ឈ្នានីស លំដាប់ទាក់ទាញសំបកទុរេន! តារាស្រី Joy និង Wawwa លេងមួយអស់ដៃក្នុងរឿង “Love Under The Moonlight”

923

សម្រាប់វិនាទីនេះ យើងត្រូវបើកផ្លូវឲ្យតួនាងឈ្នានីស ២ នាក់ ២ ជំនាន់ នោះគឺ “Joy Rinlanee” ជាកំពូលតួឈ្នានីសលេខ ១ ដែលពិភពលោកត្រូវតែចងចាំ និង “Wawwa Nicha” តួឈ្នានីសវ័យក្មេងជំនាន់ក្រោយ ដែលមានជំនាញសម្តែងលេចធ្លោទាក់ទាញស្ទើរគ្រប់ឈុត ។

កាលពីថ្មីៗនេះ អ្នកទាំង២ បានចេញមកប៉ះគ្នានៅក្នុងរឿងភាគ “Love Under The Moonlight” ដែលកំពុងចាក់បញ្ចាំងនៅប៉ុស្តិ៍លេខ ៣ ហើយក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនដែរ ។ លើកនេះ តើពាននាងឈ្នានីសដែលទាក់ទាញបំផុត នឹងធ្លាក់ទៅលើនរណារវាងរៀមច្បង និងប្អូនជំនាន់ក្រោយមួយគូនេះ?

ជាការពិតណាស់ សម្រាប់តួស្រីឈ្នានីសជើងចាស់ Joy Rinlanee មិនថាតួនាទីធ្ងន់ប៉ុណ្ណាទេ ក៏តារាស្រីរូបនេះចាត់ការបានទាំងអស់ ដូចដែលយើងបានឃើញស្រាប់នូវស្នាដៃការសម្ដែងមកជាង ២៣ ឆ្នាំមកនេះ ។

ចុងក្រោយនេះ អ្នកនាងក៏បានបង្ហាញស្នាដៃសម្តែង ធ្វើឲ្យទស្សនិកជនខឹងអង្គ្រឺតធ្មេញទៀតហើយ នៅក្នុងរឿង “Love Under The Moonlight” ជាមួយតួនាទីជា លោកស្រី “Napha” ដែលត្រូវតស៊ូឲ្យខ្លួនមានជីវិតអមតៈ ដោយផឹកឈាមបិសាចជញ្ជក់ឈាម ប៉ុន្តែការផឹកឈាមធម្មតាៗ ហាក់ដូចជានៅអន់ពេកចំពោះអ្នកនាង ចំពោះកេរ្តិ៍ឈ្មោះរៀមច្បងទៅហើយ ទាល់តែចប់បែបអស្ចារ្យទើបអស់ចិត្ត ។

ងាកមកខាង តួឈ្នានីសប្អូនជំនាន់ក្រោយដ៏ស្រស់ស្អាតរបស់យើងវិញ ពេលនេះគ្រាន់តែបង្ហើបឈ្មោះទស្សនិកជនក៏សឹងតែខ្ចប់ទុរេនទុកជាកាដូឲ្យនាងបាត់ទៅហើយ ព្រោះជាមួយស្នាដៃសម្តែងចុងក្រោយជាតួនាង “Pring Praw” ក្នុងរឿង Love Under The Moonlight នាងបានប្រឹងប្រែងអស់ពីសមត្ថភាព បញ្ចូលអារម្មណឈានដល់ចំណុចកំពូលនៃភាពជាបីសាចជញ្ជក់ឈាម ដែលពោរពេញទៅដោយគំនុំគុំគួន ដណ្តើមឈ្នានីស មិនចាញ់បណ្តារៀមច្បងប៉ុន្មានទេ ៕

ប្រភព៖ Thairath