បុរសជនជាតិឥណ្ឌា ដែលបានបាត់បង់ប្រពន្ធ និងកូនមិនទាន់កើតដោយសារកូវីដ គាត់បានចែករំលែកសារចុងក្រោយរបស់នាងនៅក្នុងវីដេអូដ៏ក្រៀមក្រំ (មានវីដេអូ)

ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់ បានចែករំលែកវីដេអូភរិយារបស់គាត់ ដែលត្រូវបានថតតែប៉ុន្មានថ្ងៃមុនពេលនាងស្លាប់ដោយសារកូវីដ នាងបានប្រាប់ឲ្យមានការប្រុងប្រយ័ត្នចំពោះវិរុសនេះ និងស្នើសុំឱ្យប្រជាជនពាក់ម៉ាស។

លោក Ravish Chawla បានប្រាប់កាសែត The Independent ថា “ នៅពេលនេះខ្ញុំចង់បិទពិភពលោកនេះ ប៉ុន្តែខ្ញុំជាមនុស្សសាមញ្ញ ខ្ញុំមិនចង់ឲ្យនាងស្លាប់ទេ តែខ្ញុំមិនអាចធ្វើអ្វីបាន”។

ភរិយារបស់គាត់ គឺវេជ្ជបណ្ឌិត Dimple Arora Chawla អាយុ ៣៤ ឆ្នាំ បានស្លាប់នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១ មួយថ្ងៃបន្ទាប់ពីកូនរបស់នាងស្លាប់នៅក្នុងផ្ទៃ។ នាងបានឆ្លងវីរុសនេះ នៅពេលនាងមានផ្ទៃពោះបាន ៧ ខែ។

“ ខ្ញុំទើបតែបានឮពីសមាជិកគ្រួសារម្នាក់និយាយថានាងកំពុងពិភាក្សានៅក្នុងខែធ្នូអំពីកង្វះការសិក្សាលើករណីកូវីដចំពោះស្ត្រីមានផ្ទៃពោះ។ នាងចង់ស្រាវជ្រាវអំពីរឿងនេះ” ។

វេជ្ជបណ្ឌិត Arora Chawla (ភរិយារបស់លោក Chawla) នាងបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវះកាត់ធ្មេញ នាងតែងតែប្រុងប្រយ័ត្នចំពោះករណីកូវីដ ។ នាងតែងតែធ្វើតេស្តរៀងរាល់ ៣ ទៅ ៤ ខែម្តង។ នាងតែងតែពាក់ម៉ាស និងសម្លៀកបំពាក់ PPE នៅពេលបោះជំហានចេញក្រៅ” ។

គាត់បាននិយាយថាវីរុសឆ្លងទៅប្រពន្ធរបស់គាត់ទាំងមិនដឹងខ្លួន។ គាត់បាននិយាយថា “ យើងរស់នៅក្នុងក្រុមគ្រួសារមានសមាជិកច្រើន ហើយវីរុសនោះបានឆ្លងទៅកាន់សមាជិកណាម្នាក់ដោយយើងមិនបានដឹង” ។

ភរិយារបស់គាត់បានធ្វើតេស្តវិជ្ជមានកូវីដនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១។ លោក Chawla បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Press Trust of India នៅក្នុងបទសម្ភាសន៍មុននេះថា នាងមិនហ៊ានលេបថ្នាំជាច្រើនទេ ហើយថែមទាំងចៀសវាងការថតស្គេន CT ព្រោះនាងគិតថាវាអាចបង្កគ្រោះថ្នាក់ដល់ទារក ។ នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីពីរបីថ្ងៃនៅពេលដែលកម្រិតអុកស៊ីសែនរបស់នាងស្រាប់តែធ្លាក់ចុះ។

នាងត្រូវបានគេព្យាបាលដោយថ្នាំ Remdesivir និងការព្យាបាលប្លាស្មា ប៉ុន្តែនាងបានចាប់ផ្តើមឈឺចាប់នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២១ នៅក្នុងពោះរបស់នាង ហើយអេកូបានបង្ហាញថានាងបានបាត់បង់កូនរបស់នាង។  ក្រោយមកនាងបានស្លាប់ទៅតាមកូននៅថ្ងៃបន្ទាប់។

កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនលោក Chawla បានបង្ហោះវីដេអូ Twitter មួយដែលវេជ្ជបណ្ឌិត Arora Chawla (ប្រពន្ធលោក Chawla) ត្រូវបានគេមើលឃើញគេងនៅលើគ្រែ ដោយនាងជំរុញឱ្យទស្សនាយកចិត្តទុកដាក់ចំពោះការគំរាមកំហែងនៃជំងឺឆ្លង។ “ ខ្ញុំពិតជាចង់ប្រាប់អ្នកទាំងអស់គ្នាកុំអោយពួកគេមើលស្រាលជម្ងឺនេះ ។ សុខភាពខ្ញុំកាន់តែចុះខ្សោយ … ខ្ញុំមិនអាចនិយាយបានយូរទេ។

“ ខ្ញុំពិតជាចង់ផ្ញើសាររបស់ខ្ញុំទៅមនុស្សទាំងអស់ សូមពាក់ម៉ាសនៅពេលណាដែលអ្នកចេញក្រៅ និងពេលណាដែលអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សផ្សេងៗ ដើម្បីសុវត្ថិភាពសម្រាប់ខ្លួនអ្នក និងសុវត្ថិភាពអ្នកដែលនៅក្បែរអ្នក។

“ ខ្ញុំពិតជាមិនចង់អោយនរណាម្នាក់មានរោគសញ្ញាបែបនេះដូចខ្ញុំទេ។ សូមមានទំនួលខុសត្រូវ និងពាក់ម៉ាសនៅពេលអ្នកដើរចេញទៅខាងក្រៅ។ មានមនុស្សចាស់ ស្ត្រី មានផ្ទៃពោះ និងកុមារនៅក្នុងផ្ទះរបស់អ្នក ហើយផលប៉ះពាល់កាន់តែអាក្រក់ទៅៗ ប្រសិនបើអ្នកមិនបានប្រុងប្រយ័ត្ន ” ។

លោក Chawla បាននិយាយថាវីដេអូនេះត្រូវបានថតនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២១ ដើមឡើយគឺគ្រាន់តែសម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា “ នាងនឹងមានមោទនភាពដែលមនុស្សជាច្រើនបានយកចិត្តទុកដាក់ស្តាប់ (សាររបស់នាង) វីដេអូននេះក៏នឹងអាចជួយសង្គ្រោះជីវិតមនុស្សមួយចំនួន ឬធ្វើឲ្យជ្រួតជ្រាបដល់ប្រជាជនមួយចំនួន ជាពិសេសស្ត្រីមានផ្ទៃពោះ” ។

គាត់បានសម្រេចចិត្តចែករំលែកវីដេអូនេះជាសាធារណៈនៅថ្ងៃបុណ្យម្ដាយ ដែលជាថ្ងៃអាទិត្យនៅប្រទេសឥណ្ឌាសំរាប់កូនប្រុសរបស់ពួកគេ។ “ នាងនឹងមានមោទនភាព បើទោះបីជានាងបានចេញចេញពីពិភពលោកនេះក៏ដោយ ដោយសារនាងបានបន្សល់ទុកកេរ្តិ៍តំណែលសំរាប់កូនប្រុសរបស់នាងថាម្តាយរបស់គេគឺជាវីរនារីម្នាក់” ៕ ប្រភពពី៖ AP