ក្លាហានណាស់! អតីត Miss Grand Myanmar ឆ្នាំ ២០១៣ ចូលព្រៃនៅការ៉ែន ដើម្បីហ្វឹកហាត់ និងត្រៀមខ្លួនរួចជាស្រេចចំពោះរឿងដែលកើតឡើងក្នុងប្រទេស

កញ្ញា Htar Htet Htet អតីត Miss Grand Myanmar អាយុ ៣២ ឆ្នាំ បានចូលព្រៃរយៈពេលមួយខែ ដើម្បីហ្វឹកហាត់ទាហាន ត្រៀមខ្លួនលះបង់ជីវិត បដិសេធនឹងរបបផ្តាច់ការ ដែលបានចាក់ឫសអស់រយៈពេលជាង ៦០ ឆ្នាំ។

កាលពីថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២១ កញ្ញា Htar Htet Htet អតីត Miss Grand Myanmar ឆ្នាំ ២០១៣ ដែលមានអ្នកគាំទ្រជាង ៣,១ លាននាក់ បានបង្ហោះសារជាមួយរូបភាពតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងថា ៖

នាងនិងមិត្តភក្តិ បានធ្វើដំណើរចេញពីទីក្រុងយ៉ាំងហ្គោនទៅកាន់ព្រៃ ក្នុងរដ្ឋការ៉ែន ដើម្បីហ្វឹកហាត់ជាមួយអង្គការការពារជាតិការ៉ែន (KNDO) និងនិស្សិតកងកំលាំង United Defense Force (UDF) រហូតមកដល់ថ្ងៃនេះ មានរយៈពេលជាងមួយខែ និង ១១ ថ្ងៃហើយ ។

បន្ថែមពីលើនេះ នៅក្នុងទំព័រហ្វេសប៊ុករបស់នាងក៏បានបញ្ជាក់ដែរថា “នាងត្រៀមខ្លួនរួចជាស្រេច ជាមួយគោលដៅ គឺបដិសេធនឹងរបបផ្តាច់ការ ដែលបានចាក់ឫសអស់រយៈពេលជាង ៦០ ឆ្នាំមកហើយ” ។

សូមបញ្ជាក់ផងដែរថា កញ្ញា Htar Htet Htet គឺជា Miss Grand តំណាងឱ្យប្រទេសមីយ៉ាន់ម៉ា ឆ្នាំដំបូងបង្អស់ នៃការប្រកួត Miss Grand International ប្រចាំឆ្នាំ ២០១៣ ដែលប្រព្រឹត្តឡើងនៅក្នុងប្រទេសថៃ ៕

ប្រភព៖ AP