ក្រសួងបរិស្ថាន បានបង្ហាញលក្ខណៈពិសេសនៃសត្វជ្រូកចិញ្ចឹមធម្មជាតិ ដែលក្រសួងបានចែកជូនប្រជាជនក្នុងសហគមន៍ចំនួន ៥ នៅលើភ្នំគូលែន ដើម្បីលក់ដូរជូនភ្ញៀវជាតិ និងអន្តរជាតិ

សៀមរាប៖ កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ ក្រសួងបរិស្ថាន បានបង្ហោះនូវសារមួយដែលមានចំណងជើងថា តើហេតុអ្វី បានជាជ្រូកខ្វៃនៅភ្នំគូលែនពិសេស? ដោយក្រសួងបានបញ្ចាក់ផងដែរថា ការធ្វើបែបនេះ ដើម្បីជួយដល់ជីវភាពប្រជាជនក្នុងតំបន់។

សូមអានខ្លឹមសារនៃលក្ខណៈពិសេសរបស់ជ្រូកនេះដូចខាងក្រោម៖

ភាពពិសេសរបស់ជ្រូកខ្វៃនៅភ្នំគូលែន គឺទី១. កូនជ្រូកតូចមិនសូវមានខ្លាញ់ ទី២. ពូជកាត់ជ្រូកក្នុងស្រុកនិងជ្រូកព្រៃ ទី៣. ចិញ្ចឹមជាលក្ខណៈគ្រួសារលែងនៅព្រៃក្រោយផ្ទះ និងចំការស្វាយចន្ទីរ និងទី៤. ចំណីរកស៊ីក្នុងព្រៃធម្មជាតិ។ សមាជិកសហគមន៍ព្រៃភ្នំពពេល និងសហគមន៍ខ្នងភ្នំ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប និយមចិញ្ចឹមជ្រូកតាមរបៀបខាងលើនេះ ដើម្បីផលិតកូនជ្រូកបំពេញតម្រូវការទីផ្សារជ្រូកខ្វៃ។

បច្ចុប្បន្នដោយសារមានតម្រូវការទីផ្សារខ្ពស់ បានជំរុញឱ្យសហគមន៍នៅលើភ្នំគូលែន បង្កើនការចិញ្ចឹមជ្រូកគួរឱ្យកត់សម្គាល់។ កូនជ្រូកក្នុងទម្ងន់ ៨-១០ គីឡូក្រាម មានតម្លៃរហូតដល់ ៤៥០ ០០០រៀលក្នុងមួយក្បាល ធ្វើឱ្យសហគមន៍មិនចិញ្ចឹមជ្រូកសាច់រហូតដល់ទម្ងន់ ៨០-៩០ គីឡូក្រាមឡើយ។

ដើម្បីចូលរួមលើកទឹកចិត្តដល់សហគមន៍ទាំង ៥ នៅលើខ្នងភ្នំ ក្រសួងបរិស្ថានបានចែកពូជជ្រូកឦសាន ដែលយកមកពីខេត្តមណ្ឌលគីរី ធ្វើឱ្យការចិញ្ចឹមជ្រូកនេះ កាន់តែទទួលបានផលខ្ពស់ រួមផ្សំជាមួយកិច្ចសហការល្អជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បានធ្វើឱ្យការថែទាំសុខភាពសត្វ ទទួលបានជោគជ័យ៕ ប្រភពពី៖ Ministry Of Environment