អស្ចារ្យណាស់! ប្រាសាទអាថ៌កំបាំង មិនងាយមានអ្នកទៅដល់ មានសិលាចារឹតយ៉ាងតិច ៦ ផ្ទាំង កសាងពីរាជ្យព្រះយសោវរ្ម័នទី ១ ដល់ព្រះបាទជ័យវរ្ម័នទី ៧ (មានវីដេអូ)

ប្រាសាទភ្នំសណ្តក មានទីតាំងស្ថិតនៅភូមិតែល ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រពីទីរួមស្រុកគូលែន ដោយធ្វើដំណើរកាត់តាមភូមិព្យួរជ្រូក និងភូមិព្រៃវែង។ ស្ថានភាពផ្លូវលំបាកមិនទាន់មានផ្លូវធ្វើដំណើរត្រឹមត្រូវទេ ហើយត្រូវចំណាយពេល ៣ម៉ោង ទើបឡើងទៅដល់ប្រាសាទ។ ប្រាសាទនេះត្រូវបានកសាងដោយព្រះបាទយសោវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១០ នៅក្នុងសម័យអង្គរ ប៉ុន្តែមានឯកសារបញ្ជាក់ថាប្រាសាទនេះ ” ចេញគ្រោងសាងសង់ដោយព្រះបាទជ័យវរ្ម័នទី ៤ ឆ្នាំ ៩២៨-៩៤២ “។

ផ្លូវធ្វើដំណើរ

ដើម្បីទៅទស្សនាប្រាសាទនេះ ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវលេខ៦៧ ពីខេត្តសៀមរាបតាមស្រែណូយដល់ទួលគ្រួស បត់ស្តាំតាមផ្លូវទៅកាន់កន្ទួត ខ្នារក្រៅ ជិះរហូតដល់អូរតាកុក ហើយដល់ស្រុកត្រពាំងប្រាសាទចំនុចវត្តអូរត្រាចបត់ស្តាំដៃឆ្ពោះទៅភូមិតែល រួចសួរនាំអ្នកភូមិ ពួកគាត់នឹងប្រាប់ថាប្រាសាទនេះនៅឯណាហើយ ។

មួយទៀតអាចតាមផ្លូវលេខ៦៧ ពីខេត្តសៀមរាប ទៅស្រុអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ដល់រង្វង់មូលបត់ស្តាំប្រហែល៥០០ម៉ែត្រ ផ្លូវគ្រួសក្រហមទៅស្រុកស្វាយលើ ខាងឆ្វេងដៃឃើញស្លាកច្រកវត្តអូរត្រាច បត់ចូលទៅភូមិតែល ។ ខេត្តសៀមរាប ស្រុកស្វាយលើតាមផ្លូវលេខ៦៤ ទៅកោះកែរ តែដល់ផ្លូវគ្រួសក្រហមបំបែកទៅត្រពាំងប្រាសាទ ក្បែរចំការចន្ទីនៃភូមិសាស្ត្រឃុំស្វាយលើបត់ស្តាំទៅអូរតាកុក ទៅស្រុកត្រពាំងប្រាសាទដល់ចំនុចក្លោងទ្វារវត្តអូរត្រាចបត់ស្តាំ ចូលទៅកាន់ភូមិតែល លុះដល់ទីនោះសួរនាំរកឈ្មោះប្រាសាទទៅគេនឹងប្រាប់ហើយ។

ប្រាសាទនេះចាប់ផ្តើមកសាងតាំងពីដើមសតវត្សរ៍ទី១០ តាមសិលាចារឹកលេខK១៩០ – K១៩១ គឺថាក្នុងរាជ្ជកាលនៃព្រះបាទយសោវរ្ម័នទី១ (៨៨៩- ៩១០) បានកសាងទីក្រុងមូយនៅទីនេះឈ្មោះថាសិវបុរទន្ទេន (Sivapura Danden ) និងប្រាសាទមួយដើម្បីឧទ្ទិសថ្វាយដល់ព្រះភទ្រេស្វរៈ (Bhadresvara) ។

តាមរបាយការណ៏៖ គេបានរកឃើញសិលាចារឹកយ៉ាងតិចប្រាំមួយផ្ទាំងនៅក្នុងប្រាសាទភ្នំសណ្តក ហើយមូយផ្ទាំងK-១៩០ ដែលគេដឹងថាវាបានមានកាលបរិច្ឆេទ ៨១៧សករាជ ស្មើនឹង ៨៩៥ គស ហើយសរសេរជាពីភាសា ខ្មែរ (៣២បន្ទាត់) និងសំស្ក្រឹត(៣៩បន្ទាត់) ហើយបានរាយការណ៏ពីការស្ថាបនាទីក្រុង សិវបុរទន្ទេន (Sivapura Danden) និងទេវរូបព្រះនាមស្រីភទ្រេស្វរ: (Bhadresvara) ។

ក្នុងឆ្នាំ ៨៧៨សករាជ ស្មើនឹង ៩៥៦គស ក្នុងរាជ្ជកាលនៃ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បានចារឹកចែងពីបទបញ្ជាទៅកាន់ព្រាហ្មណ៍ពីរនាក់ អោយចុះបញ្ជីរសារពើភ័ណ្ឌ K-១៩២ ដែលជាទ្រព្យសម្បត្តិរាជវង្សពីរអង្គ និងចំនួនអ្នកបម្រើអគ្នីសាលាចំនួន ៧៦ នាក់ និងអ្នកធ្វើស្រែចំនួន ៦ នាក់ទៀត ។

ក្រៅពីនោះមានអក្សរចារឹកចុះកាលបរិច្ឆេទ: K-១៩៥/១ កាល ៩៦៣ សករាជ ស្មើនឹង ១០៤១ គស K-១៩៥/៥ ចុះកាលបរិច្ឆេទ ៩១៧ សករាជ ស្មើនឹង ១០៤៩ គស និង K-១៩៤ ចុះកាលបរិច្ឆេទ ១០៤១ សករាជ ស្មើនឹង ១០១៩ សគ។ សរុបមកវាត្រូវឆ្លងកាត់ជាច្រើនរាជ្យស្តេចដូជា ព្រះបាទយសោវរ្ម័នទី១ ( ៨៨៩-៩១០ ) ព្រះបាទរាជេន្ទ្រវរ្ម័នទី២ ( ៩៤៤ – ៩៦៨ ) ព្រះបាទសូរ្យវរ្ម័នទី១ ( ១០០២ – ១០៥០ ) ព្រះបាទសូរ្យវរ្ម័នទី២ ( ១១១២ – ១១៥០ ) និងព្រះបាទជ័យវរ្ម័នទី ៧។

ព្រះរាជាឡើងស្នងរាជ្យក្រោយៗគ្រាន់តែកសាងបន្ថែមផ្នែកខ្លះនៃប្រាសាទប៉ុណ្ណោះ ព្រោះទីនេះជាតំបន់យុទ្ធសាស្ត្រមួយដ៏ប្រពៃ និងជាមណ្ឌលមួយសម្រាប់ភ្ជាប់ទំនាក់ទំនងពីទីក្រុងអង្គរ៕ ប្រភពពី៖ Wiki, Youtube Channel Sim Nyla