ក្រសួងវប្បធម៌ថា ​កម្ពុជាកំពុង​ស្រាវជ្រាវលើករណី ការ​សាងសង់អង្គរវត្ត នៅទឹកដីថៃហើយ ក្រោយផ្អើលពេញបណ្ដាញសង្គម (មានវីដេអូ)

519

ភ្នំពេញ៖ យោងតាមប្រសាសន៍លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់តាមរយ: BTV បានឲ្យដឹងនៅយប់ម្សិលមិញថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ កំពុងស្រាវជ្រាវលើករណី​ការសាង​សង់ប្រាសាទ​ដូច​អង្គរវត្តនៅលើទឹកដីថៃ។

គួរឲ្យដឹងថា នៅក្នុងបណ្ដាញសង្គមប៉ុន្មានថ្ងៃនេះ មានការប្រតិកម្មយ៉ាងខ្លាំងទៅ រូបភាពនៃប្រាសាទដូចអង្គរវត្តរបស់កម្ពុជាកំពុងសាងនៅទឹកដីថៃ ដែលការសាង​សង់នេះស្ថិតនៅខេត្តបុរីរ៉ាំ ប្រទេសថៃ ។

តាម​ការលើកឡើងនៅក្នុងបណ្ដាញសង្គម ក៏បានឱ្យដឹងដែរថា វិស្វករដែលសាងសង់​ប្រាសាទដោយ​ចម្លងតាមប្រាសាទ​អង្គរវត្តរបស់​កម្ពុជានេះ ក៏មានការមិនសប្បាយចិត្ត ចំពោះការរិះគន់លើស្នាដៃរបស់គេដែលកំពុងសាងសង់នេះដែរ។

លោក​ជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់បន្ថែមថា ក្រសួងបានទាក់ទងទៅកុងស៊ុល កម្ពុជាប្រចាំនៅទីនោះ​ឱ្យ​ស្រាវជ្រាវ​ករណីនេះឱ្យបានល្អិតល្អន់ ។

យោងតាម ហ្វេសប៊ុកផេក បុរាណាចារ្យ បានប្រាប់ឲ្យដឹងថា «ប្រទេសថៃនឹងសាងសង់ប្រាសាទអង្គរវត្តទី២ឆាប់ៗនេះ ។ នៅឯវត្តភូម៉ានហ្វា ដ៏ល្បីល្បាញរបស់ថៃរឿងការសាងសង់ប្រាសាទថ្ម ដែលយើងឃើញមានការបង្ហោះក្នុងបណ្តាញសង្គមមួយរយៈនេះ បន្ទាប់ពីទទួលជោគជ័យក្នុងការកសាងប្រាសាទកំពូល៣រចនាបទខ្មែរ រួចមកហើយនោះ គម្រោងបន្ទាប់គឺការកសាងប្រាសាទអង្គរវត្តទី២ ដែលជាគម្រោងសាងសង់ប្រាសាទអង្គរវត្តចម្លងធំជាងគេនៅលើពិភពលោក។

គម្រោងសាងសង់ប្រាសាទអង្គរវត្តទី២ ឬ ប្រាសាទដែលគេប្រសិទ្ធនាមថា ប្រាសាទសីហនគរនេះ(ปราสาทสีหนคร) បានប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ដោយកំណត់ថានឹងបញ្ចប់ការសាងសង់នៅរវាង៧ទៅ៨ឆ្នាំទៀត។ យើងបានភ្ជាប់ជូនអ្នកទាំងអស់គ្នានូវគំរូរប្រាសាទ និងប្លង់ប្រាសាទដែលគេនឹងចាប់ផ្តើមសាងសង់ឆាប់ៗនេះ ព្រមទាំងរូបភាពប្រាសាទកំពូល៣ដែលបានសាងសង់រូចមកហើយនិងបញ្ចប់គម្រោងឆាប់ៗនេះ។ ដោយសារតែអង្គរវត្តជាបេតិកភណ្ឌពិភពលោក ដូចនេះបើយោងទៅតាមច្បាប់អន្តរជាតិ មាត្រា៦ស្ទួន មាត្រា១០ និងមាត្រា១០ស្ទួន នៃអនុសញ្ញាទីក្រុងប៉ារីស ស្តីពី កិច្ចការពារកម្មសិទ្ធិឧស្សាហកម្ម ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ១៨៨៣ និងគោលការណ៍ផ្សេងៗទៀត ដែលទាក់ទងដល់ការរក្សាគុណតម្លៃនៃប្រាសាទបុរាណខ្មែរ យើងមិនអាចអនុញ្ញាតអោយមានការសាងសង់ចម្លងតាមបែបនេះបានទេ យើងក៏សង្ឃឹមថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការអោយបានឆាប់រហ័សទាក់ទងនឹងរឿងនេះ កុំអោយដល់ពេលគេសាងសង់ហើយទើបមានប្រតិកម្ម»៕