ក្រសួងបរិស្ថាន នៃប្រទេសកម្ពុជា បានរកខ្លាឃ្មុំធំ ដែលជាសត្វកម្រនៅក្នុងដែនជម្រកសត្វព្រៃនៃប្រទេសកម្ពុជា

នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១ ក្រសួងបរិស្ថានបានបង្ហោះសារបញ្ជាក់ពីការរកឃើញសត្វខ្លាឃ្មុំធំនៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា។

នៅក្នុងដែនជម្រកសត្វព្រៃប្រទេសកម្ពុជាមានសត្វព្រៃកម្រជាច្រើន ដែលថតបានដោយកាមេរ៉ាស្វ័យប្រវត្តិ វាជាមោទនៈភាពមួយសម្រាប់កម្ពុជា និងជាក្ដីរំភើបមួយសម្រាប់ប្រជាជនខ្មែរ។

សេចក្ដីនៃសារបង្ហោះមានខ្លឹមសារដូចខាងក្រោម៖

ខ្លាឃ្មុំធំនៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា

ខ្លាឃ្មុំធំ Asiatic black bear (Ursus thibetanus) ស្ថិតក្នុងប្រភេទសត្វកម្រ និងជិតផុតពូជ (តាមច្បាប់ស្តីពីព្រៃឈើ របស់កម្ពុជា) និងត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ (VU) នៅក្នុងបញ្ជីក្រហម IUCN ហើយត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញា CITES។ មានវត្តមាននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ រហូតដល់អាស៊ីខាងកើត។

ខ្លាឃ្មុំធំរស់នៅក្នុងប្រភេទព្រៃជាច្រើនប្រភេទដែលរួមមានព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ។ នៅក្នុងប្រទេសកម្ពុជា សត្វខ្លាឃ្មុំធំមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងកើត ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។ ខ្លាឃ្មុំធំ ជាប្រភេទសព្វាសី សត្វស៊ីចំនីចម្រុះរួមមានរុក្ខជាតិ និងសត្វ។ ខ្លាឃ្មុំធំ អាចចាប់ផ្តើមបង្កកំណើតនៅអាយុពី៤ទៅ៥ឆ្នាំ ជាទូទៅធ្វើការបង្កាត់ពូជនៅកំឡុងពីខែមិថុនា-កក្កដា ហើយបង្កើតកូននៅកំឡុងខែវិច្ឆិកា-មីនា និងជាទូទៅបង្កើតកូនម្តងបានពី១ទៅ២ក្បាល។

សត្វខ្លាឃ្មុំអាចរស់បានរហូតដល់អាយុជាង៣០ឆ្នាំ។ សត្វខ្លាឃ្មុំទទួលរងការគម្រាមកំហែងពីកត្តាជាច្រើនដែលរួមមាន ការបាត់បង់ទីជម្រក ការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីយកស្បែក ក្រចកជើង ប្រម៉ាត់ និងការចាប់មកចិញ្ចឹម។

យើងសង្ឃឹមថា សត្វដ៏កម្រទាំងនេះនឹងត្រូវបានរកឃើញជាបន្តបន្ទាប់ ហើយក៏នឹងមានយុទ្ធនាការទប់ស្កាត់ចំពោះព្រានព្រៃ ដែលតែងតែបរបាញ់ និងចាប់ពួកវានៅតំបន់មួយចំនួនក្នុងដែនជម្រកនៃប្រទេសកម្ពុជា៕ ប្រភពពី៖ Ministry of Environment