ក្រសួងបរិស្ថាន បង្ហាញវត្តមានហ្វូងសត្វខ្ទីង ដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា

កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២១ ក្រសួងបរិស្ថាន បានបង្ហោះនូវសាមួយដែលបញ្ជាក់ថា បានរកឃើញហ្វូងសត្វខ្ទីង ដែលជិតផុតពូជនៅក្នុងដែនជម្រកសត្វព្រៃនៃប្រទេសកម្ពុជា តាមរយៈកាមេរ៉ាស្វ័យប្រវត្តិ។

សេចក្ដីដូចខាងក្រោម៖

ក្រសួងបរិស្ថាន បង្ហាញវត្តមានហ្វូងសត្វខ្ទីង ដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា។

ជុំវិញវត្តមានហ្វូងសត្វខ្ទីង ដែលប្រភេទសត្វជិតផុតពូចលើពិភពលោកនេះលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាំក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ វត្តមាននៃកូនសត្វខ្ទីងជាច្រើន គឺជាក្តីសង្ឃឹមថ្មីមួយសម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះពិភពលោក ខណៈសត្វខ្ទីងត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។

ជាមួយគ្នានេះដែរលោក នេត្រ ភក្ត្រា ក៏បានលើកឡើងពីប្រវត្តិរបស់សត្វខ្ទីងធ្លាប់មានវត្តមាននៅតាមតំបន់ដែលមានព្រៃក្នុងតំបន់អាស៊ីភាគខាងត្បូង និងភាគអាគ្នេយ៍ និងប្រទេសស្រីលង្កា។ ចំនួនសត្វខ្ទីងត្រូវបានសិក្សាថា មានការថយចុះជាង ៨០%ក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ ហើយសត្វខ្ទីងនៅលើពិភពលោកបានថយចុះប្រមាណ៩០% ចាប់ពីពាក់កណ្តាលសតវត្សរ៍ទី២០មក។

អ្នកនាំពាក្យរូបនេះ បានបន្តថា តាមការសិក្សារបស់អ្នកជំនាញ សត្វខ្ទីងនៅកម្ពុជា មានការធ្លាក់ចុះប្រមាណជាង ៥០% នៅក្នុងអំឡុង ពេលចន្លោះពីឆ្នាំ១៩៦០ មកដល់ដើមឆ្នាំ១៩៩០។ ចំនួននេះត្រូវបានរកឃើញថាមានការធ្លាក់ចុះបន្ថែមទៀតរហូតមកដល់ពេលនេះ។ បើទោះបីជាការសិក្សាបានបង្ហាញថាចំនួនសត្វខ្ទីងនៅកម្ពុជាមានការថយចុះស្របតាមនិន្នាការនៃការថយចុះរបស់ពិភពលោក តែរបាយប្រជាសាស្ត្រសត្វខ្ទីង មាននៅស្ទើរគ្រប់តំបន់ការពារធម្មជាតិនានា។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា យោងតាមការសិក្សារបស់អ្នកជំនាញ បច្ចុប្បន្ននេះ ចំនួនប្រជាសាស្ត្រនៃសត្វខ្ទីងនៅលើពិភពលោកត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី ១៥,០០០ ទៅ ៣៥,០០០ក្បាល ហើយក្នុងនោះ បើយោងតាមទិន្នន័យទីវាល ចំនួនសត្វខ្ទីងពេញវ័យអាចមានចន្លោះពី ៦,០០០ ទៅ ២១,០០០ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ខ្ទីងកំពុងមានវត្តមានរស់នៅក្នុងប្រទេសប៊ូតង់ កម្ពុជា ចិន ឥណ្ឌា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ថៃ និងវៀតណាម ប៉ុន្តែបានផុតពូជនៅក្នុងប្រទេសស្រីលង្កា និងប្រទេសបង់ក្លាដេស។

ប៉ុន្តែទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា មិនទាន់មានទិន្នន័យច្បាស់លាស់ថានៅកម្ពុជា នៅសល់សត្វខ្ទីងចំនួនប៉ុន្មានឡើយ តែយោងតាម ទិន្នន័យទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ និងការពីមន្ត្រីឧទ្យានុរក្សដែលបានចុះល្បាតនៅតាមតំបន់ការពារធម្មជាតិនានា សត្វខ្ទីងមានវត្តមាននៅតាមតំបន់ការពារធម្មជាតិនានា។ នៅក្នុងហ្វូងខ្ទីង ដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ គឺមានវត្តមានកូនខ្ទីង និងសត្វខ្ទីងជំទង់ជាច្រើនដែលនេះបង្ហាញថាសត្វខ្ទីងបន្តមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា និងបានបន្តពូជបង្កើតកូនតូចៗជាច្រើនដែលជាផ្នែកមួយនៃការរក្សាបានប្រភេទពូជសត្វដ៏កម្ររបស់ពិភពលោកនៅកម្ពុជា និងការថែរក្សាបាននូវទីជម្រកប្រកបដោយសុវត្ថិភាពសម្រាប់ពួកគេរស់នៅ។

យោងតាមជីវសាស្ត្រ សត្វខ្ទីងអាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកម្ពស់ខ្ពស់រហូតដល់កម្ពស់ជាង ២,០០០ម៉ែត្រ ហើយសត្វខ្ទីងរស់នៅក្នុងតំបន់មួយចំនួនដូចជាតំបន់ទេសភាពខ្ពង់រាបខាងកើត និងតំបន់ជួរភ្នំក្រវ៉ាញជាដើម។ តំបន់ខ្លះមានសត្វខ្ទីងចំនួនច្រើនដូចជានៅក្នុងតំបន់ដែន ជម្រកសត្វព្រៃក្នុងខេត្តមណ្ឌលគិរី ជាតំបន់ដែលមានសត្វខ្ទីងរស់នៅច្រើននៅអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៩០ ចន្លោះពីជាង៥០០ ទៅជាង១,០០០ក្បាល តែចំនួននេះបានថយចុះនៅពេលបច្ចុប្បន្ន។

សត្វប្រភេទនេះចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ហើយសត្វខ្ទីងតែងតែចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច។ សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វា គឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ សត្វខ្ទីងញីអាចបង្កើតកូនបាន១ បន្ទាប់ពីពពោះរយៈពេល ៩ខែ។ សត្វខ្ទីងញីពេញវ័យអាចមានទម្ងន់រហូតដល់ជិត ១តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់ ១,៥ តោន។

នេះពិតជារឿងរីករាយមួយដែលប្រទេសកម្ពុជយើងនៅសេសសល់សត្វព្រៃដ៏កម្រនៅក្នុងដែលជម្ររបស់ប្រទេសយើង យើងសង្ឃឹមថាពួកវានឹងត្រូវបានការពារនៅតំបន់នេះជារៀងរហូត៕ ប្រភពពី៖ Ministry of Environment