តោះទៅស្គាល់ Fan Bing Bing សិនជិន នារីដែលចម្លងមុខ និងការរស់នៅកំពូលតារាជួរមុខចិន រហូតរកចំណូលបានច្រើនជាងម្ចាស់ដើមទៀត

សម្បូរសប្បាយខ្លាំងណាស់ សម្រាប់នារីជនជាតិចិនម្នាក់ឈ្មោះ He Zhengxi ឬ Fan Bing Bing សិនជិន ដែលរកប្រាក់បានប្រហែលកន្លះលានក្នុងមួយថ្ងៃ ពីការដែលនាងគ្រាន់តែមានមុខដូច តារាស្រីលំដាប់ជួរមុខរបស់ប្រទេសចិន។

ក្លែងក្លាយ vs ពិត

មិនអាចប្រកែកបានទេថា សព្វថ្ងៃនេះបន្ថែមលើសមត្ថភាពរបស់បុគ្គលម្នាក់ៗហើយ ចំពោះរូបរាងក៏សំខាន់ដែរ ដោយសារតែរូបរាងកាន់តែប្រសើរគុណសម្បត្តិកាន់តែច្រើន វាដូចជានាមប័ណ្ណទី ២ ដើម្បីរស់ក្នុងសង្គម។

ហើយវាគ្មានអ្វីចម្លែកទេដែលមនុស្សជាច្រើនចាប់អារម្មណ៍ នឹងការវះកាត់កែសម្ផស្ស ព្រោះតាំងពីអតីតកាល មកទាល់ឥឡូវនេះបច្ចេកទេស វះកាត់ក៏បានវិវឌ្ឍន៍ឆ្ងាយណាស់ដែរ។ វេជ្ជបណ្ឌិតអាចច្នៃសម្រស់ផ្ទៃមុខឲ្យល្អឥតខ្ចោះ ថែមទាំងអាចដូចតារាដែលយើងចូលចិត្តមួយណាក៏បាន រហូតដល់ពេលខ្លះ ស្ទើរតែមិនអាចបែងចែកបានថា នរណាពិត នរណាក្លែងក្លាយទៀតផង ។

ដូចជានារីរូបនេះជាដើម នាងមានឈ្មោះ He Zhengxi ដែលត្រូវបានគេស្គាល់ថាជា Fan Ye Bing ក្លែងក្លាយ គឺជាមនុស្សម្នាក់ដែលបានសំរេចចិត្ត ធ្វើការវះកាត់មុខដើម្បីឲ្យមើលទៅដូចជាតារាល្បី។ ដែលគំរូរបស់នាងគឺជាកំពូលតារាស្រីលំដាប់ជួរមុខរបស់ប្រទេសចិន គឺ Fan Bing Bing ។

នាងបានប្រាប់សារព័ត៌មានក្នុងស្រុកថា នាងធំឡើងមើលរឿងភាគរបស់ Fan Bing Bing ដូច្នេះនាងមានការចិត្តស្រឡាញ់តារាស្រីរូបនេះយ៉ាងខ្លាំង រហូតដល់ថ្នាក់ចង់មានមុខមាត់ស្រស់ស្អាត  ដូចជា Fan Bing Bing ទៀត រហូតដល់នាងធំដឹងក្តី វាក៏ក្លាយជាការជម្រុញទឹកចិត្តនាងទៅវះកាត់កែសម្ផស្ស ។

ដូចដែលប្រិយមិត្តដឹងហើយថា រហូតមកដល់សព្វថ្ងៃ ការវិវត្តនៃការវះកាត់ជឿនលឿនប៉ុណ្ណា ប៉ុន្តែវាក៏នៅតែមានគ្រោះថ្នាក់ខ្លាំងដែរ ជាពិសេសទម្រង់មុខរបស់ He Zhengxi ត្រូវតែកែតម្រូវច្រើន។ ប៉ុន្តែរឿងនោះមិនធ្វើឱ្យនាងបាក់ទឹកចិត្តទេ នាងនិយាយថានាងបានវះកាត់ចំនួន ៨ ដង ដោយចំណាយថវិកា ៨ លានយ័ន (ជាង ១ លានដុល្លារ) តែទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។

ទោះបីជាមិនដូច Fan Bing Bing ទាំងស្រុង ប៉ុន្តែមើលទៅស្រដៀងគ្នាខ្លាំងណាស់ នៅពេលនាងចេញទៅក្រៅម្តងៗ នាងតែងតែធ្វើឱ្យមានការភាន់ច្រឡំ។

មិនយូរប៉ុន្មាន នាងបាននាំខ្លួនឯងឈានជើងចូលក្នុងឧស្សាហកម្មកំសាន្ត។ ជាការពិតណាស់ ទោះបីជានាងមានទេពកោសល្យសំលេង និងសំដែងល្អក៏ដោយ ប៉ុន្តែមនុស្សមិនចាប់អារម្មណ៍នឹងចំណុចនោះទេ ព្រោះនាងមានមុខ និងរូបរាងស្រដៀងនឹងតារាស្រីល្បីឈ្មោះ រហូតកើតជាចរន្តមិនពេញចិត្តជាច្រើន ទាក់ទងនឹងរឿងខាងលើ ។ ដោយបណ្តាអ្នកគាំទ្រតារាស្រីល្បីឈ្មោះ ចេញមកនិយាយថាឲ្យ នាងឈប់លួចចំលងមុខរបស់ Fan Bing Bing ទៀត។

តែនៅក្នុងប្រទេសចិន មិនមែនមានតែនាងម្នាក់ដែលឆ្លៀតយកប្រយោជន៍ពីកេរ្តិ៍ឈ្មោះរបស់ Fan Bing Bing ទេ។ ក្នុងនោះវាក៏មាននិយោជកជាច្រើន ដែលទទួលបានអត្ថប្រយោជន៍ពីបញ្ហានេះដែរ។ ឧទាហរណ៍ក្រុមផលិតខ្សែភាពយន្តខ្នាតតូចមួយ ដែលបានទៅចូលរួមផ្សព្វផ្សាយ នៅមហោស្រពភាពយន្តអន្តរជាតិ Cane ពួកបានជ្រើសរើសយក He Zhengxi ជាតួឯក។

ហើយបានបង្ហាញខ្លួននៅលើកំរាលព្រំក្រហម ធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយបរទេសដែលមិនធ្លាប់ស្គាល់ បានយល់ច្រឡំថានាង គឺជា Fan Bing Bing ដែលជាកំពូលតារាស្រីលេខមួយនៅប្រទេសចិនដែរ ។

ហើយកាលថ្មីៗនេះ មានលេចព័ត៌មានមកថា បន្ទាប់ពីការរីករាលដាល់នៃជំងឺកូវីដ-១៩ នាងបានចាប់ផ្តើមងាកទៅរកការលក់តាមអនឡាញ។ ចាប់តាំងពីដើមឆ្នាំមុន នាងអាចរកចំណូលបានរហូតដល់ទៅ ១០០ ពាន់យ័ន ចំពេលមានការសង្ស័យថានាងអាចរកចំណូលបានច្រើនជាង Fan Bing Bing ទៅទៀត ៕

ប្រភព៖ cunman និង mgronline