អស្ចារ្យណាស់! បើកការស្រាវ​ជ្រាវ «ល្អាងគំនូរ» បុរាណ នៅតំបន់ការពារធម្មជាតិ ឧទ្យាជាតិភ្នំក្រវាញកណ្តាល

475

ខេត្តពោធិ៍សាត់៖ នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន សហការគ្នាជាមួយនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន នៅថ្ងៃទី១៥ ដល់១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះសិក្សាស្រាវជ្រាវ និងផលិតបទយកការណ៍ស្តីពី «ល្អាងគំនូរ» បុរាណ នៅឧទ្យាជាតិភ្នំក្រវាញកណ្តាល ខេត្តពោធិ៍សាត់។

តាមការបញ្ជាក់របស់លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ និងជាអ្នកជំនាញបុរាណវិទ្យា ឱ្យដឹងថា គំនូរក្នុងល្អាងនេះ ជាគំនូរដែលមានវ័យចំណាស់ ប៉ុន្តែយើងក៏មិនហ៊ានសន្និដ្ឋានថាអាយុប៉ុន្មាននោះទេ ពីព្រោះការឱ្យអាយុទៅលើស្នាដៃសិល្បៈមួយ យើងត្រូវតែមានការសិក្សាដែលមានការចូលរួមពីអ្នកបច្ចេកទេស និងការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ។ លោកគិតថា ថ្ងៃណាមួយ អាចមានអ្នកដែលចាប់អារម្មណ៍ផ្នែកគំនូរនៅរូងភ្នំ ពួកគេអាចនឹងមកសិក្សាស្រាវជ្រាវនៅទីនេះ ដើម្បីឱ្យវាមានកាលបរិច្ឆេទត្រឹមត្រូវ។

លោកបន្តឱ្យដឹងទៀតថា គំនូរនៅក្នុងល្អាងនេះ គឺគេគូរប្រើប្រាស់ថ្នាំប្រភេទពណ៌ក្រហម និងមានស្នាមឆ្កូតខ្លះដើម្បីឱ្យចេញជារូបរាង។ អ្វីដែលសំខាន់ គឺយើងឃើញរូបពាក់ព័ន្ធនឹងសត្វព្រៃ ដូចជា ដំរី ក្តាន់ ប្រើស ជ្រូកព្រៃ ជាដើម។ ការគូរ មិនមានលក្ខណៈល្អ ឬច្បាស់អ្វីទេ ប៉ុន្តែវាគឺជាចំណុចពិសេសមួយនៃតំបន់ភ្នំក្រវាញកណ្តាលនេះ ដែលបង្ហាញពីជីវិតប្រជាជនដែលគាត់ចេះប្រើប្រាស់ដំរី ជាមួយនឹងការរស់នៅជាមួយសត្វព្រៃដែលមាននៅក្នុងតំបន់ដែលពួកគាត់រស់នៅ។

លោកសង្ឃឹមថា ល្អាងគំនូរនេះ នឹងអាចជួយជំរុញឲ្យអ្នកសិក្សាស្រាវជ្រាវពីបុរេប្រវត្តិ និងការធ្វើកំណាយ ឲ្យបានច្បាស់ពីអាយុកាល ហើយល្អាងគំនូរនេះអាចទាក់ទាញភ្ញៀវទេសចរណ៍ដែលចូលចិត្តលម្ហែរតាមតំបន់ការពារធម្មជាតិ ហើយនឹងស្វែងរកនូវកន្លែងប្លែកៗ មកកម្សាន្តផងដែរ៕ ប្រភព៖ ក្រសួងបរិស្ថាន