មិនងាយហ្នឹងបានឃើញទេ! បើកបង្ហាញឃ្លាំង រតនៈសម្បតិ្តមិនអាចកាត់ថ្លៃបាន នៃម្ចាស់ក្សត្រិយ៍អេលីហ្សាបែតទី ២ ចក្រភពអង់គ្លេស

ម្ចាស់ក្សត្រិយ៍អេលីហ្សាបែតទី ២ នៃចក្រភពអង់គ្លេស ត្រូវបានគេកត់ត្រាទុកជាប្រមុខម្ចាស់ក្សត្រិ ដែលមានរតនសម្បត្តិមានតម្លៃបំផុតនៅក្នុងពិភពលោក ហើយឈុតគ្រឿងអលង្ការនីមួយៗ ក្រៅពីមានភាពអស្ចារ្យភ្លឺចិញ្ចាចចិញ្ចែងហើយ ក៏ជាគ្រឿងអលង្ការដែលមិនអាចជាកាត់ថ្លៃបានទៀតផង ។ គ្រឿងអលង្ការខ្លះគឺជាមរតកតពីមួយជំនាន់ទៅមួយជំនាន់ ទន្ទឹមនឹងនោះក៏មានរឿងរ៉ាវ និងឯកសារយោងប្រវត្តិសាស្ត្រជាច្រើនផងដែរ។

ទៀតសោតគ្រឿងអលង្ការភាគច្រើន មានប្រភពមកពីព្រះមហាក្សត្រិយ៍យានីម៉ារី ជាព្រះអយ្យិកា ដែលទ្រង់សព្វព្រះរាជហឫទ័យ នឹងប្រមូលផ្តុំគ្រឿងអលង្ការទុក ក្រោយពីផ្ទេរទៅឲ្យស្តេចចចទី ៦ និងម្ចាស់ក្សត្រិយ៍មហាក្សត្រីអេលីសាបែត (ព្រះមាតា ព្រះបិតា) ហើយទីបំផុតក៏បានធ្លាក់មកលើម្ចាស់ក្សត្រិយ៍អេលីហ្សាបែតទី ២ ។

ក្នុងចំណោមគ្រឿងអលង្ការ នឹងគ្រឿងប្រដាប់ទាំងនេះមានតម្លៃណាស់ ហើយក៏ពិបាកបរិយាយថាមួយណាសំខាន់ជាងគេ ឬមានតម្លៃបំផុតដែរ ព្រោះដោយសារតែពួកគេទាំងអស់ មានរឿងរ៉ាវផ្សេងៗគ្នាទៅតាមពេលវេលា។

សូមទៅមើលឃ្លាំងកំណប់ទ្រព្យនៃម្ចាស់ក្សត្រិយ៍អេលីហ្សាបែតទី ២ ថាតើមានគ្រឿងអលង្ការណាខ្លះដែលគួរឱ្យចាប់អារម្មណ៍ ហើយគ្រឿងនីមួយៗមានប្រវត្តិយ៉ាងណាខ្លះ?

១. BRAZILIAN AQUAMARINE TIARA

ព្រះមកុដ ‘BRAZILIAN AQUAMARINE TIARA ត្រូវបានរចនាឡើងដោយហាងគ្រឿងអលង្ការជំនាញ Garrard & Co., នៅឆ្នាំ ១៩៥៧ ដើម្បីផ្គូរផ្គងជាមួយខ្សែកនិងក្រវិល ‘AQUAMARINE’ ដែលប្រធានាធិបតីនៃប្រទេសប្រេស៊ីល នាំយកមកថ្វាយដល់ម្ចាស់ក្សត្រិយ៍អេលីហ្សាបែតទី ២ ក្នុងឱកាសប្រារព្ធពិធីឡើងសោយរាជ្យនៅឆ្នាំ ១៩៥២ ។

2. CORONATION NECKLACE

ខ្សែកពេជ្រដ៏អស្ចារ្យ CORONATION NECKLACE មានត្បូងពេជ្រភ្លឺចិញ្ចាចចិញ្ចែង ចំនួន ២៥ គ្រាប់ ត្រូវបានដាំតុបតែងពេញមួយជួរ និងមានទំងន់ ២២,៤៨ ការ៉ាត់ ។ ពេជ្រដែលបានប្រើគឺពេជ្រឡាហ័រ (Lahore Diamond) ត្រូវបានរចនាឡើងដើម្បីថ្វាយម្ចាស់ក្សត្រិយ៍ Victoria នៅក្នុងឱកាសនៃការកាន់បល្ល័ង្កក្នុងឆ្នាំ ១៨៥៨ អាចហៅថាជាខ្សែកពេជ្រប្រចាំគ្រួសាររាជវង្សអង់គ្លេស បច្ចុប្បន្នខ្សែកពេជ្រនេះមានអាយុកាល ១៥៧ ឆ្នាំហើយ។

