អាជ្ញាធរជាតិអប្សរា ធ្វើការងារទល់ទ្រ និងជួយសង្គ្រោះប្រាសាទតាដុង នៅ​ជើងភ្នំគូលែន

នៅថ្ងៃច័ន្ទ នេះអាជ្ញាធរអប្សរាបានបង្ហោះនូវសារមួយនៅលើផេករបស់ខ្លួនចំពោះការជួយសង្គ្រោះប្រាសាទតាដុងដែលនៅជើងភ្នំគូលែន។

អាជ្ញាធរជាតិអប្សរាធ្វើការងារទល់ទ្រ ជួយសង្គ្រោះប្រាសាទតាដុងនៅជើងភ្នំគូលែន

ក្រុមអ្នកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការរបស់អាជ្ញាធរជាតិអប្សរា បានចាត់វិធានការទល់ទ្រ ពង្រឹង ដើម្បីជួយសង្រ្គោះប្រាសាទតាដុង ឱ្យជៀសផុតពីហានិភ័យ ជាដំណាក់កាលទី១ ចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។

លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយមើលឃើញហានិភ័យរបស់ប្រាសាទតាដុង ទើបក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្ដើមរៀបចំទល់ទ្រសង្រ្គោះបន្ទាន់ នៅតាមផ្នែកជញ្ជាំងខាងកើត ដែលបម្រុងជ្រុះធ្លាក់ និងសម្អាតបរិវេណជុំវិញប្រាសាទ។ លើសពីនេះ ក្រុមអ្នកបច្ចេកទេសក៏បានធ្វើការសិក្សា និងលើកគម្រោងជួសជុល ដើម្បីលើកតម្លៃប្រាសាទតាដុងសម្រាប់ផែនការឆ្នាំខាងមុខ។

សូមបញ្ជាក់ថា ប្រាសាទតាដុង កសាងឡើងអំពីឥដ្ឋ បែរមុខទៅកើត ក្នុងរចនាបទគូលែន នាអំឡុងសតវត្សទី៩នៃគ.ស ស្ថិតនៅភាគខាងកើតនៃជម្រាលជើងភ្នំគូលែន មានទីតាំងនៅក្នុងភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ។ បច្ចុប្បន្ន ឥដ្ឋនៃខឿនមួយផ្នែករបស់ប្រាសាទឥដ្ឋនេះបានពុកផុយ ជ្រុះធ្លាក់ ដោយសារតែមានដើមឈើដុះលើជញ្ជាំង និងដំបូលប្រាសាទ។ ចំណែក រួតទី១ផ្នែកខាងកើតក៏ជ្រុះធ្លាក់ដោយសារដើមឈើរលំលើ បណ្ដាលឱ្យមានស្នាមប្រេះហែកជញ្ជាំងទាំងបីជ្រុង៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ
….

ប្រភពពី៖ អាជ្ញាធរអប្សរាជាតិ