ប្រទេសកូរ៉េខាងត្បូង បង្កើនការរឹតត្បិតក្របខ័ណ្ឌកូវីដ-១៩ ដល់កំរិតខ្ពស់បំផុត នៅក្នុងទីក្រុង

A medical staff member wearing protective gear gestures after getting a swab from a visitor to test for the Covid-19 coronavirus at a temporary testing station outside the City Hall in Seoul on December 28, 2020. (Photo by Jung Yeon-je / AFP) (Photo by JUNG YEON-JE/AFP via Getty Images)

នាយករដ្ឋមន្រ្តីរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសកូរ៉េខាងត្បូងនឹងបង្កើនការទប់ស្កាត់ជម្ងឺរាតត្បាតដល់កម្រិតខ្ពស់បំផុតនៅក្នុងតំបន់ទីក្រុងសេអ៊ូល។

កន្លងមកប្រទេសនេះ ត្រូវបានគេយកធ្វើជាគំរូនៃវិធីដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ដោយបានដាក់គម្លាតសង្គមយ៉ាងតឹងរឹងលើមនុស្សដែលមានហានិភ័យ និងរឹតច្បាប់ផ្សេងៗ ប៉ុន្តែបែរជាយឺតយ៉ាវក្នុងការចាប់ផ្តើមចាក់វ៉ាក់សាំង ដោយសារតែកង្វះការផ្គត់ផ្គង់។

កាលពីថ្ងៃសុក្រប្រទេសកូរ៉េខាងត្បូង បានកត់ត្រាករណីថ្មីចំនួន ១,៣១៦ ករណី ដែលជាការកើនឡើងខ្ពស់បំផុតប្រចាំថ្ងៃចាប់តាំងពីមានការរាតត្បាត ដោយមានការឆ្លងថ្មីៗភាគច្រើននៅក្នុងរដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញ ដែលចំនួននេះស្ទើតែពាក់កណ្ដាលប្រជាជនកូរ៉េ។

យោងតាមអាជ្ញាធរសុខាភិបាល បានឱ្យដឹងថាការឆ្លងក្នុងសហគមន៍ បានកើតមាននៅតាមតំបន់រួមមាន សាលារៀន ការិយាល័យ និងផ្សារទំនើប ដោយពួកគេមានអាយុពី ២០ ទៅ ៣០ ឆ្នាំ ដែលភាគច្រើនមិនទាន់មានសិទ្ធិទទួលបានការចាក់វ៉ាក់សាំង។

នៅក្រោមច្បាប់រឹតត្បិតថ្មី ដែលបានកំណត់ចូលជាធរមាននៅថ្ងៃច័ន្ទ និងមានរយៈពេលពីរសប្តាហ៍ ការជួបជុំគ្នាច្រើនជាងពីរនាក់នឹងត្រូវហាមឃាត់បន្ទាប់ពីម៉ោង ៦ ល្ងាច ហើយសាលារៀននឹងត្រូវបិទទ្វារ។

ហាងកាហ្វេ និងភោជនីយដ្ឋាន ត្រូវបានអនុញ្ញាតិអោយមានកន្លែងអង្គុយ មានកំណត់ចំនួនមនុស្ស និងសេវាកម្មអាហារពេលល្ងាចត្រូវបានហាមឃាត់បន្ទាប់ពីម៉ោង ១០ យប់។

កន្លែងកំសាន្តរួមទាំងបារ និងក្លឹបនឹងត្រូវបិទ ហើយរាល់ការជួបជុំជាសាធារណៈត្រូវបានហាមឃាត់លើកលែងតែការជំទាស់មានតែម្នាក់ឯង៕ ប្រភពពី៖ AFP