បើកបង្ហាញឈ្មោះតារាស្រី ដែលមានទ្រព្យច្រើនបំផុត នៅក្នុងយុគសម័យកូវីដ-១៩ តើមានតារាចម្រៀងប៉ុបលំដាប់ពិភពលោកណាខ្លះ?

ទស្សនាវដ្តី Forbes បានចាត់ចំណាត់ថ្នាក់ Forbes Self-made Woman 2020  តារាចម្រៀងស្រីដែលមានជាងគេទាំង ១០០ នាក់ តែខាងយើងខ្ញុំសូមលើកយកតារាចម្រៀងស្រីមួយចំនួនមកបង្ហាញដូចតទៅនេះ ។

១. Rihanna អ្នកជំនួញស្រីម្ចាស់អាណាចក្រ Fenty

តារាចម្រៀងស្រី Rihanna អាយុ ៣២ ឆ្នាំរូបនេះ បានក្លាយជាតារាចម្រៀងស្រីមានជាងគេបំផុតនៅលើពិភពលោក ក្នុងនោះនាងមានទ្រព្យសុទ្ធ ៦០០ លានដុល្លារ ។

២. Madonna និមិត្តរូបតារាចម្រៀងប៉ុបនៅទសវត្សឆ្នាំ ១៩៨០

ម៉ាដូណា អាយុ ៦២ ឆ្នាំគឺ ជានិមិត្តរូបនៅទសវត្សឆ្នាំ ១៩៨០ ហើយត្រូវបានអ្នកគាំទ្រដាក់ឈ្មោះក្រៅថាជា “ម្ចាស់ក្សត្រីនៃតន្ត្រីប៉ុប” នាពេលនោះ នាងមានទ្រព្យសម្បត្តិសរុបចំនួន ៥៥០ លានដុល្លារ។

៣. Celine Dion: ម្ចាស់បទ My Heart Will Go On

តារាចម្រៀងជនជាតិកាណាដា អាយុ ៥២ ឆ្នាំ Celine Dion ដែលត្រូវបានគេស្គាល់ច្បាស់ថាជាម្ចាស់បទព្រេងនិទាន My Heart Will Goes ពីខ្សែភាពយន្ត Titanic ឆ្នាំ ១៩៩៧ បានលក់អាល់ប៊ុមជាង ២២០ លាននៅទូទាំងពិភពលោក ពេញមួយអាជីពរបស់គាត់ ។

៤. Beyoncé Knowles

Beyoncé Knowles ជាតារាចម្រៀងអាយុ ៣៩ ឆ្នាំមានទ្រព្យសរុប ៤២០ លានដុល្លារ។

Beyoncé បានប្រឡូកក្នុងឆាកតន្ត្រីតាំងពីទសវត្សឆ្នាំ ១៩៩០ ប៉ុន្តែគាត់ត្រូវបានគេស្គាល់ពីអាល់ប៊ុម Dangerously in Love ក្នុងឆ្នាំ ២០០៣ ។

ចាប់តាំងពីពេលនោះមកអាល់ប៊ុមចម្រៀងរបស់នាង អាចលក់បានជាង ៣០ លានច្បាប់ ហើយនាងក៏ជាតារាចម្រៀងស្រីដែលរកចំណូលបានខ្ពស់ជាងគេប្រចាំឆ្នាំ ចាប់ពីឆ្នាំ ២០០៨-២០១៨ ។

៥. Barbra Streisand

តារាចម្រៀងអាមេរិកាំងអាយុ ៧៨ ឆ្នាំ Barbra Streisand មានទ្រព្យសរុប ៤០០ លាន ។ អ្នកនាងបានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង ៦០ ឆ្នាំមកហើយ ក្នុងនាមជាអ្នកចម្រៀង អ្នកនិពន្ធ និងផលិតករភាពយន្ត។