៣. CULLINAN V BROOCH

ព្រះមហាក្សត្រិយ៍យានីម៉ារី ទ្រង់សព្វព្រះរាជហឫទ័យគ្រងកន្លាស់ពេជ្រ ‘CULLINAN V BROOCH’ ។ កន្លាស់នេះ ត្រូវបានរចនាឡើងតាំងពីឆ្នាំ ១៩១១ និងមានទំងន់ជិត ១៩ ការ៉ាត់ ជាពេជ្រទឹកល្អ ទ្រង់ទ្រាយជារូបបេះដូង ទំហំ ៤.៥ គុណ ៤.៣ ស/ម ។

៤. DELHI DURBAR NECKLACE

ខ្សែក DELHI DURBAR NECKLACE ត្រូវបានរចនា និងផលិតឡើងសម្រាប់ព្រះមហាក្សត្រិយ៍យានីម៉ារី ដើម្បីទ្រង់បានគ្រងចូលរួមក្នុងពិធីអបអរសាទរដ៏ធំនៃការឡើងគ្រងរាជ្យ របស់អធិរាជនៃចក្រភពឥណ្ឌា ឬពិធី Delhi Durbar ។

៥. DIAMOND FRINGE TIARA

ព្រះមកុដ DIAMOND FRINGE TIARA ប្រៀបដូចជាគ្រឿងប្រដាប់តុបតែង ដែលមានតម្លៃផ្នែកមនោសញ្ចេតនាដ៏អស្ចារ្យ ។ ដោយម្ចាស់ក្សត្រិយ៍អេលីសាបែតទី ២ ទ្រង់គ្រងព្រះមកុដនេះ នៅក្នុងពិធីរៀបអភិសេកព្រះរាជា ជាមួយព្រះអង្គម្ចាស់ហ្វីលីព ក្នុងឆ្នាំ ១៨៤៧ ។

ប៉ុន្តែកាលនោះក៏មានព័ត៌មានបានបង្ហាញថា មកុដនេះគឺផុយស្រួយ និងបាក់មុនថ្ងៃនៃព្រះរាជពិធី ប៉ុន្តែសិប្បករបានជួសជុលបានវិញយ៉ាងឆាប់រហ័ស មុនថ្ងៃរៀបអភិសេករបស់ទ្រង់ ។

៦. FLOWER BASKET BROOCH

កន្លាស់រូបកន្ត្រកផ្កា FLOWER BASKET BROOCH ដែលមើលទៅទន់ភ្លន់ និងស្រស់ស្អាត តុបតែងជាមួយពេជ្រ ត្បូងទទឹម និងត្បូងកណ្តៀង ការរួមបញ្ចូលគ្នានៃត្បូងទាំងនេះ បង្កើតឱ្យមានពណ៌ស្រស់ស្អាត តំណាងឱ្យផ្កា ។ កន្លាស់រូបកន្ត្រកផ្កានេះ ម្ចាស់ក្សត្រិយ៍អេលីហ្សាបែតទី ២ ទ្រង់បានទទួលជាអំណោយពី ព្រះវរបិតា និងព្រះមាតារបស់ទ្រង់ បន្ទាប់ពីទ្រង់ប្រសូតព្រះអង្គម្ចាស់ឆាល នៅខែវិច្ឆិកា ឆ្នាំ ១៩៤៨ ។

៧. GIRLS OF GREAT BRITAIN AND IRELAND TIARA

ព្រះមកុដពេជ្រទឹកល្អមួយនេះ ត្រូវបានគណៈកម្មការស្ត្រី មកពីចក្រភពអង់គ្លេស និងអៀរឡង់ ទិញរួមគ្នាដើម្បីផ្តល់ជាអំណោយ សម្រាប់ការប្រារព្ធព្រះរាជពិធីរៀបអភិសេក របស់ព្រះមហាក្សត្រិយ៍យានីម៉ារី ក្នុងឆ្នាំ ១៨៩៣ ។ ដើមឡើយព្រះមកុដនេះ ធ្លាប់មានគុជខ្យងរាងដូចតំណក់ទឹកតុបតែង មុនគុជខ្យងនោះ ត្រូវបាននាំយកមកតុបតែងនៅលើព្រះមកុដ ‘CAMBRIDGE LOVER’S KNOT’ ជំនួសវិញ ។

បច្ចុប្បន្នព្រះមកុដនេះត្រូវបានផ្ទេរទៅ ម្ចាស់ក្សត្រិយ៍អេលីហ្សាបែតទី ២ វិញ ហើយព្រះមកុដនេះក៏ជាគ្រឿងប្រដាប់មួយ ដែលទ្រង់សព្វព្រះរាជហឫទ័យបំផុតដែរ ។

