរ ក៏កើតមកខុសពេលវេលាគ្នារាប់ពាន់ឆ្នាំផងដែរ។ កូនតោតូចទាំងពីរ ត្រូវបានសន្និដ្ឋានថា មានអាយុប្រហែល ១ ទៅ ២ ខែ ត្រូវបានរកឃើញដោយអ្នកប្រមូលភ្លុកដំរីធំ។

ការស្រាវជ្រាវបាននិយាយថា កូនតោបូរិស បានរស់នៅប្រហែល ៤៣.៤៤៨ ឆ្នាំមុន ។

កូនតោពីរផ្សេងទៀត ដែលមានឈ្មោះ Uyan និង Dina ក៏ត្រូវបានគេរកឃើញនៅក្នុងតំបន់នោះផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕ ប្រភពពី​ Skynews និង siberiantimes

សូមទស្សនាវីដេអូខាងក្រោម ដោយ siberiantimes៖