ទឹកជំនន់នៅអ៊ឺរ៉ុប មានអ្នកស្លាប់ជាង ១៨០ នាក់ ខណៈអ្នកវិទ្យាសាស្ដ្របានបញ្ជាក់ថាគ្រោះធម្មជាតិនេះកើតឡើង ដោយសារតែការប្រែប្រួលអាកាសធាតុលើពិភពលោក (មានវីដេអូ)

អ៊ឺរ៉ុប៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅអឺរ៉ុបខាងលិចបានកើនឡើងដល់ ១៨០ នាក់ កាលពីថ្ងៃអាទិត្យបន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះ បានជីកចូលទៅក្នុងគំនរបាក់បែក ដែលនៅសល់ក្រោយពីទឹកស្រក។ ភ្លៀងធ្លាក់ខ្លាំងបានជម្រុញឲ្យមានទឹកជំនន់នាពេលថ្មីៗនេះនៅភាគអាគ្នេយ៍ ប្រទេសអាល្លឺម៉ង់ និងអូទ្រីស ។

ប៉ូលីស បានបង្ហាញចំនួនអ្នកស្លាប់នៅតំបន់ Ahrweiler ដែលរងគ្រោះខ្លាំងនៅរដ្ឋ Rhineland-Palatinate ភាគខាងលិចប្រទេសអាឡឺម៉ង់ជាង ១១០ នាក់ ហើយបាននិយាយថាពួកគេបារម្ភថា ចំនួននេះនឹងអាចកើនឡើងទៀត។ នៅក្នុងរដ្ឋ North Rhine-Westphalia ដែលនៅជិតគ្នានេះ ជារដ្ឋមានប្រជាជនច្រើនបំផុតនៅអាឡឺម៉ង់ មនុស្សចំនួន ៤៥ នាក់ ត្រូវបានគេអះអាងថាបានស្លាប់ ក្នុងនោះមានអ្នកពន្លត់អគ្គិភ័យ ៤ នាក់។ រីឯបែលហ្ស៊ិក បានបញ្ជាក់ពីអ្នកស្លាប់ និងរបួសចំនួន ២៧ នាក់។

អធិការបតី Angela Merkel គ្រោងនឹងធ្វើទស្សនកិច្ចនៅ Schuld ជាភូមិមួយនៅក្បែរ Ahrweiler ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយទឹកជំនន់នៅថ្ងៃអាទិត្យ។ ដំណើរទស្សនកិច្ចរបស់លោកស្រី ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាឡឺម៉ង់ បានទៅកាន់តំបន់នោះកាលពីថ្ងៃសៅរ៍ ហើយបានបញ្ជាក់ច្បាស់ថាវាត្រូវចំណាយពេលវែងក្នុងការផ្ដល់ជំនួយដល់ប្រជាជនតំបន់នេះ។

លោក Olaf Scholz រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបាននិយាយថា លោកនឹងស្នើកញ្ចប់ថវិកាជំនួយបន្ទាន់មួយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃពុធសប្ដាហ៍នេះ ដោយប្រាប់កាសែត Bild am Sonntag ថាថវិកានេះអាចនឹងត្រូវការច្រើនជាង ៣០០ លានអឺរ៉ូ (៣៥៤ លានដុល្លារ) ។

គាត់ក៏បាននិយាយថា មន្រ្តីត្រូវតែចាប់ផ្តើមបង្កើតកម្មវិធីស្ដារឡើងវិញនូវហេដ្ឋរចនាសម្ព័ន តាមបទពិសោធន៍ពីទឹកជំនន់មុនៗ រដ្ឋាភិបាលក៏នឹងផ្ដល់ជាទឹកប្រាក់រាប់ពាន់លានអឺរ៉ូក្នុងកម្មវិធីនេះ។

ទោះបីភ្លៀង បានឈប់ធ្លាក់នៅតំបន់មួយចំនួន ដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅអាល្លឺម៉ង់ ប៊ែលហ្សិក និងហូឡង់ក៏ដោយក៏ព្យុះ និងភ្លៀងនៅតែបន្តកើតមាននៅតំបន់ផ្សេងទៀតនៃអឺរ៉ុបខាងលិច និងកណ្តាល។ មានទឹកជំនន់នាយប់ថ្ងៃសៅរ៍ នៅតំបន់ព្រំដែនអាល្លឺម៉ង់ – ឆែក និងនៅទូទាំងប្រទេស កន្លែងដែលទឹកជំនន់លិចកាលពីសប្តាហ៍មុន ស្ថិតនៅជ្រុងភាគអាគ្នេយ៍នៃប្រទេសអាល្លឺម៉ង់ និងនៅលើព្រំដែនក្នុងប្រទេសអូទ្រីស។

មនុស្សប្រហែល ១៣០ នាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ នៅតំបន់ Berchtesgaden ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីកម្រិតទឹកបានកើនឡើងខ្ពស់។ យ៉ាងហោចណាស់មានមនុស្សម្នាក់ត្រូវបានស្លាប់ ខ្សែផ្លូវដែកទៅប៊ែរជីសហ្គាដិន ត្រូវបានបិទ។

ទឹកជំនន់ភ្លាមៗ បានហូរកាត់ទីក្រុងហាលេលីន នៅក្បែរប្រទេសអូទ្រីសកាលពីល្ងាចថ្ងៃសៅរ៍ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ពីអ្នកស្លាប់ និងរបួសឡើយ។ នៅផ្នែកខាងលិចនៃប្រទេសនេះ តំបន់ខ្លះនៃទីក្រុងគូហ្វស្តាន ត្រូវបានជន់លិច ហើយភ្លៀង និងព្យុះបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរនៅផ្នែកជាច្រើននៃប្រទេសអូទ្រីស។

អ្នកវិទ្យាសាស្ត្រអាកាសធាតុនិយាយថា គ្រោះធម្មជាតិនេះ មានទំនាក់ទំនងទៅនឹងអាកាសធាតុ និងការឡើងកំដៅផែនដី ហើយភាពបន្ទាន់ត្រូវទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

អ្នកវិទ្យាសាស្ត្រមិនទាន់អាចនិយាយបានច្បាស់ ថាតើការប្រែប្រួលអាកាសធាតុបណ្តាលឱ្យមានទឹកជំនន់ ឬយ៉ាងណានោះទេ ប៉ុន្តែពួកគេទទូចថា វាពិតជាធ្វើអោយអាកាសធាតុកាន់តែអាក្រក់ ដោយបានបង្ហាញភ័ស្តុតាជាក់ស្ដែងក្នុងរឿងនេះទូទាំងពិភពលោក៕ ប្រភពពី៖ AP