រំជួលចិត្ត អាណិត Lady Gaga ណាស់ នៅពេលដែលនាងរៀបរាប់ទាំងទឹកភ្នែក ពីជីវិតនៅក្នុងភពអន្ធកាលរាប់ឆ្នាំ ទម្រាំអាចឈានមកដល់ចំណុចនេះ

កំពូលតារាចម្រៀងស្រី Lady Gaga គឺជាសិល្បករម្នាក់ទៀត ដែលបានចាប់ផ្តើមអាជីពតន្រ្តីតាំងពីក្មេង ប៉ុន្តែវិថីជីវិតរបស់នាងមិនត្រូវបានរោយដោយផ្កាកុលាប ដូចរំពឹងការទុកនោះទេ ព្រោះដោយសារតែនាងត្រូវប្រឈមមុខនឹងការបំពានផ្លូវភេទពីមុនមក ។

កាលពីពេលថ្មីៗនេះ Lady Gaga បានប្រាប់រឿងរ៉ាវនេះ តាមរយៈភាពយន្តឯកសាររឿង “The Me You Can’t See” ដែលចាក់ផ្សាយនៅលើ Apple TV + ថា នាងត្រូវបានផលិតករម្នាក់ចាប់បំពានរាងកាយ នៅពេលនាងមានអាយុទើបតែ ១៩ ឆ្នាំ ។

ជាការពិតណាស់ រឿងនេះ Lady Gaga ធ្លាប់បានបង្ហាញ តាំងពីឆ្នាំ ២០២០ មកម្លេះ ។ នាងបានជ្រើសរើសមិនបង្ហាញឈ្មោះផលិតករូបនោះទេ បើទោះបីជាហេតុការណ៍នោះ ក្លាយជាដំបៅប៉ះទង្គិចផ្លូវចិត្ត វិវត្តទៅជាជំងឺ PTSD (ជំងឺផ្លូវចិត្តធ្ងន់ធ្ងរ) ក៏ដោយ ។

នៅក្នុងភាពយន្តឯកសាររឿង “The Me You Can’t See” នាងបានលើកយករឿងរ៉ាវនេះ មកនិយាយម្តងទៀត ប៉ុន្តែលើកនេះ Lady Gaga បកស្រាយកាន់តែស៊ីជម្រៅជាងបទសម្ភាសន៍មុនៗ ធ្វើឲ្យទស្សនិកជននៅក្នុងកម្មវិធីរំជួលចិត្តជាខ្លាំង ។

“នៅពេលនោះខ្ញុំមានអាយុ ១៩ ឆ្នាំ ធ្វើការនៅក្នុងឧស្សាហកម្មកម្សាន្តនេះ។ ហើយផលិតករម្នាក់បានបញ្ជាឲ្យខ្ញុំ ‘ដោះសម្លៀកបំពាក់របស់ខ្ញុំចេញទាំងអស់’ ប៉ុន្តែខ្ញុំបានបដិសេធហើយដើរចេញ

ពេលនោះផលិតករបាននិយាយថា នឹងដុតបំផ្លាញចំរៀងរបស់ខ្ញុំចោលទាំងអស់ ហើយគាត់ក៏មិនឈប់ដែរ។ គាត់មិនបញ្ឈប់ការបង្ខំទេ រហូតដល់ខ្ញុំគាំង ហើយខ្ញុំមិនអាចចាំអ្វីទៀតទេ” ។

Lady Gaga បាននិយាយទាំងទឹកភ្នែក ជាច្រើនឆ្នាំក្រោយមក នាងចាប់ផ្តើមមានអារម្មណ៍ឈឺចាប់ និងស្ពឹក ដូច្នេះបានទៅមន្ទីរពេទ្យដើម្បីពិនិត្យរោគសញ្ញា ។

បន្ទាប់ពីការពិនិត្យរាងកាយយ៉ាងហ្មត់ចត់ គ្រូពេទ្យមិនបានរកឃើញភាពមិនប្រក្រតីទេ ដូច្នេះគ្រូពេទ្យក៏បានបញ្ជូនពេទ្យផ្លូវចិត្ត មកនិយាយជាមួយនាងវិញ ។

“ខ្ញុំមានអារម្មណ៍ឈឺចាប់នៅក្នុងខ្លួន និងស្ពឹក បន្ទាប់ពីឈឺអស់រយៈពេលជាច្រើនសប្តាហ៍ ខ្ញុំចាំបានថាការឈឺចាប់នេះ ដូចគ្នានឹងការឈឺចាប់ដែលត្រូវបានគេបំពានរហូតមានផ្ទៃពោះ

ហើយខ្ញុំត្រូវ​វិលត្រឡប់ទៅផ្ទះឪពុកម្តាយរបស់ខ្ញុំវិញ ព្រោះតែខ្ញុំក្អួត និងឈឺ។ ខ្ញុំត្រូវគេយាយី …  ខ្ញុំត្រូវបានគេឃាំងនៅក្នុងស្ទូឌីយោ អស់រយៈពេលជាច្រើនខែ” ។

លទ្ធផលទាំងអស់នេះ បានធ្វើឲ្យនាងធ្លាក់ចូលទៅក្នុងស្ថានភាព PTSD និងជំងឺ fibromyalgia ដែលបណ្តាលឱ្យឈឺសាច់ដុំ ដោយសារតែនាងមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។

នាងបានបន្តថា៖

“ការឈឺចាប់នេះ គឺដូចជាការឈឺចាប់នាពេលនោះ ខ្ញុំបានចូលទៅស្កេន MRI ញឹកញាប់ហើយរកមិនឃើញភាពខុសប្រក្រតីទេ ប៉ុន្តែរាងកាយរបស់ខ្ញុំចងចាំវា។ ខ្ញុំមិនទទួលបានអារម្មណ៍ដឹងឮអ្វីទាំងអស់ វាដូចជាខួរក្បាលរបស់ខ្ញុំធ្លាក់ចូលទៅក្នុងសភាពជាបគាំង

ខ្ញុំមិនដឹងមូលហេតុ ហើយក៏គ្មាននរណាម្នាក់ដែលគួរឲ្យសង្ស័យទេ ប៉ុន្តែហេតុអ្វីបានជាខ្ញុំចេះតែមាន អារម្មណ៍ខ្លាចរអាគ្រប់ពេលវេលា” ។

សម្រាប់ Lady Gaga ទម្រាំនាងអាចឆ្លងកាត់ ភាពអន្ធកាលនោះបាន នាងត្រូវចំណាយពេលដល់ទៅ ២ ឆ្នាំឯណោះ ទាំងទៅជួបគ្រូពេទ្យទទួលការព្យាបាល ហើយប្រើសំឡេងតន្ត្រីដើម្បីជួយ ។ អាចនិយាយបានថា ទម្រាំដល់ចំណុចនេះ វាគឺជារឿងមួយផ្សេងទៀតដែលធ្ងន់ធ្ងរសម្រាប់នាងណាស់ ៕

ប្រភព: insider, eonline