ពិតជាទំនើបណាស់! ក្រុមហ៊ុនចិនបង្កើតបច្ចេកវិទ្យាថ្មី សាងសង់អាគារកម្ពស់ ១០ ជាន់រួចក្នុងរយៈពេល ១ ថ្ងៃកន្លះ (មានវីដេអូ)

ភាពជឿនលឿនផ្នែកបច្ចេកវិទ្យា នៅតែបន្តវិវឌ្ឍន៍ទៅមុខឥតឈប់ឈនៅក្នុងយុគសម័យទំនើប ហើយវាត្រូវបានប្រើដើម្បីបង្កើតការច្នៃប្រឌិតផ្នែកស្ថាបត្យកម្ម និងវិស័យវិស្វកម្មក្នុងពេលតែមួយដែរ ។

កាលពីថ្មីៗនេះ ក្រុមហ៊ុនចិន Broad Group បានបង្ហាញពីការច្នៃប្រឌិតថ្មី ក្នុងការសាងសង់អគារលំនៅដ្ឋានកម្ពស់ ១០ ជាន់ តាមរយៈការតំឡើងបំណែកនីមួយៗ នៅក្នុងរោងចក្រនិងលើកយកទៅផ្គុំគ្នាជារូបរាងអាគារ ដោយចំណាយពេលតែ ១ ថ្ងៃ ៤ ម៉ោង និង ៤៥ នាទីប៉ុណ្ណោះ។

គំនិតសាងសង់ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Broad Group ត្រូវបានគេរំពឹងថា នឹងធ្វើបដិវត្តមធ្យោបាយសាងសង់នាពេលអនាគត ជាមួយនឹងភាពជោគជ័យថ្មីៗ នៃការកសាងអគារ ១០ ជាន់ ក្នុងរយៈពេលតែមួយថ្ងៃដូចនេះ ។

បើតាមលក្ខណៈបច្ចេកទេស អាគារនេះត្រូវបានផ្គុំឡើងពីគ្រឿងសំណង់ដែលផលិតនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន និងដឹកចេញដោយរថយន្តដឹកទំនិញ ដើម្បីយកទៅផ្គុំនៅក្រុង Changsha ដោយប្រើកម្លាំងពលកម្មច្រើន បូកនឹងគ្រឿងស្ទូចចំនួន ៣ ។

លក្ខណៈសំខាន់ដែលត្រូវបានបន្លិចឡើងមក គឺវិមាត្រនៃបន្ទប់នីមួយៗ ឲ្យដូចគ្នាទៅនឹងទូរកុងតឺន័រ និងផ្គុំគ្នាដោយការផ្សារដែកបង្កើតជាអាគារមួយ ដែលមានបណ្តាញអគ្គិសនីនិងបណ្តាញទឹកស្អាតរួចជាស្រេច ។

ការច្នៃប្រឌិត Living Building របស់ក្រុមហ៊ុន Broad Group ត្រូវបានបង្កើតឡើងតាមគំនិតនៃការផ្គុំឡាន ហើយផ្នែកទាំងអស់ត្រូវបានផលិតនិងដំឡើងនៅក្នុងរោងចក្រ និងដឹកជញ្ជូនទៅតំឡើងនៅទីតាំងដែលចង់បាន   ដោយផ្នែកទាំងអស់នៃរចនាសម្ព័ន្ធអាគារ អាចដឹកជញ្ជូនបានតាមកុងតឺន័រ ទាំងផ្លូវគោកនិងផ្លូវទឹក។

ទៀតសោត នៅពេលដឹកទៅដល់ចំណុចតម្លើងអាគារ ដំណើរការបន្តគឺសាមញ្ញបំផុត គ្រាន់តែនាំបំណែកនីមួយៗមកផ្គុំ និងផ្សាភ្ជាប់ឲ្យជាប់ណែន ដោយមានផ្ជាប់ជាមួយប្រព័ន្ធអគ្គិសនី និងប្រព័ន្ធទឹកស្អាតជាការស្រេច ។

ចំណែករចនាសម្ព័ន្ធអាគារវាធ្វើឡើងពីដែករឹងមាំ តែស្រាលជាងដែលធម្មតាដល់ទៅ ១០ ដង និងធន់ជាងអគារធម្មតា ១០០ ដង។ ជាពិសេសវាធន់នឹងការរញ្ជួយដី និងព្យុះទីហ្វុង ហើយក៏មានតម្លៃថោកជាងសំណង់អាគារធម្មតា ឬអាគារដែលធ្វើពីដែកកាបូនទៅទៀត ។

ចំពោះអគារដែលយើងបានឃើញនៅក្នុងឃ្លីបវីដេអូ វាមានតម្លើងកញ្ចក់ពី ៣ ទៅ ៤ ប្រឡោះ មានប្រព័ន្ធការពារកំដៅ ហើយវាប្រើប្រាស់ថាមពលតែ ១ ភាក ៥ ឬ ១ ភាគ ១០ នៃថាមពលពីអាគារទូទៅ ។

ក្រុមហ៊ុនខាងលើបាននិយាយថា រចនាសម្ព័ន្ធបែបនេះអាចត្រូវបានប្រើដើម្បីសាងសង់អាគារពហុមុខងារបាន មិនថាវាជាអគារប្រណីតនៅកណ្តាលទីក្រុង ឬអគារលំនៅដ្ឋាននោះទេ ហើយវាក៏អាចសាងសង់ជាអាគារ ២០០ ជាន់ក៏បានដែរ។

ដោយសារតែការរចនានៃផ្នែកនីមួយៗ វាអាចរុះរើ និងផ្លាស់ប្តូរទៅតំឡើងបានគ្រប់ទីកន្លែង ហើយវាងាយស្រួល និងគ្មានការរំខានទៀតផង ។

មុននឹងបញ្ចប់ ក្រុមហ៊ុន Broad Group បាននិយាយថា ដែកដែលត្រូវបានប្រើសម្រាប់រចនាសម្ព័ន្ធអគារមានភាពធន់នឹងច្រែះជាង ៣០ ដង ច្រើនជាងដែកថែបកាបូន និងមានអាយុកាលជាង ១០០០ ឆ្នាំឯណោះ ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព: broad.com, BROAD Group