
សម្រាប់ប្រិយមិត្តដែលគាំទ្រវិស័យភាពយន្តចិនហុងកុង ច្បាស់ជាចង់ចាំរឿង “តុលាការមុខដែក” ជាក់ជាមិនខាន ។ រឿងនេះទៀតសោត មិនថាពីជំនាន់ទៅមួយជំនាន់ណាទេ គឺតែងតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន តាមរយៈសាច់រឿងស្វែងរកយុត្តិធម៌ជូនប្រជាជន ជាពិសេសចំណុចដែលទស្សនិកជនផ្តោតខ្លាំងបំផុតគឺតួអង្គ “ចាន់ចាវ” ។
ពិសេសជាងនេះទៅទៀត រាល់តួឯកប្រុសរូបណាឲ្យតែបានសម្តែងជាតួចាន់ចាវ សុទ្ធសឹងតែល្បីកក្រើកស្ទើរគ្រប់ៗគ្នា ក្នុងនោះក៏មានតារាប្រុសជើងចាស់មួយរូបទៀត ដែលធ្លាប់ដើរតួជា “ចាន់ចាវ” ហើយទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន នោះគឺលោក Lui Leung-wai ឬ Ray Lui ។
លោក Lui Leung-wai កើតថ្ងៃទី ២២ ខែធ្នូឆ្នាំ ១៩៥៦ គាត់គឺជាតារាសម្តែងហុងកុង កើតនៅចូឡាំង សៃហ្គន ប្រទេសវៀតណាម ដែលបច្ចុប្បន្នគាត់មានអាយុ ៦៤ ឆ្នាំហើយ ។
មិនត្រឹមតែល្បីនៅក្នុងនាមជា “ចាន់ចាវ” ទេ លោក Lui Leung-wai គាត់ចាប់ផ្តើមល្បីខ្លាំងតាំងពីគាត់ចាប់ផ្តើមសម្តែងជាតួចិត្តអាក្រក់ក្នុងរឿង “ស្តេចល្បែងអាចែ” ជាមួយលោក Chow Yun-Fat និងលោកស្រី Zhao Yazhi មកម្លេះ ដែលរឿងនេះទទួលបានជោគជ័យយ៉ាងខ្លាំង ធ្វើឱ្យលោកក្លាយជាតារាសម្តែងដ៏ល្បីល្បាញមួយរូប ដែលមុននេះគាត់គ្រាន់ជាតួអង្គរងនៅក្នុងរឿងភាគទូរទស្សន៍ “អ្នកក្លាហានឥន្ទ្រីទេព” តែប៉ុណ្ណោះ ។
តែទោះយ៉ាង ថ្វីត្បិតគាត់អាយុជាង ៦០ ក៏ដោយ បើយើងសង្កេតតាមរូបរាងរបស់គាត់ អាចធ្វើឲ្យកំលោះៗសុំខ្មាស់បាន មិនថាមុខមាត់ ភាពជឿជាក់ ជាពិសេសសាច់ដុំកងៗ សាកសមណាស់ដែលទស្សនិកជនប្រគល់បេះដូងឲ្យ ។
តែភាពសង្ហាទាំងអស់នេះ មិនមែនជាការបណ្តោយតាមធម្មជាតិតែមួយមុខនោះទេ ព្រោះបើតាមដឹងលោក Lui Leung-wai គាត់យកចិត្តទុកដាក់លើការហូបចុក និងហាត់ប្រាណណាស់ ក្នុងជាមួយគ្នានេះ គាត់ក៏ជ្រើសរើសដើម្បីបំបាត់ភាពតានតឹងដោយការគូរគំនូរផងដែរ ៕

ប្រភព៖ Wiki