ភូមិមួយនៅប្រទេសឥណ្ឌាបន់ស្រន់ព្រះនាងកូរ៉ូណាដើម្បីកំចាត់មេរោគទាំងនោះចេញ

108

ឡាក់ណាវ៖ ប្រភពពី Geo.tv បានឱ្យដឹងថា អ្នកភូមិមួយនៅក្នុងប្រទេសឥណ្ឌាបានសង់ទីសក្ការៈបូជាមួយជូនព្រះនាងកូរ៉ូណា ហើយកំពុងបន់ស្រន់សុំឱ្យព្រះនាងជួយរារាំងវីរុសដែលបានបំផ្លាញអាយុជីវិតមនុស្សជាច្រើននៅក្នុងប្រទេសនេះ។ អ្នកកាន់សាសនានៅភូមិ Shuklapur នៅភាគខាងជើងរដ្ឋ Uttar Pradesh បានធ្វើពិធីបួងសួងដោយថ្វាយទឹកបរិសុទ្ធនិងផ្កាភ្ញីនៅចេតិយពណ៌លឿងដែលពួកគេបានដាក់រូបព្រះនាងកូរ៉ូណាចាប់តាំងពីពួកគេបានអភិសេកនៅក្នុងសប្តាហ៍នេះ។

អ្នកភូមិម្នាក់ឈ្មោះ Sangeeta បាននិយាយថា“ប្រហែលជាពួកយើងទទួលបានការអាណិតអាសូរពីព្រះនាងហើយ ទើបអ្នកភូមិរបស់យើងនិងអ្នកផ្សេងទៀតបានធូរស្បើយខ្លះ”។ ប្រទេសឥណ្ឌាបានរងគ្រោះយ៉ាងខ្លាំងដោយសារការកើនឡើងនៃមេរោគឆ្លងកាលពីខែមេសានិងឧសភា ប៉ុន្តែសញ្ញាអាក្រក់បំផុតក៏ត្រូវបានបញ្ចប់កាលពីពេលថ្មីៗនេះផងដែរ។ បើតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា អាជ្ញាធរបានរាយការណ៍ពីចំនួនអ្នកឆ្លងថ្មី ៨៤.៣៣២ នាក់។

បើតាមផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃសៅរ៍បានឱ្យដឹងថា វាគឺជាចំនួនតិចបំផុតប្រចាំថ្ងៃក្នុងរយៈពេលជាងពីរខែកន្លងទៅនេះ។ បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលជំងឺកូវីដ-១៩ បានសម្លាប់មនុស្ស ៣៦៧.០៨១ នាក់នៅក្នុងប្រទេសឥណ្ឌា រីឯការបន់ស្រន់របស់អ្នកភូមិមិនទាន់ត្រូវបានឆ្លើយតបយ៉ាងណានោះទេ។ ប៉ុន្តែនៅតែមានអ្នកឆ្លងខ្លះទៀតនៅក្នុងស្រុកនេះ ទោះជាយ៉ាងនោះក្តីចំនួននេះក៏នៅតែទាបជាងចំនួនដែលបានកើតមាននៅដំណាក់កាលរាតត្បាតផងដែរ៕