មិនធម្មតា! ម៉ែ Sitang Buathong ឬយាយក្រវីសក់ បង្ហើបពីមូលហេតុដែលគាត់ សម្រេចចិត្តទៅកែកុនមុខមួយឈុតធំលើកនេះ

ក្រោយពី Idol ជើងចាស់ Sitang Buathong ឬរហស្សនាមថា យាយក្រវីសក់ បានបង្ហាញរូបភាព ពីផ្ទៃមុខរបស់គាត់ដែលពោរពេញទៅដោយបង់ក្រណាត់រុំពេញមុខ បន្ទាប់ពីគាត់ទើបតែធ្វើការកែកុនមុខសារជាថ្មី ជាមួយសារសសេរភ្ជាប់ថា “រង់ចាំមើលភាពស្រស់ស្អាត នរណាគេនៅទីនេះខ្លះសូម Comment ម្នាក់មួយមក សុំក្រវីបន្តលែងចាំហើយណា”

ចុងក្រោយបង្អស់ ខាងម៉ែ Sitang បានផ្តល់បទសម្ភាសជាមួយសារព័ត៌មានក្នុងស្រុកថា ៖

“សុំនិយាយថា ខ្ញុំធ្វើវាច្រើនណាស់ លើកនេះវេជ្ជបណ្ឌិតបានកែសំរួលទម្រង់មុខរបស់ខ្ញុំ បូករួមទាំងការកាត់ថ្គាមចេញ ធ្វើឱ្យផ្ទៃមុខមានទម្រង់ V ជាងមុន ព្រមទាំងធ្វើចង្កា ធ្វើបបូរមាត់ និងដើមទ្រូងផងដែរ ។ នៅពេលនេះ មុខរបស់ខ្ញុំចាប់ផ្តើមស្រក់ហើមខ្លះៗហើយ។ ប្រហែលមួយខែទៀត ខ្ញុំនឹងមកទាញ់មុខម្តងទៀតដើម្បីឲ្យវាកាន់តែតឹងណែន និងរលោង”

អ្នកសារព័ត៌មានសួរទៀតថា ៖ តើប្រើថវិកាអស់ប៉ុន្មានដែរក្នុងការកែសម្ផស្សលើកនេះ?

យាយ Sitang៖ “អស់រាប់លាន ពីព្រោះវាមានជំហានជាច្រើន មិនត្រឹមតែការបញ្ចប់នោះទេ   យើងត្រូវថែរក្សាវាបន្តទៀត” ។

អ្នកសារព័ត៌មានសួរទៀតថា៖ ហេតុអ្វីបានជានៅសុខៗ ម៉ែ Sitang សម្រេចចិត្តទៅកែសម្ផស្សមួយឈុតធំបែបនេះ?

យាយ Sitang៖ “ចំពោះហេតុផលដែល ធ្វើឲ្យខ្ញុំសម្រេចមកកែសម្ផស្សដូច្នេះ ព្រោះមួយរយៈនេះមិនសូវមានការងារ ក្រុមការងារថតកុនគេឈប់សម្រាកអស់ហើយ ដូច្នេះខ្ញុំក៏សម្រេចចិត្តធ្វើនៅពេលនេះតែម្តង ម្យ៉ាងវាមានពេលសម្រាកព្យាបាលពេញលេញផង ។

ហើយក្រៅពីនេះខ្ញុំក៏កំពុងតែត្រៀមចេញ ទៅថតខ្សែភាពយន្តនៅបរទេសដែរ ដូច្នេះខ្ញុំត្រូវត្រៀមខ្លួនឲ្យរួចរាល់ មិនចាំដល់ពេលទេ ព្រោះក្នុងរឿងនោះខ្ញុំគឺជាតួឯកផង ដូច្នេះខ្ញុំត្រូវត្រៀមខ្លួនយ៉ាងណាឲ្យស្អាតបន្តិច” ៕

ប្រភព៖ Khaosod