ចេះធ្វើបែបនេះទៅរួច! ស្ត្រីម្នាក់ ដេកនៅក្នុងមឈូសជាច្រើនម៉ោង ដើម្បីហាត់សមពិធីបុណ្យសពរបស់នាង (មានវីដេអូ)

327

សាន់ធាហ្កូ៖ លោកស្រី Mayra Alonzo អាយុ ៥៩ ឆ្នាំបានចំណាយពេលជាច្រើនម៉ោងដេកនៅក្នុងមឈូសមួយ ដើម្បីហាត់សមពីធីបុណ្យសពរបស់នាងនៅសាធារណរដ្ឋ Dominican។ នាងបានរៀបចំការហាត់សមនិងរៀបចំពិធីបុណ្យសពនៅផ្ទះរបស់នាងក្នុងទីក្រុង Santiago កាលពីចុងខែមេសា។

មិត្ដភក្ដិនិងក្រុមគ្រួសាររបស់នាងបានលានាងដោយលាយឡំនឹងទឹកភ្នែក។ គេមើលឃើញថា អ្នកខ្លះមើលទៅយំបានល្អជាងការពិតទៅទៀត ប៉ុន្តែក៏មានអ្នកដទៃទៀតនៅតែញញឹមនិងថតរូបភាពនៅលើទូរស័ព្ទរបស់ពួកគេថែមទៀតផង។ លោកស្រីបានស្លៀកពាក់តាមប្រពៃណីនៃការរៀបចំសពនិងចូលដេកក្នុងមឈូសពណ៌សដែលនាងបានជួល។

នាងបានពាក់មកុដនៅលើក្បាលហើយញាត់សំឡីនៅក្នុងរន្ធច្រមុះទាំងគូរបស់នាង។ បើយោងតាមគេហទំព័រព័ត៌មាន Listin Diario បានឱ្យដឹងថា តាមពិតវាជាពិធីជប់លៀងរបស់នាងទេ និងបានចំណាយប្រាក់អស់ប្រហែល ១០០០ ដុល្លាអាមេរិកសម្រាប់ការជួលមឈូសក៏ដូចជាអាហារសម្រន់សម្រាប់ទទួលភ្ញៀវរាប់សិបនាក់ផងដែរ។

លោកស្រី Alonzo បានពិពណ៌នាអំពីព្រឹត្តិការណ៍នេះថា សុបិនរបស់លោកស្រីបានក្លាយជាការពិតហើយនិងបានអរគុណដល់មិត្តភក្តិ ក្រុមគ្រួសារ និងអ្នកជិតខាងរបស់នាងដែលបានមកចូលរួមនិងជួយរៀបចំពិធីនេះ។ នាងបាននិយាយថា“ប្រសិនបើខ្ញុំស្លាប់នៅថ្ងៃស្អែក ខ្ញុំមិនចង់អោយនរណាម្នាក់ធ្វើអ្វីទេ ពីព្រោះខ្ញុំបានធ្វើវាពេញមួយជីវិតរួចទៅហើយ”។

តាមសេចក្តីរាយការណ៍បន្ថែមបានឱ្យដឹងថា នាងបានជូនពរដល់មនុស្សជាទីស្រលាញ់របស់នាងកុំអោយឆាប់ស្លាប់ពេក។ នាងប្រាប់ទៀតថា គ្រប់ពេលនៅក្នុងមឈូសមានភាពកក់ក្តៅនិងឯកោល្អណាស់។ អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះបានរិះគន់លោកស្រីចំពោះការធ្វើពិធីបុណ្យសពក្លែងក្លាយខាងលើ នៅពេលដែលមានមនុស្សជាច្រើនស្លាប់ដោយសារជំងឺកូវីដ។

អ្នកប្រើបណ្តាញសង្គមម្នាក់ទៀតបានសរសេរថា មានមនុស្សច្រើនណាស់ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ដោយសារតែជំងឺកូវីដ-១៩។ ទន្ទឹមគ្នានោះដែរលោកស្រីបានឆ្លើយតបវិញថា”ដោយសារតែមានមនុស្សស្លាប់ក្នុងកំឡុងពេលមានជំងឺរាតត្បាត ដូច្នេះនាងត្រូវតែអបអរចំពោះជីវិតរបស់នាងទៅនឹងពិធីបុណ្យសពក្លែងក្លាយនេះ”៕ ប្រភព៖ Dialy Mail