៨. GRAND DUCHESS VLADIMIR OF RUSSIA TIARA

ព្រះមកុដនេះជាកម្មសិទ្ធិដើមរបស់ Grand Duchess Vladimir និង Nicholas ទី ២ នៃរាជវង្ស Romanov ចក្រភពរុស្ស៊ី ។ ប៉ុន្តែទ្រង់ក៏សោយទិវង្គតចោលព្រះមកុដ ខណៈពេលដែលភៀសខ្លួនពី St Petersburg ក្នុងអំឡុងបដិវត្តរុស្ស៊ី ។

ប៉ុន្តែនៅច្រើនឆ្នាំបន្ទាប់មក ភ្នាក់ងារសម្ងាត់នៃប្រទេសអង់គ្លេស (British Secret Intelligence Service) ឬស្មើនឹងភ្នាក់ងារស៊ើបការណ៍បច្ចុប្បន្ន បាននាំយកព្រះមកុដពីប្រទេសរុស្ស៊ីមកវិញ ។

៩. GRANNY’S CHIPS

ព្រះកន្លាស់ពេជ្រ ‘GRANNY’S CHIPS’ ឬត្រូវបានគេស្គាល់ថាជា ‘CULLINAN III’ និង ‘CULLINAN IV’ ជាព្រះកន្លាស់ពេជ្រទឹកល្អ រចនាសម្រាប់ពេជ្រចំនួន ២ គ្រាប់ ជារូបដំណក់ទឹក ។ មួយគ្រាប់មានទំងន់ ៩៤.៤ ការ៉ាត់ មួយគ្រាប់ទៀតមានទម្ងន់ ៦៣.៦ ការ៉ាត់ ។ ជាព្រះកន្លាស់ដែលព្រះមហាក្សត្រិយ៍យានីម៉ារី សព្វព្រះរាជហឫទ័យបំផុត ។

១០. KING GEORGE IV STATE DIADEM

ព្រះមកុដ KING GEORGE IV STATE DIADEM ត្រូវបានរចនាឡើងតាំងពីឆ្នាំ ១៨២០ សម្រាប់ព្រះរាជពិធីគ្រងរាជ្យសម្បត្តិ  ស្តេចចចទី ៤ ជាព្រះមកុដដែលត្រូវបានគ្រងច្រើនបំផុត ដោយម្ចាស់ក្សត្រិយ៍អេលីសាបែតទី ២ ដោយទ្រងបានគ្រងជារាងរាល់ឆ្នាំ ។

១១. KING GEORGE SAPPHIRE SUITE

ឈុតត្បូងកណ្តៀង KING GEORGE SAPPHIRE SUITE រួមបញ្ចូលខ្សែក និងក្រវិល ត្រូវបានរចនាឡើងនៅឆ្នាំ ១៨៥០ ដោយ King George IV ដែលព្រះវរបិតាបានប្រគល់ទៅឲ្យម្ចាស់ក្សត្រិយ៍អេលីសាបែតទី ២ ដែលជាបុត្រី ជាអំណោយនៅក្នុងពិធីព្រះរាជអភិសេករបស់របស់ទ្រង់ ។ ក្រោយមកនៅឆ្នាំ ១៩៦៣ ទើបមានការរចនាមកុដបន្ថែមជាឈុតដែរ ។

១២. RUBY BANDEAU NECKLACE

ខ្សែកត្បូងទទឹម RUBY BANDEAU NECKLACE ជាគ្រឿងអលង្ការមួយទៀត ដែលមហាក្សត្រិយ៍អេលីហ្សាបែតទី ២ ទទួលពីស្តេចចចទី ៤ ព្រះវរបិតា និងព្រះមហាក្សត្រិយានីអេលីសាបិត ជាព្រះមាតា ។

១៣. LOVER’S KNOT BROOCH

កន្លាស់ពេជ្រខ្នាតធំ LOVER’S KNOT BROOCH មានរាងដូចជាខ្សែបូរ តួរបស់ព្រះកន្លាស់រចនាពីមាស និងប្រាក់ និងតុបតែងដោយត្បូងពេជ្រភ្លឺចិញ្ចាចចិញ្ចែង គឺជាទ្រព្យសម្បត្តិដែលបានទទួលពី ព្រះមហាក្សត្រិយ៍យានីម៉ារី ជាព្រះអយ្យិកា ដោយមហាក្សត្រិយ៍អេលីសាបែតជាព្រះមាតា ទ្រង់ទទួលមរតកបន្ទាប់ពីព្រះអយ្យិកាសោយទិវង្គត នៅឆ្នាំ ១៩៥៣ ។

