អ្នកដំណើរជាង ១០០ នាក់បានរងរបួសនិង ៣៥ នាក់បានស្លាប់នៅក្នងហេតុការណ៍រថភ្លើងបុកគ្នា

296

ទីក្រុងមូតាន៖ កាលពីព្រឹកថ្ងៃចន្ទនៅភាគខាងត្បូងប្រទេសប៉ាគីស្ថានមានរថភ្លើងចំនួនពីរបានបុកគ្នា។ នៅក្នុងហេតុការណ៍នេះបានធ្វើឱ្យអ្នកដំណើរយ៉ាងហោចណាស់ ៣៥ នាក់បានស្លាប់។ ខណៈពេលនេះផងដែរក្រុមជួយសង្គ្រោះនិងអ្នកភូមិបានជួយទាញមនុស្សដែលរងរបួសនិងសាកសពជាច្រើននាក់ចេញពីបំណែកនៃទូររថភ្លើង។ បើតាមលោក Umar Tufail ជាអធិការនគរបាលក្រុង Ghotki បាននិយាយថា ការប៉ះទង្គិចបានកើតឡើងមុនពេលព្រឹកព្រលឹម។

អ្នកដំណើរពី ១៥ ទៅ ២០ នាក់កំពុងតែជាប់នៅក្នុងបំណែកនៃទូររថភ្លើង Millat Express ហើយអាជ្ញាធរកំពុងព្យាយាមរៀបចំគ្រឿងចក្រធុនធ្ងន់ដើម្បីជួយសង្គ្រោះអ្នកដំណើរ។ ពលរដ្ឋក្នុងតំបន់បានប្រញាប់ទៅកាន់កន្លែងកើតហេតុនៅពេលយប់ហើយពួគេបានលឺសម្រែករបស់អ្នកដំណើរដង្ហោយរកជំនួយពីទូររថភ្លើងដែលក្រឡាប់។ លុះព្រឹកឡើងគ្រឿងចក្រធុនធ្ងន់បានមកដល់ដើម្បីកាត់ផ្តាច់ទូររថភ្លើងដោយសង្ឃឹមថានឹងជួយសង្គ្រោះមនុស្សជាច្រើនដែលកំពុងតែជាប់នៅខាងក្នុង។

ទន្ទឹមគ្នានោះដែរក្រុមយោធានិងឧទ្ធម្ភាគចក្រត្រូវបានដាក់ពង្រាយដើម្បីជួយនៅក្នុងហេតុការណ៍ដ៏អាក្រក់មួយនេះ។ លោកស្នងការរង Usman Abdullah បាននិយាយថា នៅម៉ោងប្រហែល ៣:៣០ នាទីព្រឹករថភ្លើងទីមួយឈ្មោះMillat Expresss បានធ្លាក់ចេញពីផ្លូវ។ ចំណែកឯរថភ្លើងទីពីរឈ្មោះ Sir Syed Express បានបុករថភ្លើងទីមួយ។ មកដល់ពេលនេះគេមិនទាន់ដឹងច្បាស់ពីមូលហេតុដែលរថភ្លើងទីមួយធ្លាក់ផ្លូវនោះទេ។

អ្នកបើកបររថភ្លើងទីពីរបាននិយាយថា គាត់ជាន់ហ្វ្រាំងរថភ្លើងដែលគាត់កំពុងតែបើកបរ ប៉ុន្តែនៅតែមិនអាចចៀសផុតពីការប៉ះទង្គិចគ្នាបានទេ។ លោក Tufail បានបន្តថា បញ្ហាប្រឈមសម្រាប់ពួកយើងគឺការជួយសង្គ្រោះអ្នកដំណើរទាំងនោះដែលកំពុងជាប់នៅក្នុងទូរថភ្លើងដែលបាក់បែកឱ្យបានលឿនបំផុត។ យោងតាមលោក Abdullah បានបន្ថែមថា នៅពេលនេះចំនួនអ្នកស្លាប់បានកើនឡើងជាលំដាប់រហូតដល់ ៤០ នាក់។

ក្រុមមន្រ្តីបាននិយាយថា អ្នកដំណើរជាង ១០០ នាក់បានរងរបួសហើយអ្នកដែលរងរបួសធ្ងន់នឹងត្រូវបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យនៅក្នុងទីក្រុងក្បែរនោះ។ យោងតាមមន្រ្តីផ្លូវដែកបានឱ្យដឹងថា អ្នកដំណើរប្រហែល ១១០០ នាក់នៅលើរថភ្លើងទាំងពីរ។ លោក Azam Swati ជារដ្ឋមន្រ្តីក្រសួងគមនាគមន៍ផ្លូវដែកបានធ្វើដំណើរឆ្ពោះទៅកាន់កន្លែងកើតហេតុ។ ចំណែកឯវិស្វករនិងអ្នកជំនាញកំពុងព្យាយាមកំណត់មូលហេតុនៃរថភ្លើងបុកគ្នារួមទាំងផលខូចខាត។

បើតាមលោក Habibur Rehman Gilani ប្រធានក្រុមហ៊ុនផ្លូវដែកប្រទេសប៉ាគីស្ថានបានប្រាប់ទូរទស្សន៍ Geo News ថាផ្លូវដែកនៅកន្លែងគ្រោះថ្នាក់នឹងត្រូវកែលម្អជាថ្មីឡើងវិញ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតលើសពីនេះទេ។ លោក Aijaz Ahmed ដែលជាអ្នកបើករថភ្លើងឈ្មោះ Sir Syed Express បានព្យាយាមចាប់ហ្វ្រាំងអស់ពីសមត្ថភាពដើម្បីចៀសឱ្យផុតពីគ្រោះថ្នាក់ប៉ុន្តែមិនបានសម្រេច។

មន្ត្រីផ្លូវដែកបាននិយាយថា លោក Ahmed បានរងរបួសស្រាលហើយអ្នកភូមិបានទាញគាត់ចេញពីក្បាលរថភ្លើងបន្ទាប់ពីការបុកគ្នារួច។ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះសោកនាដកម្មនេះដោយបាននិយាយនៅលើបណ្តាញសង្គម Twitter ថា លោកបានស្នើសុំឱ្យរដ្ឋមន្រ្តីផ្លូវដែកត្រួតពិនិត្យការងារជួយសង្គ្រោះហើយក៏បានបញ្ជាឱ្យធ្វើការស៊ើបអង្កេតលើការធ្លាក់នេះផងដែរ៕ ប្រភព៖ AP