៦. Taylor Swift ពីអ្នកចម្រៀង Country ក្លាយទៅជាតារាចម្រៀងប៉ុប

Taylor Swift គឺជាតារាចម្រៀងប៉ុបអាមេរិកវ័យ ៣១ ឆ្នាំដែលមានទ្រព្យសម្បត្តិ ៣៦៥ លានដុល្លារ ។ នាងបានចូលប្រឡូកសិល្បៈតន្ត្រី Country ដំបូងក្នុងឆ្នាំ ២០០៦ ជាមួយផលិតកម្ម Big Machine Records និងតែងបទចម្រៀងច្រៀងដោយខ្លួនឯង វាបានធ្វើឱ្យនាងល្បីល្បាញយ៉ាងខ្លាំង មុនពេលនាងផ្លាស់ប្តូរប្រភេទតន្ត្រីទៅជា Pop song វិញ ។

ចន្លោះពីខែឧសភា ដល់ខែវិច្ឆិកាឆ្នាំ ២០១៨ នាងបានធ្វើ Tour Concert Reputation ក្នុងរយៈពេល ៦ ខែនាងរកចំណូលបានប្រហែល ៣៤៥,៦ លានដុល្លារពីការប្រគំតន្ត្រី។

៧. Mariah Carey: All I Want for Christmas Is You

Mariah Carey គឺជាអ្នកចំរៀង អ្នកនិពន្ធ និងផលិតករ ចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ ១៩៨៨ បន្ទាប់ពីបានតែ ២ ឆ្នាំនាងបានក្លាយជាតារាចម្រៀងស្រីដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ ១៩៩០ ។ បច្ចុប្បន្ន Mariah Carey មានទ្រព្យសម្បត្ដិសុទ្ធជាង ៣០០ លានដុល្លារ។

៨. Lady Gaga

Lady Gaga មានអាយុ ៣៥ ឆ្នាំ នាងមានជោគជ័យក្នុងអាជីពជាអ្នកចំរៀង រហូតដល់មានទ្រព្យសរុបចំនួន ១៥០ លានដុល្លារ ។ អ្នកនាងចូលប្រឡូកក្នុងវិស័យចម្រៀងនៅឆ្នាំ ២០០៧ ហើយត្រូវបានគេស្គាល់តាំងពីពេលនោះមក និងបានលក់អាល់ប៊ុមចម្រៀងបានជាង ៣០ លានអាល់ប៊ុម ។

៩. Jennifer Lopez អ្នកចំរៀង អ្នករាំ អ្នកសំដែង

Jennifer Lopez អាយុ ៥២ ឆ្នាំជាតារាសម្តែង និងជាអ្នករាំ អ្នកនាងមានភាពខុសប្លែកពីតារាចម្រៀងប៉ុបដទៃ ដោយសារតែអ្នកនាងចាប់ផ្តើមអាជីពរបស់នាង នៅក្នុងសិល្បៈក្នុងនាមជាអ្នករាំ។ ហើយបានចាប់ផ្តើមក្លាយជាតារាសម្តែងនៅដើមទសវត្សឆ្នាំ ១៩៩០ និងចាប់ផ្តើមធ្វើជាអ្នកចំរៀងបន្ត។ អ្នកនាងបានចេញអាល់ប៊ុមដំបូង ក្នុងឆ្នាំ ១៩៩៩ ក៏ជាអ្នកសំដែងដំបូងដែលបានបំបែកឯតទគ្គកម្មដែលរកប្រាក់បានខ្ពស់បំផុត ១ លានដុល្លារ ពីការសម្តែងខ្សែភាពយន្តតែមួយរឿងទៀតផង ។

បច្ចុប្បន្នអ្នកនាងទទួលបានចំណូលពីការលក់អាល់ប៊ុមជាង ៤០ លាននៅទូទាំងពិភពលោក ក៏ដូចជាចំណូលពី Box Office របស់នាងបានជាង ៣ ពាន់លានដុល្លារ អ្នកនាងមានទ្រព្យសម្បត្តិសរុបចំនួន ១៥០ លានដុល្លារ ៕

ប្រភព៖ Forbes, Tuko