១៤. NIZAM OF HYDERABAD NECKLACE

ខ្សែកពេជ្រប្រណីត NIZAM OF HYDERABAD NECKLACE ខ្សែនេះ ត្រូវបានប្រគល់ជូនរាជវង្សានុវង្ស ជាអំណោយមួយក្នុងឱកាសពិធីរៀបអភិសេករបស់ព្រះមហាក្សត្រិយ៍អេលីសាបែតទី ២ ជាមួយព្រះអង្គម្ចាស់ហ្វីលីព ។

ដែលព្រះនាង Katherine Duchess of Cambridge ជាព្រះមហេសី ព្រះអង្គម្ចាស់ William Duke of Cambridge ទ្រងក៏ធ្លាប់គ្រងនៅពេលចូលរួមព្រឹត្តិការណ៍មួយ នៅវិចិត្រសាលរូបភាពជាតិ National Portrait Gallery នាទីក្រុងឡុងក្នុងឆ្នាំ ២០១៤ ទៀតផង។

១៥. QUEEN MARY DIAMOND STOMACHER

គ្រឿងប្រដាប់ QUEEN MARY DIAMOND STOMACHER ជាព្រះកន្លាស់ខ្នាតធំ សម្រាប់ការតុបតែងលើសម្លៀកបំពាក់ ផ្នែកខាងមុខនៃតំបន់ព្រះឧរា ។ ដើមឡើយជាព្រះកន្លាស់នេះជាគ្រឿងប្រដាប់របស់ព្រះមហាក្សត្រិយ៍យានីម៉ារី ជាព្រះអយ្យិកា។ បច្ចុប្បន្នព្រះកន្លាស់នេះកំពុងត្រូវបានរក្សាទុក កម្រត្រូវបាននាំយកមកគ្រងណាស់ ដោយសារតែការផ្លាស់ប្តូរនៃសម័យកាល ធ្វើឱ្យស្ទីលនៃការតុបតែងព្រះកាយក៏វិវត្តខុសគ្នាដែរ ។

១៦. THE QUEEN’S ENGAGEMENT RING

ព្រះទម្រង់ THE QUEEN’S ENGAGEMENT RING ជាចិញ្ចៀនពេជ្រតែមួយគ្រាប់មានទំងន់ ៣ ការ៉ាត់ ។ អាចនិយាយបានថា ទំហំនេះអាចហ្នឹងតូចបើប្រៀបទៅនឹងគ្រឿងប្រដាប់ផ្សេងៗ របស់ទ្រង់ ។ ប៉ុន្តែអ្វីដែលប្លែកគឺជាប្រវត្តិនៃព្រះទម្រង់នេះ ដោយសារពេជ្រនៅលើព្រះទម្រង់ គឺជាពេជ្រដែលបានមកពីព្រះមកុដរបស់ ម្ចាស់ក្សត្រិយ៍អាលីស ដែលជាព្រះមាតារបស់ព្រះអង្គម្ចាស់ហ្វីលីព ។

១៧. QUEEN VICTORIA FRINGE BROOCH

ព្រះកន្លាស់មានរាងដូចជាដួងតារា ‘QUEEN VICTORIA FRINGE BROOCH’ ត្រូវបានរចនាឡើងតាំងពីឆ្នាំ ១៨៥៦ ដោយម្ចាស់ក្សត្រិយ៍ Victoria ទ្រង់បានកម្ម៉ងឲ្យ Garrard & Co. ហាងលក់គ្រឿងអលង្ការដ៏ល្បីល្បាញមួយនៅសម័យនោះអ្នករចនា បន្ទាប់មកស៊ុលតង់មកពីប្រទេសទួរគី ក៏បាននាំយកមកថ្វាយដល់ទ្រង់ ។

១៨. WILLIAMSON CARTIER FLOWER BROOCH

ព្រះកន្លាស់ WILLIAMSON CARTIER FLOWER BROOCH មានចំណុចលេខធ្លោត្រង់ត្បូងពេជ្រ Williamson Diamond ធំមួយនៅកណ្តាល ទំហំ ២៣,៦ ការ៉ាត់ ជាត្បូងពេជ្រពណ៌ផ្កាឈូក ដ៏មានតម្លៃបំផុតនៅលើពិភពលោក។ ដោយលោក Dr.John Thoburn Williamson ភូគព្ភវិទូបានរកឃើញត្បូងពេជ្រដ៏មានតម្លៃនេះ ជាតង្វាយដល់ ម្ចាស់ក្សត្រិយ៍អេលីហ្សាបែតទី ២ ក្នុងឱកាសព្រះរាជពិធីរៀបអភិសេក ជាមួយព្រះអង្គម្ចាស់ហ្វីលីពនៅឆ្នាំ ១៩៤៧ ចំណែកព្រះកន្លាស់ត្រូវបានរចនាឡើងនៅឆ្នាំ ១៩៥២ ៕

Source: www.royalcollection.org.uk, www.people.com